សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញចុះសួរសុខទុក្ខកងវិស្វកម្មលេខ ១៧៨ ស្ថាបនាផ្លូវក្រុងព្រះសីហនុ

18-01-2020

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ រួមជាមួយឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិ គ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រ កម្ពុជា  ( គ.អ.ឆ.ក ) អមដំណើរដោយ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម គួច ចំរើន អភិបាលនៃ គណៈអភិបាលខេត្តព្រះសីហនុ ព្រមជាមួយអស់លោក លោកស្រី សមាជិកគណៈកម្មាធិការជាតិ គ.អ.ឆ.ក នាយទាហាន មន្រ្តីមន្ទីរស្ថាប័នពាក់ព័ន្ធ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ បានអញ្ជើញជួប សំណេះសំណាល សាកសួរសុខទុក្ខជាមួយនាយ ទាហាន នាយទាហានរង និងពលទាហាន កងវិស្វកម្មលេខ១៧៨ ស្ពាន-ថ្នល់ នាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ ដែលកំពង់ បំពេញភារកិច្ចស្ថាបនា ផ្លូវថ្នល់នៅក្រុងព្រះសីហនុ ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ឯក សឿន រឿត ទីប្រឹក្សាឯកឧត្តម ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជានាយករងនាយក ដ្ឋានវិស្វកម្មក្រសួងការពារជាតិ ។ តាមរបាយការណ៍របស់ ឯកឧត្តម សឿន រឿត មេបញ្ជាការកងវិស្វ​កម្មលេខ១៧៨ ស្ពាន-ថ្នល់ បានរាយការណ៍ ជូនអង្គប្រជុំអោយដឹងថា អនុវត្តតាមផែន ការរបស់រាជរដ្ឋាភិបាល គណៈកម្មាធិការជាតិ គ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ ឆ្នេរសមុទ្រកម្ពុជា បានប្រគល់ភារកិច្ចជូន កងវិស្វកម្មលេខ១៧៨ ស្ពាន-ថ្នល់ ស្ថាបនាវិថីឯក រាជ្យលេខ១០០ ចំនួន៤កំណាត់ ប្រវែងសរុប ៥៣៦៥ម៉ែត្រ ដែលមានទទឹង ផ្លូវ៤០ម៉ែត្រ (កំណាត់ទី១) ៥០ម៉ែត្រ (កំណាត់ទី២) និង២៦ម៉ែត្រ (កំណាត់ទី៣ និងទី៤) បានចាប់ផ្តើមដំណើរការ ចាប់តាំងពី ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩ ។ ជាមួយគ្នានេះ គណៈកម្មាធិការអន្តរក្រសួង មានក្រសួងសាធារណការនិងដឹកជញ្ជូន និងក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ ក៏បានប្រគល់ភារកិច្ចជូនកងវិស្វកម្ម ស្ថាបនាផ្លូវក្រុង ចំនួន៨ខ្សែថែមទៀត រួមមាន លេខ៨២១ លេខ៨២៣ លេខ៨២៧ លេខ២០៩ លេខ៨១៤ លេខ១០៣ លេខ១៤៣ និងលេខ១ ០៨៣ សរុបប្រវែង ៨ ៦៩០ម៉ែត្រ ដែលនឹងចាប់ដំណើរការក្នុងពេលដ៏ឆាប់ខាងមុខនេះ ។ ដើម្បីអនុវត្តគម្រោងទាំង៩ ដែលគណៈកម្មាធិការជាតិ គ.អ.ឆ.ក ប្រគល់ជូនកងវិស្វកម្មលេខ១៧៨ ស្ពាន-ថ្នល់ បានរៀបចំទីតាំងឈរជើងរបស់ទីបញ្ជាការមួយកន្លែង មានទំហំ១ហិកតា ស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ដើមី្បរៀបចំទីកន្លែងបំពេញការងារប្រចាំថ្ងៃ ការស្នាក់នៅ ការទុកដាក់ឧបករណ៍ សម្ភារៈ មធ្យោបាយ រថយន្ត និងគ្រឿងចក្រគ្រប់ប្រភេទ ។ នៅក្នុងការបំពេញបេសកកម្មនេះ កងវិស្វកម្ម បានប្រើប្រាស់ កម្លាំងចំនួន១៨៥រូប ដោយចែកចេញជា៣ថ្នាក់ (១)ថ្នាក់បញ្ជាការ រួមមានដឹកនាំបញ្ជា និង ហិរញ្ញវត្ថុ (២)ថ្នាក់ប្រតិបត្តិការ (ផ្នែកបច្ចេកទេសស្ថាបនា ផ្នែកផ្គត់ផ្គង់ ផ្នែកសន្តិសុខ សុវត្ថិភាព ផ្នែកលូ ផ្នែកបេតុង) និង(៣)ថ្នាក់ជំនាញ(វិស្វករបច្ចេកទេស ប្រតិទិនពិសោធន៍ ក្រុមបច្ចេកទេសវាស់ស្ទង់ ក្រុមជាងជួសជុល ក្រុមរថយន្តដឹកជញ្ជូន ក្រុមត្រួតពិនិត្យសម្ភារៈ ឃ្លាំង និងក្រុមសន្តិសុខ សណ្តាប់ធ្នាប់នៅការដ្ឋាន ។ ជាមួយគ្នានេះ កងវិស្វកម្មបានប្រើប្រាស់មធ្យោបាយ គ្រឿងចក្រគ្រប់ប្រភេទ ចំនួន៧៣គ្រឿង រួមមាន គ្រឿងចក្រកៀកិន, អ៊ិចស្កាវាទ័រ អ៊ិចស្កាវាទ័របុកបេតុង-ថ្ម, គ្រឿងចក្ររុញដី, កិនបង្ហាប់, ចូកដី-ថ្ម កង់កៅស៊ូ, រថយន្តក្រឡុកបេតុង,បាញ់បេតុង, ដឹកដី-ថ្ម, ដឹកប្រេង, ទឹក ព្រមទាំងគ្រឿងចក្រ និងរថយន្តមួយចំនួនទៀត ។ នៅក្នុងពិធីសំណេះសំណាលសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា អនុវត្តតាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលមានចក្ខុវិស័យវែងឆ្ងាយក្នុងការអភិវឌ្ឍប្រទេសជាតិឲ្យរីកចម្រើន ប្រកបដោយកិត្តិបណ្ឌិតឈ្លាសវៃ ពិសេសសំដៅប្រែក្លាយក្រុងព្រះសីហនុទៅជាក្រុងទំនើបឲ្យមានសោភណ្ឌភាព បរិស្ថានល្អ សម្រាប់ការរស់នៅ ទេសចរណ៍ និងធុរកិច្ច ទើបយើងទាំងអស់គ្នាមានភារកិច្ចបំពេញបេសកកម្មនៅទីនេះ ។ ក្នុងនាមក្រសួងការពារជាតិ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី ថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល ក្រសួង ស្ថាប័នពាក់ព័ន្ធ ដែលមានទំនុកចិត្តលើកងវិស្វកម្មលេខ១៧៨ស្ពាន-ថ្នល់ នាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ តាមរយៈការប្រគល់ភារកិច្ចចូលរួមអនុវត្តអភិវឌ្ឍគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវ ក្រុង ក្នុងខេត្តព្រះសីហនុយើងនេះ ។ ទន្ទឹមនឹងនេះសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី សម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះនាយទាហាន និងពលទាហាន នៃកងវិស្វកម្មលេខ១៧៨ស្ពាន-ថ្នល់ ដែលបានយកចិត្តទុកដាក់អស់ពីកម្លាំងកាយចិត្ត ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ បំពេញបេសកកម្មជាប្រវត្តិសាស្ត្រ ដែលរាជរដ្ឋាភិបាលប្រគល់ជូននាពេលនេះ ។ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ណែនាំដល់នាយទាហាន នាយទាហានរង និងពលទាហាន កងវិស្វកម្មលេខ១៧៨ ស្ពាន-ថ្នល់ ត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់នូវវិន័យកងទ័ព និងត្រូវខិតខំប្រឹងប្រែងពង្រឹងសមត្ថភាពគ្រប់ផ្នែក គ្រប់វិស័យ ទាំងលក្ខណៈបច្ចេកទេស ទាំងវិន័យ ដើម្បីសម្រេចជោគជ័យតាមការទំនុកចិត្តរបស់រាជរដ្ឋាភិបាល និងជាការលើកកម្ពស់កិត្តិយស កេរ្តិ៍ឈ្មោះកងយោធពលខេមរភូមិន្ទ ប្រកបដោយសមត្ថភាពវិជ្ជាជីវៈលើវិស័យវិស្វកម្មនេះ ។ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អរគុណចំពោះ ឯកឧត្តម ជា សុផារ៉ា ប្រធានគណៈកម្មាធិការជាតិ គ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា និងអស់លោក លោកស្រី មន្រ្តីក្រសួង ស្ថាប័នពាក់ព័ន្ធ ដែលមានទំនុកចិត្តមកលើកងវិស្វកម្ម ក្រសួងការពារជាតិ ក្នុងការអនុញ្ញាតឲ្យចូលរួមអនុវត្តអភិវឌ្ឍគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុង ក្នុងខេត្តព្រះសីហនុ យើងនេះ ។ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ រដ្ឋបាលមូលដ្ឋាន ស្ថាប័នពាក់ព័ន្ធ និងប្រជាពលរដ្ឋទាំងអស់ ដែលបានសហការ និងសម្របសម្រួលការងារគ្រប់បែបយ៉ាង ធ្វើឲ្យកងវិស្វកម្មបំពេញបេសកកម្មរបស់ខ្លួននាពេលកន្លងមកដំណើរការបានរលូន និងជោគជ័យ ។ ជាមួយគ្នានេះសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី បានស្នើឯកឧត្តម គួច ចំរើន ជួយបង្កលក្ខណៈងាយស្រួល និងពិនិត្យលទ្ធភាពក្នុងការផ្តល់ទីតាំងជូនកងវិស្វកម្មលេខ១៧៨ស្ពាន-ថ្នល់បន្តទៀត ទៅតាមសំណូមពររបស់ ឯកឧត្តម សឿន រឿត មេបញ្ជាការ ដែលបានលើកឡើង ។ ក្រោយពីពិធីសំណេះសំណាល សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី ព្រមទាំងគណៈកម្មាធិការជាតិ គអឆក ក៏បានចុះពិនិត្យសង្វាក់ផលិតកម្មបេតុងចេញដោយអ្នកបច្ចេកទេសកងវិស្វកម្ម និងមានការចូលរួមពិនិត្យរួមពីក្រុមការងារបច្ចេកទេស គអឆក និងមន្ទីរពិសោធន៍ក្រសួងសាធារណការ ។ ដោយមានការស្នើសុំពីគណៈកម្មាធិការជាតិសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី ក៏បានអញ្ជើញចុះពិនិត្យការងារស្ថាបនារបស់ក្រុមហ៊ុនទាំង ៦ និងអង្គភាពរដ្ឋចំនួន ២ ដែលកំពុងស្ថាបនាផ្លូវ ៣៤ ខ្សែនេះយ៉ាងសកម្ម ។ ផ្តើមការចុះពិនិត្យ គណប្រតិភូបានចុះពិនិត្យវិថីឯករាជ្យ ដែលកងវិស្វកម្មលេខ ១៧៨ កំពុងបំពេញការងារស្ថាបនា រួមមាន ការងារកៀកិនស្រទាប់ថ្ម 4×6 និងស្រទាប់ថ្ម M30 ដែលជាស្រទាប់គ្រឹះ ការងារតម្លើងលូមូលនិងលូប្រអប់កាត់ទទឹងផ្លូវចំនួន ៤ កន្លែង ការងារចាក់បេតុងផ្លូវ និងការងារតម្លើងលូបណ្តោយផ្លូវពីរជួរមានលូទឹកភ្លៀង និងទឹកកង្វក់ ព្រមតាំងការវាយបំបែកថ្មខាងក្រោម ដែលជា ឧបសគ្គក្នុងការកាយតម្លើងលូផងដែរ ។ ទន្ទឹមនេះ ថ្នាក់ដឹកនាំ បានបន្តពិនិត្យវឌ្ឍនភាពការងារស្ថាបនាចំពោះក្រុមហ៊ុនដទៃទៀត ដោយបញ្ចប់ការងារចុះពិនិត្យនៅរង្វង់មូលឆ្នេររាម ។ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍បន្ថែមថា តាមរយៈការជួបជុំគ្នា និងចុះពិនិត្យការដ្ឋានស្ថាបនាផ្លូវនាថ្ងៃនេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី មានជំនឿយ៉ាងមុតមាំថា គណៈកម្មាធិការជាតិ គ.អ.ឆ.ក ក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលមូលដ្ឋានគ្រប់លំដាប់ថ្នាក់ទាំងអស់ នឹងបន្តសហការឲ្យកាន់តែជិតស្នីទ្ធថែមទៀត ដើម្បីកងវិស្វកម្មបន្តបេសកកម្មរបស់ខ្លួន ទទួលជោគជ័យថ្មីៗថែមទៀត តាមការប្រគល់ភារកិច្ចរបស់រាជរដ្ឋាភិបាល ។