មេទ័ពកម្ពុជាធ្វើទស្សនកិច្ចជាលើកដំបូង នៅប្រទេសមីយ៉ានម៉ា ក្នុងប្រវត្តិសាស្ត្ររយៈកាល៦៥ឆ្នាំនៃទំនាក់ទំនងការទូតរវាងកម្ពុជា-មីយ៉ាន់ម៉ា

15-01-2020

នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ បានដឹកនាំគណៈ ប្រតិភូអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងចូលជួបពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ ផុតលេខ Min Aung Hlaing អគ្គមេបញ្ជាការនៃកងកម្លាំងការពារជាតិមីយ៉ាន់ម៉ា នៅឯទីក្រុងណៃពិដោរ ។ ក្នុងកិច្ចជំនួបនោះ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងអំណរគុណ ចំពោះការបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅរបស់ នាយឧត្តមសេនីយ៍ ផុតលេខ Min Aung Hlaing។
នាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងថា ឆ្នាំ២០២០នេះ គឺជាខួបលើកទី៦៥នៃទំនាក់ទំនងការទូត រវាងប្រទេស កម្ពុជា-មីយ៉ាន់ម៉ា ។ ដោយយោងតាមគោលបំណង របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចង់ឱ្យមានការ រៀបចំប្រារព្ធពិធីរំលឹកខួបលើកទី៦៥នេះ ឱ្យបានពិសេស ហេតុដូច្នេះហើយ ដើម្បីជាសក្ខីភាពក្នុងការពង្រឹងទំនាក់ទំនង កិច្ចសហប្រតិបត្តិការរវាង ប្រទេសទាំងពីរ លោកក៏បានដឹកនាំប្រតិភូមកទស្សនកិច្ចផ្លូវការ នៅប្រទេសមីយ៉ាន់ម៉ានាពេលនេះ។នាយឧត្តមសេនីយ៍ វង្ស ពិសេន បានបន្តទៀតថា ក្នុងដំណើរទស្សនកិច្ចនេះ លោកមានគោលបំណងចង់ ពង្រឹងពង្រីកកិច្ច សហប្រតិបត្តិការ ក្នុងវិស័យកងទ័ពនៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំដោយក្នុងនោះលោកស្នើឱ្យមានទំនាក់ទំនងកិច្ច សហប្រតិបត្តិការល្អជាមួយគ្នា លើការផ្លាស់ប្តូរព័ត៌មានការងារសន្តិសុខ ការរួមគ្នាបង្ក្រាបបទល្មើសឆ្លងដែន ភេរវកម្ម ការជួញ ដូរមនុស្ស ការជួញដូរគ្រឿងញៀន ការជួញដូរអាវុធ និងបន្តបន្ថែមការបណ្តុះបណ្តាលធនធានមនុស្ស ។ ជាកិច្ចឆ្លើយតប នាយឧត្តមសេនីយ៍ផុតលេខ Min Aung Hlaing បានថ្លែងថា នេះជាប្រវត្តិសាស្ត្រក្នុងរយៈកាល៦៥ឆ្នាំនេះ ដែលនេះជាលើកទីមួយ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ មកទស្សនកិច្ចនៅប្រទេសមីយ៉ានម៉ា។ នាយឧត្តសេនីយ៍ Min Aung Hlaing បន្តទៀតថា លោកឯកភាពនូវអ្វីដែលនាយឧត្តមសេនីយ៍ វង្ស ពិសេន បានលើកឡើងលើកិច្ចសហប្រតិបត្តិការនៃកងទ័ពទាំងពីរ ។នាថ្ងៃជាមួយគ្នានោះដែរ នាយឧត្តមសេនីយ៍ វង្ស ពិសេន ក៏បានបន្តចូលជួបសម្តែងការគួរសមចំពោះលោកស្រី អោង សាន ស៊ូជី ជាទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសនៃប្រទេសមីយ៉ាន់ម៉ា ។ នាយឧត្តមសេនីយ៍ វង្ស ពិសេន បាននាំមកនូវការផ្តាំ ផ្ញើសួរសុខទុក្ខពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ចំពោះលោកស្រី អោង សាន ស៊ូជី ។ នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា ដើម្បីឆ្លើយតបតាមគោលគំនិតរបស់សម្តេចតេជោ ហ៊ុន សែន អំពីខួបលើកទី៦៥ នៃទំនាក់ទំនងការទូត កម្ពុជា-មីយ៉ាន់ម៉ា លោក ក៏បានបង្កើតព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយ គឺទស្សនកិច្ចផ្លូវការរវាងអគ្គមេបញ្ជាការ កងយោធពល ខេមរភូមិន្ទ និងអគ្គមេបញ្ជាការ កងកម្លាំងការពារជាតិមីយ៉ាន់ម៉ា ដើម្បីជាសក្ខីភាព ក្នុងការពង្រឹង កិច្ចសហ ប្រតិបត្តិការរវាង ប្រទេសទាំងពីរ ។ នាយឧត្តមសេនីយ៍ ក៏បានសំណូមពរលោកស្រី អោង សាន ស៊ូជី ក្នុងការចូលរួមកិច្ចប្រជុំអាស៊ី អឺរ៉ុប ឆ្នាំ២០២០នេះ តាមការអញ្ជើញរបស់រាជរដ្ឋាភិបាលកម្ពុជា។ ជាកិច្ចឆ្លើយតប លោកស្រីបានយល់ព្រមក្នុងការចូលរួមកិច្ចប្រជុំអាស៊ី អឺរ៉ុប ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ។