សម្តេចក្រឡាហោម ស ខេង អនុញ្ញាតឲ្យសមាជិករដ្ឋសភាជប៉ុន ចូលជួបសម្តែងការគួរសម

១៤​ ០១​ ២០២០

នារសៀលថ្ងៃអង្គារ ទី១៤ ខែមករា ឆ្នាំ២០២០ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ បានអនុញ្ញាត​ឲ្យឯកឧត្តម KazuyukINAKANE សមាជិករដ្ឋសភា និងជាអតីត​រដ្ឋលេខាធិការ ក្រសួងការបរទេសជប៉ុន ព្រមទាំងសហការី ចូលជួបសម្តែងការគួរសម នាទីស្តីការក្រសួងមហាផ្ទៃ។

សម្ដេចក្រឡាហោម បានស្វាគមន៍ ចំពោះឯកឧត្តម KazuyukI NAKANE និងបានថ្លែងអំណរគុណ តាមរយៈឯកឧត្តម ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ រវាងកម្ពុជា និងជប៉ុន ជាពិសេសការចូលរួមចំណែក របស់រដ្ឋាភិបាលជប៉ុន និងប្រជាជនជប៉ុន ដល់ដំណើរការអភិវឌ្ឍន៍ប្រទេសកម្ពុជា មានដូចជា ជំនួយឥតសំណង និងជំនួយផ្សេងៗទៀត ដែលនេះជាការរួមចំណែក ដល់ការអភិវឌ្ឍរបស់កម្ពុជាមកដល់ពេលបច្ចុប្បន្ននេះ។

ជាមួយគ្នានោះដែរ ឯកឧត្តម KazuyukI NAKANE បានមានប្រសាសន៍ថា ឯកឧត្តមពិតជាមានក្តីរីករាយ ក្នុងការបំពេញទស្សនកិច្ចនៅកម្ពុជា ហើយឯកឧត្តមក៏អាចនិយាយថា ឯកឧត្តមជាសមាជិកសភាមួយរូប របស់ជប៉ុន ដែលបានធ្វើដំណើរ មកប្រទេសកម្ពុជាច្រើនជាងគេផងដែរ។ ជាងនេះទៅទៀត ឯកឧត្តមក៏មានទំនាក់ទំនងល្អ ជាមួយ នឹងមន្ត្រីរាជការ ក៏ដូចជាថ្នាក់ដឹកនាំមួយចំនួន នៅក្នុងខេត្តសៀមរាប ផងដែរ។ ឯកឧត្តម បានបន្ថែមថា តាមរយៈដំណើរទស្សនកិច្ច មកកម្ពុជាលើកនេះ ឯកឧត្តមពិតជាមើលឃើញ នៅវឌ្ឍនភាព របស់កម្ពុជា និងមើលឃើញយុវជនកម្ពុជា កាន់តែមានភាពរស់រវើក ក្នុងការចូលរួម ដល់ការអភិវឌ្ឍប្រទេស របស់ខ្លួនប្រកបដោយក្តីសង្ឃឹមផងដែរ។

ជាការឆ្លើយតប សម្ដេចក្រឡាហោម ក៍បានថ្លែងអំណរគុណ ចំពោះការវាយតម្លៃ របស់ឯកឧត្តមមក លើវឌ្ឍនភាពរបស់កម្ពុជា ក៏ដូចជាស្ថានភាពទូទៅ របស់កម្ពុជា។ សម្ដេចក៏បានជម្រាបផងដែរថា បច្ចុប្បន្ននេះរាជរដ្ឋាភិបាលកម្ពុជា មានគោលនយោបាយ លើកកម្ពស់ និងជំរុញលើកទឹកចិត្ត ដល់យុវជនកម្ពុជា ឲ្យចូលរួម នៅក្នុងសកម្មភាពនយោបាយ ក៏ដូចជាចូលរួម នៅក្នុងសកម្មភាព កសាង និងអភិវឌ្ឍសង្គមជាតិផងដែរ ជាពិសេស លើកកម្ពស់តួនាទី របស់ស្ត្រី នៅក្នុងសង្គម។ ជាងនេះទៀត សម្ដេចក្រឡាហោម ក៏បានជម្រាបថា នៅក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ គឺរដ្ឋាភិបាលបានយកចិត្តទុកដាក់ ជាច្រើនក្នុងការជំរុញ ដល់យុវជនវ័យក្មេង ដើម្បីចូលរួមនៅក្នុងសកម្មភាពសង្គម ហើយរាជរដ្ឋាភិបាល ក៏កំពុងតែខិតខំប្រើប្រាស់ នូវសក្តានុពល នៃធនធានមនុស្សវ័យក្មេងនេះ ក្នុងការអភិវឌ្ឍសង្គមជាតិ អោយកាន់មានប្រសិទ្ធភាពផងដែរ៕