កម្ពុជា-ឡាវ ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ ដើម្បីជំរុញលំហូរទេសចរណ៍រវាងប្រទេសទាំងពីរ និងពីប្រទេសដទៃ

14 01 2020

(ប្រ៊ុយណេ)៖ នារសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ ឆ្លៀតឱកាស នៃការចូលរួមវេទិកា ទេសចរណ៍អាស៊ាន ២០២០ នៅប្រទេសប្រ៊ុយណេ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីទេសចរណ៍កម្ពុជា បានជួបពិភាក្សាទ្វេភាគី ជាមួយឯកឧត្តម គិកែវ ខាយ ខាំភិធូន រដ្ឋមន្ត្រីក្រសួងព័ត៌មាន វប្បធម៌ និងទេសចរណ៍ឡាវ ដោយបានពិភាក្សា ជំរុញការងារបន្ថែមទៀត ស្តីពីកិច្ចសហប្រតិបត្តិការ ទេសចរណ៍ រវាងប្រទេសទាំងពីរ រួមមាន៖

១៖ ជំរុញទេសចរណ៍បើកបរខ្លួនឯង (Self-driving Tour) រវាងប្រទេសទាំងពីរ ដោយធ្វើការសម្រួលបែបបទផ្សេងៗ ឲ្យមានភាពងាយស្រួលដល់អ្នកដំណើរ នៅពេលបើកបរឆ្លងកាត់ ព្រំដែន នៃប្រទេសទាំងពីរ។
២៖ ពិភាក្សាលើលទ្ធភាព ឲ្យមានការហោះហើរត្រង់ ពីប្រទេសឡាវ មកតំបន់ឆ្នេរសមុទ្រកម្ពុជា។
៣៖ ចែករំលែកបទពិសោធន៍ និងអភិវឌ្ឍន៍រួមគ្នា លើសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ក្នុងក្របខណ្ឌ នៃតំបន់តី្រកោណអភិវឌ្ឍន៍។
៤៖ ជំរុញឲ្យកាន់តែខ្លាំងឡើងថែមទៀត នៃកិច្ចសហប្រតិបត្តិការ ក្នុងក្របខណ្ឌអនុតំបន់នានា ដូចជា៖ កិច្ចសហប្រតិបត្តិការមហាអនុតំបន់ទន្លេមេគង្គ កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង កិច្ចសហប្រតិបត្តិការ ACMECS កិច្ចសហប្រតិបត្តិការ CLMV កិច្ចសហប្រតិបត្តិការ CLV។

ភាគីទាំងពីរបានសម្តែង នូវការពេញចិត្ត ចំពោះកិច្ចសហប្រតិបត្តិការកន្លងមក ក្នុងស្មារតីមិត្តភាព និងសាមគ្គីភាព ជាបងប្អូន ដែលធ្លាប់ឆ្លងកាត់ពេលវេលា ដ៏លំបាកពីអតីតកាល។ ភាគីទាំងពីរ ក៏បានឯកភាពគ្នា ជំរុញឲ្យមានការចុះអនុស្សរណៈ យោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ លើវិស័យទេសចរណ៍ ហើយភាគីឡាវ បានទទួលយកការអញ្ជើញរបស់ លោក ថោង ខុន រដ្ឋមន្ត្រីទេសចរណ៍កម្ពុជា មកទស្សនកិច្ច នៅកម្ពុជា នាពិធីបុណ្យសមុទ្រ លើកទី៩ ចុងឆ្នាំ២០២០ នៅកម្ពុជា។

សូមរំលឹកថា តាមស្ថិតិជាបឋម ឆ្នាំ២០១៩ កម្ពុជាបានទទួលស្វាគមន៍ ទេសចរបរទេស សរុបប្រមាណ ៦.៧លាននាក់ កើនឡើងប្រមាណ ៨% ក្នុងនោះរយៈពេល ១០ខែ ទេសចរឡាវមានចំនួន ២៦៤,២៤៣នាក់ ឈរនៅលំដាប់ទី៤ នៃទីផ្សារធំៗ ទាំង១០៕