ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន ចូលរួមរៀបចំវេទិកាសាធារណៈប្រចាំឆ្នាំស្តីពី “កសិកម្ម រុក្ខាប្រមាញ់ នេសាទ និងសម្បទានដីសេដ្ឋកិច្ច”

១៣​ ០១ ២០២០

នៅទីស្តីការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃចន្ទ ៤រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ បានរៀបចំវេទិកា សាធារណៈ ប្រចាំឆ្នាំស្តីពី “ កសិកម្ម រុក្ខាប្រមាញ់ នេសាទ និងសម្បទានដីសេដ្ឋកិច្ច ” ក្រោមអធិបតីភាព ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងដោយមាន ការអញ្ជើញចូលរួម ពីឯកឧត្តម លោកជំទាវ តំណាងក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី នាងកញ្ញា តំណាងក្រុមហ៊ុនឯកជន អង្គការជាតិ-អន្តរជាតិ សមាជិក សមាជិកាប្រមាណ ៥៥០នាក់។ ជារៀងរាល់ឆ្នាំក្រសួង បានរៀបចំវេទិកានេះឡើង គឺដើម្បីពិនិត្យ និងវាយតម្លៃលើរាល់សមិទ្ធផល ដែលសម្រេចបាននាឆ្នាំកន្លងមក ពិនិត្យ និងវាយតម្លៃលើវឌ្ឍនភាព នៃការអនុវត្តគម្រោង អភិវឌ្ឍសម្បទានដីសេដ្ឋកិច្ច គម្រោងអភិវឌ្ឍ វិស័យកសិកម្ម លើកយកបញ្ហាប្រឈមមក ពិនិត្យ និងដោះស្រាយ ទទួលយកនូវអនុសាសន៍ មតិ យោបល់ ចំណោទសួរ ពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីរៀបចំចងក្រងជាយុទ្ធសាស្រ្ត ឬយន្តការដោះស្រាយ ឲ្យបានស៊ីជម្រៅ ទាន់ពេល និងមានប្រសិទ្ធភាព នូវរាល់បញ្ហាពាក់ព័ន្ធ នឹងផែនការយុទ្ធសាស្រ្ត អភិវឌ្ឍវិស័យកសិកម្ម ក៏ដូចជាការអភិវឌ្ឍ សម្បទានដីសេដ្ឋកិច្ចផងដែរ។ ម៉្យាងវិញទៀត វេទិកានេះបាន ផ្តល់ឪកាសឲ្យគ្រប់ភាគី មានជាអាទិ៍៖ ក្រសួង ស្ថាប័នរដ្ឋ វិស័យឯកជន អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាល តំណាងសមាគម សហគមន៍ទាំងអស់ បានមកធ្វើការចែករំលែក នូវរាល់ចំណេះដឹង បទពិសោធន៍ ផ្តល់ជាគំនិត យោបល់ ឬយុទ្ធសាស្រ្តល្អៗ ក្នុងការអភិវឌ្ឍ ការការពារ និងគ្រប់គ្រង ដីសម្បទានសេដ្ឋកិច្ច ដែលធាតុចូលដ៏មានតម្លៃទាំងនេះ គឺជាគន្លឹះ ឬជាត្រីវិស័យសម្រាប់យើងទាំងអស់គ្នា ដើរឲ្យដល់គោលដៅ គឺធ្វើយ៉ាងណាសម្រេច ឲ្យបានចក្ខុវិស័យក្នុងការអនុវត្តគោលនយោបាយ កែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល ក្នុងវិស័យកសិកម្ម ជាពិសេសកម្មវិធី គោលនយោបាយយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ និងផែនការយុទ្ធសាស្ត្រ អភិវឌ្ឍន៍ជាតិ២០១៩-២០២៣ រួមចំណែកអភិវឌ្ឍវិស័យកសិកម្ម កំណើនសេដ្ឋកិច្ច ធានាសន្តិសុខស្បៀង ការនាំចេញ និងកំណើនប្រាក់ចំណូលក្នុងគ្រួសារ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តម