ទាហាន៦០នាក់បាត់បង់ជីវិត ដោយសារការវាយប្រហាររបស់ក្រុមឧទ្ទាមហ៊ូទីនៅយេម៉ែន

19-01-2020

នាចុងសប្តាហ៍នេះ ក្រុមឧទ្ទាមហ៊ូទី (Houthi) បានបើកការវាយប្រហារ លើជំរំយោធាមួយកន្លែង នៅឯទីក្រុង Marib នៃ ភាគខាងត្បូង ប្រទេសយេម៉ែន ។ ការវាយប្រហារនោះ បានផ្តាច់ជីវិត កងទ័ពចំនួន៦០នាក់ និងបានបង្កឲ្យ ជាច្រើននាក់ទៀត របួស ។ នេះបើតាមការដកស្រង់ ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃអាទិត្យ ទី១៩ ខែមករា ឆ្នាំ២០២០ ។ប្រភពដើមនៃព័ត៌មានទាក់ទងនឹងការវាយប្រហារខាងលើ បានមកពីស្ថានីយទូរទស្សន៍របស់អារ៉ាប៊ីសាអូឌីត ដែល បានអះអាង ថា ការវាយប្រហារនោះ ត្រូវបានធ្វើឡើងដោយ ក្រុមឧទ្ទាម Houthi តាមរយៈការប្រើប្រាស់ យន្តហោះដ្រូន និងមីស៊ីល ហើយវា ទំនងជា ការសងសឹកចំពោះ ការវាយប្រហាររបស់ កងកម្លាំងយេម៉ែន ទៅលើទីតាំងក្រុម ឧទ្ទាមនៅភាគខាង កើតរដ្ឋធានី Sanaa ដែលបានធ្វើឲ្យ មនុស្សយ៉ាងហោច២២នាក់ នៃភាគីទាំងសងខាងស្លាប់ ។ គួរជម្រាបថា កាលពីឆ្នាំ២០១៤ ក្រុមឧទ្ទាម Houthi បានផ្តួលរំលំរដ្ឋាភិបាលយេម៉ែន ហើយចូលកាន់កាប់រដ្ឋធានី Sanaa ព្រមទាំង តំបន់មួយផ្នែកធំនៅភាគ ខាងជើងប្រទេសម៉ែន ។ ក្រោយមក អារ៉ាប៊ីសាអូឌីតក៏បានដឹកនាំ ក្រុមយោធាចម្រុះនៃបណ្តា រដ្ឋអារ៉ាប់ ដើម្បីកម្ចាត់ក្រុមឧទ្ទាមនេះ ហើយស្តាររដ្ឋាភិបាល របស់ ប្រធានាធិបតីធិបតី លោក Abd-Rabbu Mansour Hadi ឡើងវិញ ដែលបច្ចុប្បន្នមានមូលដ្ឋាននៅទីក្រុង Aden ភាគខាង ត្បូងប្រទេសយេម៉ែន ។ ក្រុមឧទ្ទាម Houthi ត្រូវគេជឿថា មានអ៉ីរ៉ង់នៅពី ក្រោយខ្នង ប៉ុន្តែពួកគេផ្ទាល់​ បានបដិសេធថា វាមិនពិត ឡើយ និងថាពួកគេកំពុងតែប្រយុទ្ធតទល់ជាមួយប្រព័ន្ធដែលពុករលួយ​ ។ មកទល់ពេលនេះ សង្រ្គាមស៊ីវិលនៅ ប្រទេសយេម៉ែន បានឈានចូលដល់ឆ្នាំទី៥ហើយ ហើយវាបានសម្លាប់មនុស្សអស់ជាង ១០,០០០នាក់ ធ្វើឲ្យជាង៣លាននាក់ត្រូវភៀសខ្លួន ព្រមទាំងបានរុញច្រានឲ្យប្រទេសនេះប្រឈមនឹងគ្រោះទុរ្ភិក្សធ្ងន់ធ្ងរ ថែមទៀត ។