ការចុះពិនិត្យតាមដានសកម្មភាព ការព្យាបាលបញ្ហាមាត់ធ្មេញ

១៣​ ០១ ២០២០

រាជធានី​ភ្នំពេញ៖ ក្រោយ​​ពី​កម្មវិធី "ការព្យាបាលសុខភាពមាត់ធ្មេញ ក្នុងគម្រោងសុខុមាលភាព កុមារកម្ពុជា កម្រិតទី២ ទី៣" បាន​ចាប់​ផ្ដើម​ដំណើរ តាម​រយៈ​​ការ​ចុះ​អនុស្សរណៈ ​រវាង​ក្រសួង​អប់រំ យុវជន និង​កីឡា និង​សាកលវិទ្យាល័យ ​ពុទ្ធិសាស្ត្រ ថ្នាក់​ដឹកនាំ​ក្រសួង​អប់រំ យុវជន និង​កីឡា​ បាន​ចុះ​ពិនិត្យ​ តាម​ដាន​សកម្មភាព​ការ​ព្យាបាល ​សុខភាព​មាត់​ធ្មេញ​កុមារ ដែល​ត្រូវ​បាន​ចាត់​ទុក​​ ជា​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​រាង​កាយ​មនុស្ស។

ក្រៅ​ពី​បញ្ហា​សុខភាព​មាត់​ធ្មេញ​ ថ្មីៗ​នេះ ក្រសួង​អប់រំ ក៏​ទើប​តែ​ចាប់​ផ្ដើម​យុទ្ធនាការ​ សុវត្ថិភាព​ចំណី​អាហារ​ តាម​សាលា​រៀន​ទាំង​នៅ​រាជធានី និង​បណ្ដា​ខេត្ត ដោយ​បាន​ចេញ​បម្រាម​ហាម​ឃាត់​ អាហារ​ចំនួន​ ៦​ប្រភេទ​ផង​ដែរ ដែល​នេះ​បាន​​បង្ហាញ​ ពី​ការ​ចិត្ត​ទុកដាក់​ខ្ពស់​របស់​ថ្នាក់​ដឹកនាំ​ ចំពោះ​សុខភាព​សិស្សានុសិស្ស​ ពិសេស​កុមារ​តូច​ៗ ដើម្បី​ធ្វើ​យ៉ាង​ណា​​បណ្ដុះ​ធនធាន ​មនុស្ស​ប្រកប​ដោយ​សុខភាព​ល្អ និង​សក្ដានុពល។

ការ​ចុះ​ត្រួត​ពិនិត្យ​នេះ ក្រោម​ការ​ដឹកនាំ​ ដោយ​លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការ​ ក្រសួង​អប់រំ យុវជន និង​កីឡា។ ក្រោយ​ពី​ការ​ចុះ​ពិនិត្យ​តាម​ដាន​ ការ​ព្យាបាល​នេះ​រួច លោក​ជំទាវ ​បាន​ក៏​បាន​ឆ្លៀត​បើក​​កិច្ច​ប្រជុំ​ ជាមួយ​នាយដ្ឋាន​ជំនាញ​ ដើម្បី​កំណត់​សាលា​គោលដៅ និង​កែប្រែ ​ឲ្យ​ទៅ​ជា​សាលា​គំរូ ខាង​ផ្នែក​សុខភាព​ចំណី​អាហារ​៕