ម៉ម អំណត់ រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការ រៀបចំវេទិកាសាធារណៈនា ពេលនេះបានអានមតិស្វាគមន៍ និងរាយការណ៍ ជូនអង្គពិធីជ្រាប ដោយសង្ខេបអំពីលទ្ធផល សម្រេចបាន បញ្ហាប្រឈម និងផែនការសកម្មភាព សម្រាប់អនុវត្តបន្ត។ បន្ទាប់មកឯកឧត្តម រដ្ឋមន្រ្តី ក្នុងនាមរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំក្រសួង លោកបានថ្លែងអំណរគុណជូនចំពោះវត្តមាន សមាជិក សមាជិកានៃអង្គពិធី និងវាយតម្លៃខ្ពស់ ចំពោះគ្រប់គាភី ពាក់ព័ន្ធទាំងអស់ ដែលបានខិតខំយកអស់កំលាំងកាយ ចិត្ត និងស្មារតីទទួលខុសត្រូវ ក្នុងការចូលរួម គាំទ្រ ផ្តល់ជាគំនិត និងកិច្ចសហការ បានយ៉ាងល្អប្រសើរ ធ្វើឲ្យក្រសួងសម្រេចទទួលបានសមិទ្ធផលធំៗ ជាច្រើនដូចអ្វីដែលឯកឧត្តម ម៉ម អំណត់ បានរំលេចជូនអង្គពិធី បានជ្រាបខាងដើម។ តែទោះជាយ៉ាង ណា យើងទទួលស្គាល់ហើយ ថាវិស័យកសិកម្ម មានការអភិវឌ្ឍ រីកចម្រើនទៅបាន ល្គឹកណាក្រសួង ស្ថាប័ន និងភាគីពាក់ព័ន្ធផ្សេងៗ ជាច្រើនទៀតចូលរួមគាំទ្រ និងសហការ ឲ្យបានពេញលេញបន្ថែមទៀត តាមគ្រប់ស្ថានការណ៍ ដោយឈរលើទិសដៅ និងប្រយោជន៍រួមតែមួយ គឺសម្រេចឲ្យបាននូវចក្ខុវិស័យ របស់រាជរដ្ឋាភិបាល ក្នុងការធ្វើទំនើបកម្មវិស័យកសិកម្ម មានលក្ខណៈប្រកួតប្រជែង បរិយាប័ន្ន ធន់នឹងការប្រែប្រួលអាកាសធាតុ និងនិរន្តរភាព ការធ្វើយន្តូបនីយកម្មកសិកម្ម ការលើកកម្ពស់ផលិតភាព ពិពិធភាវូបនីយកម្មដំណាំ សត្វនិងវារីវប្បកម្ម ការគ្រប់គ្រងសម្បទា ដីសដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាព ធានាចីរភាពបរិស្ថាន និងធនធានធម្មជាតិ ដែលនាំ ដល់ការកើនឡើង ប្រាក់ចំណូលគ្រួសារ រួចឈានទៅសម្រេច ឲ្យបាននូវមហិច្ឆិតារបស់រាជរដ្ឋាភិបាលនាឆ្នាំ២០៣០ និង២០៥០។
នាឳកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី បកស្រាយនូវសំណួរ និងដោះស្រាយបញ្ហាមួយចំនួន ដែលស្ថិតក្នុងដែន សមត្ថកិច្ចរបស់ ក្រសួង និងដោយឡែក ចំពោះបញ្ហាផ្សេងទៀត ទាមទារឲ្យគ្រប់តួអង្គពាក់ព័ន្ធ រួមទាំងរដ្ឋបាល ថ្នាក់ក្រោមជាតិ ពិនិត្យពិចារណា គិតគូដោះស្រាយជាលក្ខណ ប្រព័ន្ធដោយតម្កល់ផលប្រយោជន៍ជាតិ និងប្រជាជនជាធំ។ ដោយឡែកភាពអសកម្ម បញ្ហាប្រឈម និងសំណូមពរមួយចំនួនដែលកើតចេញ ពីការអភិវឌ្ឍសម្បទាន ដីសេដ្ឋកិច្ច ឯកឧត្តម រដ្ឋមន្រ្តីបានណែនាំឲ្យអគ្គលេខាធិការដ្ឋាន សម្បទានដីសេដ្ឋកិច្ចរៀបចំប្រជុំ អន្តរក្រសួង ជាបន្ទាន់មួយ ដើម្បីស្វែងរកគន្លឹះដោះស្រាយ ឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។