សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ សុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆ្នាំ២០១៩ និងលើកទិសដៅបន្ដ

21-01-2020

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ ផ្លូវគោក នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២០នេះ អញ្ជើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផល ការងារសុវត្ថិភាព ចរាចរណ៍ផ្លូវគោក ប្រចាំឆ្នាំ២០១៩ និងលើកទិសដៅបន្ដឆ្នាំ២០២០ ។ កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងនៅទីស្ដីការ ក្រសួងមហាផ្ទៃ ដែលមានការអញ្ជើញ ចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ភ្ញៀវកិត្ដិយសជាតិ និងអន្ដរជាតិជាច្រើនរូបទៀត​ ។ពិធីនេះក៏មាន ការប្រគល់ប័ណ្ណសរសើរ ដល់ក្រសួង ស្ថាប័ន និងអង្គភាពសារព័ត៌មាន ដែលបានចូលរួមផ្សព្វផ្សាយ សកម្មភាពផ្សេងៗ ដែលពាក់ព័ន្ធនឹង ចរាចរណ៍នេះផងដែរ ។ យោងតាមរបាយការណ៍របស់ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា សម្រាប់ ឆ្នាំ២០១៩ អ្នកស្លាប់ដោយសារ គ្រោះថ្នាក់ចរាចរណ៍ មានចំនួន១,៩៨១នាក់ ដែលចំនួននេះមានការ កើនលើសពីឆ្នាំ២០១៨ ចំនួន២២០នាក់​ ។ ចំណែកអ្នករងរបួសមាន ចំនួន៦,១៤១នាក់ កើនជាងឆ្នាំ២០១៨ ចំនួន១,៣៧១នាក់ ។ដោយសារចរាចរណ៍ មានភាពមមាញឹកខ្លាំង កំណើនយានយន្ត មានការកើនដល់ ៣៧ភាគរយ ដែលក្នុងនោះការអភិវឌ្ឍប្រទេស និងសេដ្ឋកិច្ចមានការ រីកចម្រើន ហេតុដូច្នេះទើបធ្វើឲ្យមាន ការកើនឡើង អត្រាគ្រោះថ្នាក់ចរាចរណ៍ ២៦ភាគរយ និងចំនួនអ្នកស្លាប់ មានការកើនឡើង ចំនួ២២០នាក់ ស្មើនិង១២ភាគរយ និងចំនួនអ្នករបួសកើនឡើង ២៩ភាគរយ បើប្រៀបធៀបជាមួយ ឆ្នាំ២០១៨ ។កត្តាដែលនាំ ឲ្យមានការកើនឡើង នៃចំនួនគ្រោះថ្នាក់ ចរាចរណ៍ ទី១- ដោយសារកត្តាសត្យានុម័ត ចរាចរណ៍មានភាពមមាញឹក និង ទី២-ការយល់ដឹងរបស់ប្រជា ពលរដ្ឋនៅមានកម្រិត ដែលក្នុងនោះរួមមាន ការបើកបរលើសល្បឿនកំណត់, ការមិនគោរពសិទ្ធិអាទិភាព, បញ្ហាវ៉ាជែង, បត់ខ្វះការប្រុងប្រយ័ត្ន និងបញ្ហាបើកបរពេលស្រវឹងផងដែរ ។