ព្រះអង្គម្ចាស់ Harry បង្ហាញព្រះទ័យសោកសៅជាខ្លាំង ក្រោយការចាកចេញពីគ្រួសាររាជវង្ស

20-01-2020

ព្រះអង្គម្ចាស់ ហារី (Harry) បានលើកឡើងថា ទ្រង់ពិតជាមានអារម្មណ៍ សោកសៅយ៉ាងពន់ពេក ដែលនឹងត្រូវចាកចោលរាជកិច្ច បន្ទាប់ពីបានព្រមព្រៀង ជាមួយម្ចាស់ក្សត្រីយ៍ អេលីហ្សាប៊ែត (Elizabeth) ថា ព្រះអង្គ និងអ្នកម្នាង មេហ្គាន (Meghan) នឹងបោះបង់ចោល រាល់រាជកិច្ច ដើម្បីចាប់ផ្ដើមរស់នៅ ដោយឯករាជ្យ មិនពឹងផ្អែកលើព្រះរាជទ្រព្យ ។ នេះបើតាមការចេញ ផ្សាយដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃចន្ទ ទី២០ ខែមករា ឆ្នាំ២០២០ ។ ក្រុមប្រឹក្សាព្រះរាជវាំង​ បាក់ឃីងហាំ (Buckingham Palace) និងម្ចាស់ក្សត្រីយ៍ Elizabeth បានប្រកាសកាលពីថ្ងៃសៅរ៍ ចុងសប្ដាហ៍កន្លងទៅថា ព្រះអង្គម្ចាស់ Harry និងអ្នកម្នាង Meghan នឹងលែងជាសមាជិកដែល កំពុងបំពេញរាជកិច្ចនៃ រាជវង្សអង់គ្លេស ហើយមិនអាចប្រើប្រាស់ឋានៈជា​ រាជវង្សខ្ពង់ខ្ពស់ "Royal Highness" បានទៀតឡើយ ដោយនឹងត្រូវចាប់ផ្ដើម ជីវិតឯករាជ្យថ្មីមួយ ក្នុងនាមជាប្រជាជនសាមញ្ញ។ យ៉ាងណាក៏ដោយ ព្រះអង្គម្ចាស់ Harry បានបង្ហាញការសោកសៅជាខ្លាំង ដ្បិតលទ្ធផលបែបនេះ មិនមែនជាអ្វីដែលទ្រង់ និងនាក់ម្នាងចង់ បាននោះ ទេ តែវាជារឿងមួយដែលត្រូវសម្រេចចិត្ត ។ ព្រះអង្គម្ចាស់ Harry មានបន្ទូលដូច្នេះថា (ក្ដីសង្ឃឹមរបស់យើង គឺបន្តបម្រើ ម្ចាស់ក្សត្រីយ៍ និងរាជវង្សអង់គ្លេស និងសមាគមយោធារបស់ខ្ញុំ ដោយមិនចាំបាច់មានថវិការដ្ឋ ។ ប៉ុន្តែនេះគឺជារឿងដ៏ គួរឱ្យសោកសៅ ដែលមិនអាចធ្វើទៅរួច) ។ គួរបញ្ជាក់ថា នៅក្រោមការ សម្រេចព្រះទ័យរបស់ម្ចាស់ក្សត្រីយ៍ Elizabeth ព្រះអង្គម្ចាស់ Harry នៅតែជាព្រះអង្គម្ចាស់ម្នាក់ ហើយព្រះអង្គ និងអ្នកម្នាង Meghan នឹងបន្តកាន់តំណែង មួយចំនួនទៀត ដែលមិនអាចកាត់ផ្តាច់ សាច់ឈាម ពីញាតិវង្សទាំងស្រុងឡើយ ។ ព្រះអង្គទាំងពីរនឹង​ ចាប់ផ្ដើមជីវិតថ្មី ដោយបែងចែកពេល វេលារវាងអាមេរិកខាងជើង និងអង់គ្លេស ។ ប៉ុន្តែព្រះអង្គម្ចាស់ Harry និងអ្នកម្នាង Meghan មិនអាចចូលរួមក្នុង ព្រឹត្តិការណ៍រាជវង្សសំខាន់ៗ ហើយក៏មិនអាច ធ្វើដំណើរទស្សនកិច្ច តំណាងឱ្យរាជវង្សអង់គ្លេសបានទៀតដែរ​ ។