ឯកឧត្តម ប៉ាន សូរស័ក្តិ៖ បានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹង ចំពោះសារនយោបាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ គឺ “អរគុណសន្តិភាព” ដែលមានតម្លៃមិនសាបសូន្យ មិនថាកន្លងមក ថ្ងៃនេះ និងថ្ងៃក្រោយ

13 01 2020

(កំពង់ចាម)៖ ថ្លែងក្នុងឱកាសសម្ពោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ សាលាបុណ្យ និង សមទ្ធិផលនានា នៅវត្តកុមារាជ្យ ឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្ម និង ជាប្រធាន ក្រុម ការងារថ្នាក់ជាតិ ចុះមូលដ្ឋាន ស្រុកព្រៃឈរ និង ស្រុកបាធាយ បានសម្តែង នូវការគាំទ្រយ៉ាងពេញទំហឹង ចំពោះសារនយោបាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺ “អរគុណសន្តិភាព” ដែលមានតម្លៃមិនសាបសូន្យ មិនថាកន្លងមក ថ្ងៃនេះ និង ថ្ងៃក្រោយ។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណ និង វាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ក្រុមការងារឃុំបឹងណាយ ដែលបាន ចំណាយពេលវេលា និងធនធានជាច្រើន ក្នុងការ ជួយឧបត្ថម្ភ និងអភិវឌ្ឍន៍ឃុំ ក្នុងនោះ បានឧបត្ថម្ភដល់ ស្រ្តី ឆ្លងទន្លេ គ្រួសារសព គ្រួសារជនពិការ ចាស់ជរាខ្វះទីពឹង ជួសជុលប្រព័ន្ធ ផ្លូវថ្នល់ ប្រឡាយទឹក សាលារៀន និង វត្តអារាមជា ដើម។
ទន្ទឹមគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានរំលេចពីសមទ្ធិផល ធំៗ​យ៉ាង​ច្រើន ដែលកើតចេញ កិច្ចខិតខំអនុវត្ត កម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ​សម្រាប់នីតិកាលទី៦ ដែលបានដាក់ចេញ កាលពីខែកញ្ញា ឆ្នាំ២០១៨ ដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា សម្រេចបាន គួរជាទីមោទនៈដូចជា៖
- សន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់​សាធារណៈ ត្រូវបានថែរក្សាការពារ យ៉ាងរឹងមាំ ធ្វើឱ្យប្រជាជនបាន​នឹងនចិត្ត រស់នៅយ៉ាងសុខសាន្ត សុខដុមរមនា។
- ដំណើរការកែទម្រង់រដ្ឋ ដ៏ស៊ីជម្រៅ និងទូលំទូលាយ​ត្រូវបាន​ជំរុញ ​អនុវត្តបន្តប្រកប ដោយឆន្ទៈមុតស្រួច និងកាន់តែ​មាន​ប្រសិទ្ធភាព ជាពិសេសកំណែទម្រង់ រដ្ឋបាលសាធារណៈ កំណែទម្រង់​ការគ្រប់គ្រង ​ហិរញ្ញវត្ថុសាធារណៈ កំណែទម្រង់វិមជ្ឈការ និង​វិសហមជ្ឈការ កំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ និង​ការប្រយុទ្ធ​ប្រឆាំង អំពើពុករលួយ។
- សន្តិភាព និង​ស្ថេរភាពនយោបាយ បាន​ធ្វើជាមូលដ្ឋាន​គ្រឹះដ៏រឹងមាំ​​ នៃ​ដំណើរការអភិវឌ្ឍសេដ្ឋកិច្ច កម្ពុជាឱ្យសម្រេចបានកំណើនខ្ពស់ប្រមាណ ៧,១% ក្នុងបរិការណ៍​អតិផរណាទាប អត្រាប្តូរប្រាក់មានស្ថិរភាព និងទុនបម្រុង​អន្តរជាតិ​បន្តកើនឡើង។
- លើមូលដ្ឋានសមិទ្ធកម្ម នៃវិស័យសេដ្ឋកិច្ច និងការបែងចែកផ្លែផ្កា នៃកំណើនសមធម៌ ក្នុងក្របខណ្ឌសង្គមទាំងមូល ធ្វើឱ្យជីវភាពរបស់ប្រជាជន កាន់តែមានភាពប្រសើរោឡើង ដែលឆ្លុះបញ្ចាំងតាមរយៈ ការកើនឡើង នៃផលិតផលក្នុងស្រុកសរុប ជាមធ្យមសម្រាប់មនុស្សម្នាក់ពី ១.៥៤៨ (មួយពាន់ប្រាំរយ​សែសិប​ប្រាំបី) ដុល្លារអាមេរិក ក្នុងឆ្នាំ២០១៨ ដល់ប្រមាណ ១.៦៧៩ (មួយពាន់​ប្រាំមួយរយចិតសិបប្រាំបួន) ដុល្លារអាមេរិក ក្នុងឆ្នាំ​២០១៩។ អត្រាភាពក្រីក្រ ត្រូវបានកាត់បន្ថយ មកក្រោម១០% នាពេលបច្ចុប្បន្ន ហើយអត្រាគ្មានការងារមានប្រមាណ ០,៣% ប៉ុណ្ណោះ។
ឯកឧត្តម រដ្ឋមន្រ្តីបាន បន្ថែមទៀតថា មានសន្តិភាព ទើបធានា​ការ​អភិវឌ្ឍ ប្រកបដោយចីរភាព និងជីវភាពរស់នៅ ដ៏សុខសាន្ត សម្បូរ​សប្បាយ របស់ប្រជាជន មានសន្តិភាពទើបធានា​ ដល់ការ​ស្ថិតស្ថេរ និងរីកចម្រើន នៃលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិសេរីភាព ហើយជោគជ័យ នៃដំណើរការអភិវឌ្ឍ និង​ភាពរឹងមាំនៃ​ប្រជាធិបតេយ្យ​ នឹងជះឥទ្ធិពលត្រឡប់មកវិញធានា ​នូវចីរភាព​នៃសន្តិភាព។ បើយើងបាត់បង់សន្តិភាពនោះ យើងនឹងត្រូវបាត់​បង់​អ្វីៗ ទាំងអស់។
នៅក្នុងឱកាសនោះ ឯកឧត្តម ប៉ាន សូរស័ក្តិ បានអំពាវនាវ ដល់​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងបងប្អូន ប្រជាពលរដ្ឋ​ទាំងអស់ ឲ្យចូលរួម ក្នុងការការពារសន្តិភាព ដែលយើងសម្រេច​បានមក ដោយលំបាកជាទីបំផុតនេះ ឱ្យរឹងមាំស្ថិតស្ថេរ​គង់វង្ស​ ជានិច្ច មិនអនុញ្ញាត ឱ្យកម្លាំងប្រតិកិរិយាណា​មកបំផ្លាញ ទៅវិញ​បាន​ឡើយ ទោះបីជាត្រូវបង់ដោយតម្លៃណាក្តី៕