បឹងកេតយកពាន Governor Cup ជាការតេស្ដសមាជិកថ្មី ដើម្បីត្រៀមរដូវកាលឆ្នាំ២០២០

15-01-2020

ក្លឹបបឹងកេតអែហ្វស៊ី បានធ្វើដំណើរទៅប្រទេសឥណ្ឌូនេស៊ីហើយកាលពីថ្ងៃអង្គារម្សិលមិញ ដើម្បីចូលរួមប្រកួត ពានរង្វាន់មិត្តភាព អន្ដរជាតិ Governor Cup 2020 ចាប់ពីថ្ងៃទី១៧-១៩ ខែមករាខាងមុខ គ្រាដែលលោក បែ មករា អគ្គលេខាធិការក្លឹបជើងឯក ៣សម័យកាលនេះ បានចាត់ទុកការចូលរួមនេះ គឺជាឱកាសធ្វើតេស្ដសមាជិកថ្មីរបស់ខ្លួន ដើម្បីត្រៀមរដូវកាលថ្មីឆ្នាំ២០២០ ។គួរដឹងថា ពានរង្វាន់មិត្តភាពអន្ដរជាតិលក្ខណៈ Pre-Season នេះ គឺមាន ៤ក្រុមមកពី ៤ប្រទេសចូលរួម ដូចជាក្រុមបឹងកេត តំណាងប្រទេសកម្ពុជា ក្រុម Felda United មកពីម៉ាឡេស៊ី ក្លឹប Geylang International មកពីសិង្ហបុរី និងក្លឹប PSMS Medan របស់ម្ចាស់ផ្ទះឥណ្ឌូនេស៊ី ។ មុនចេញដំណើរលោក បែ មករា បានលើកឡើងថា ការចូលរួមនេះ គឺទទួលបានផលចំណេញច្រើន សម្រាប់ក្រុមក្នុងការពង្រឹងសមត្ថភាពត្រៀមរដូវកាលថ្មី ហើយក្លឹបនឹងផ្ដល់ឱកាសច្រើនដល់កីឡាករក្មេងៗ ពិសេសសមាជិកថ្មី ក្នុងការបង្ហាញសមត្ថភាព ដើម្បីជាការតេស្ដសមត្ថភាព និងទម្រង់លេងជាក្រុមផងដែរ ។