អគ្គនាយកដ្ឋានកាំកុងត្រូល បើកវគ្គបណ្ដុះបណ្ដាលលើកទី២ អំពីច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់

១៤​ ០១​ ២០២០

(ភ្នំពេញ)៖ អគ្គនាយកដ្ឋានកាំកុងត្រូល បានបើកវគ្គបណ្ដុះបណ្ដាល​​ លើកទី២ អំពីច្បាប់​ ស្ដីពី​កិច្ច​ការពារអ្នកប្រើប្រាស់ ដែលប្រព្រឹត្តទៅក្រោមគណៈអធិបតី ឯកឧត្តម ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុក ជាអគ្គនាយកកាំកុងត្រូល ដោយមានការ​ចូលរួមពី ឯកឧត្តម លោក អគ្គនាយករង លោក លោកស្រី អនុប្រធានសាខា អនុ​ប្រធាន​ការិយាល័យ និងមន្រ្តី សរុបចំនួន ១៥០នាក់។
វគ្គបណ្ដុះ​​បណ្ដាលនេះ ប្រព្រឹត្តទៅចំនួនពីរថ្ងៃ ចាប់ពីថ្ងៃទី១៣-១៤ ខែមករា ឆ្នាំ២០២០ នៅអគ្គនាយកដ្ឋានកាំកុងត្រូល ក្នុងគោលបំណងដើម្បីពង្រឹងសមត្ថភាពផ្នែកច្បាប់ ​ដល់មន្រ្តីកាំកុងត្រូល ឱ្យយល់កាន់តែច្បាស់ និងស៊ីជម្រៅ។
នៅក្នុង​ឱកាស​នោះ ឯកឧត្តម ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាល បានមានប្រសាសន៍​ថា ក្រោយពីរាជរដ្ឋាភិបាលសម្រេចធ្វើការកែសម្រួលស្ថាប័ន មានសមត្ថកិច្ច​កាំកុងត្រូល​រួចមក យើងបានកសាងបទដ្ឋានគតិយុត្ត ជាច្រើន ដើម្បីពង្រឹងការងារក៏ដូចជា​អង្គភាព​​​ទាំងមូល​ ឱ្យ​កាន់តែមានប្រសិទ្ធភាព។
ជាមួយគ្នានេះដែរ ឯកឧត្តម គឹម មាសសុខសីហា អគ្គនាយករង ជាវាគ្មិន ក្នុងវគ្គបណ្ដុះបណ្ដាល បានធ្វើបទបង្ហាញលម្អិត លើច្បាប់ស្ដីពី​កិច្ចការពារ​អ្នក​ប្រើប្រាស់ តាមជំពូក និងមាត្រានីមួយៗ ដោយលើកឧទាហរណ៍ជាក់ស្ដែង​ ដែលធ្លាប់បាន​ជួបប្រទះ​កន្លងមក យកមកបង្ហាញ ដើម្បីសិក្ខាកាមទាំងអស់​ បានយល់ឱ្យ​កាន់តែ​ច្បាស់​។
ទន្ទឹមនឹងនេះដែរ ឯកឧត្តម ផាន អូន អគ្គនាយករង បានមានប្រសាសន៍ថា សូមឱ្យ​មន្រ្តីកាំកុង​ត្រូលទាំងអស់ យកចិត្តទុកដាក់ ក្នុងការអនុវត្តការងារ ប្រចាំថ្ងៃរបស់ខ្លួន ដោយប្រកាន់ជំហរលើច្បាប់ និងបទដ្ឋានគតិយុត្តរបស់យើង ដែលមានរួចមកហើយ គឺច្បាប់ស្ដីពីការគ្រប់គ្រងគុណភាព សុវត្ថិភាពលើផលិផលទំនិញ និងសេវា ច្បាប់ស្ដីពី​កិច្ចការ​ពារ​អ្នកប្រើប្រាស់ និងប្រកាស ស្ដីពីការកំណត់នីតិវិធី នៃការនាំចូលម្ហូបអាហារ ដើម្បីឱ្យការងារ របស់អង្គភាពទទួលបាន លទ្ធផលល្អ ។