អ្នកស្លាប់ឡើងដល់១៧នាក់ ដោយដោយសារជំងឺរលាកផ្លូវដង្ហើមថ្មី នៅចិន ខណៈអ្នកឆ្លងជំងឺកើនដល់៥៤៤នាក់

22-01-2020

ចំនួនអ្នកស្លាប់ដោយសារវីរ៉ុសថ្មី ដូចទៅនឹងជំងឺផ្តាសាយ ក្នុងខេត្តហ៊ូប៊ី ប្រទេសចិន បានកើនឡើងដល់១៧នាក់ហើយ ហើយចំនួន ករណី ដែលគេបញ្ជាក់ថា បានឆ្លងវីរ៉ុស ក៏មានការកើនឡើង ដល់ចំនួន៥៤៤នាក់, នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយឲ្យដឹង នាយប់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២០នេះ ។ ការផ្ទុះឡើងនៃវីរុស ថ្មីប្រភេទថ្មីនេះ បានចាប់ផ្តើមនៅក្នុងទីក្រុង Wuhan នៃខេត្ត Hubei ជាទីដែលកំពុងមាន អ្នកឆ្លងច្រើនជាងគេ ហើយបច្ចុប្បន្នវា បានរាលដាលដល់ទីក្រុងក៏ដូច ជាខេត្តជាច្រើន ទៀត របស់ចិន រួមមានទាំង រដ្ឋធានីប៉េកាំង ទីក្រុងសៀងហៃ ខេត្ត Guandong និងទីក្រុងម៉ាកាវ ហើយនៅក្រៅ ព្រំដែនប្រទេសចិន គឺនៅប្រទេសថៃ ជប៉ុន កូរ៉េខាងត្បូង តៃវ៉ាន់ និងសហរដ្ឋអាមេរិក ក៏សុទ្ធបានរកឃើញករណីអ្នកមានផ្ទុកវីរុសនេះដែរ ដោយក្នុងនោះ ថៃមានដល់ទៅ ០៤ករណី។ គួរជម្រាបថា អម្បូរវីរុសខាងលើ គឺ Coronavirus មានប្រភេទវីរុសច្រើន ដែលអាចបង្កជំងឺ ចាប់ពី កម្រិតស្រាល ដូចជាគ្រុនផ្តាសាយ ធម្មតាៗរហូតដល់ ជំងឺរលាកសួត ឬជំងឺផ្លូវដង្ហើមខ្លាំងក្លាដូចជា ជំងឺ SARS ដ៏កាចសាហាវ ។ ជំងឺ SARS ក៏បានផ្ទុះឡើង ដំបូងនៅក្នុងប្រទេសចិន ដែរហើយកាលពី ឆ្នាំ២០០៣ ហុងកុងបានទទួលរងការវាយលុកយ៉ាង ដំណំដោយជំងឺនេះ ។ បើតាមអង្គការសុខភាព ពិភពលោក កាលគ្រានោះមនុស្សចំនួន ១,៧៥៥នាក់នៅ ហុងកុងបានឆ្លងវីរុស SARS ហើយ ២៩៩នាក់បានស្លាប់ ខណៈនៅទូទាំងពិភពលោក ទាំងមូលមនុស្សប្រមាណ ៨០០នាក់បានបាត់បង់ជីវិត ដោយសារតែជំងឺនេះ ។