រដ្ឋមន្រ្តីការពារជាតិកម្ពុជា៖ មិនមានតែចិននោះទេ ដែលវិនិយោគនៅកម្ពុជា តែមានប្រទេសធំៗជាច្រើន បានដាក់ទុនវិនិយោគ, ការចោទថាចិនមានឥទ្ធិពល និងត្រួតត្រាកម្ពុជាមិនត្រឹមត្រូវនោះឡើយ

22-01-2020

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបញ្ជាក់ថា ការចោទប្រកាន់ពី សំណាក់បរទេស នានាថា ប្រទេសចិនមានឥទ្ធិពល និង មានត្រួតត្រាលើ ប្រទេសកម្ពុជា គឺមិនត្រឹមត្រូវនោះទេ ព្រោះកម្ពុជាជារដ្ឋឯករាជ្យ អធិបតេយ្យភាព និងអព្យាក្រឹត ។ ការបញ្ជាក់បែបនេះរបស់ សម្តេចពិជ័យសេនា ទៀ បាញ់ បានធ្វើឡើង នារសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ នៅក្នុងឱកាសដែល សម្តេចបានអនុញ្ញាត ឱ្យប្រតិភូសមាជិកសភាសហរដ្ឋអាមេរិក ដែលដឹកនាំដោយលោក Seth Wibur Moulton សមាជិកគណៈ កម្មាធិការកិច្ចយោធា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការ គណៈរដ្ឋមន្ត្រី ។ សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា (រឿងនេះ ខ្ញុំបានបញ្ជាក់ ហើយបញ្ជាក់ទៀត លើបញ្ហាអភិវឌ្ឍ និង កសាងផ្នែកយោធា គឺខាងកម្ពុជា យើងខ្ញុំកំណត់សុទ្ធសាធ មិនមែនកំណត់ ធ្វើមូលដ្ឋាន សម្រាប់យោធាបរទេស នោះទេ បញ្ហាដែល ថាចិនមានឥទ្ធិពល និងត្រួតត្រាលើកម្ពុជា គឺហាក់ដូចជាមិនត្រឹមត្រូវនោះទេ) ។ រដ្ឋមន្ត្រីការពារជាតិ បានថ្លែងថា តាមរយៈនៃការឆ្លងកាត់ ឬក៏មានបទពិសោធន៍ ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា អ្វីៗទាំងអស់ គឺមានបំពេញតាមភាព ឯករាជ្យរបស់ខ្លួន ហើយបញ្ហាអភិវឌ្ឍ និង កសាងផ្នែកយោធា គឺកម្ពុជាបានកំណត់សុទ្ធសាធ មិនមែនកំណត់ ធ្វើមូលដ្ឋាន សម្រាប់យោធាបរទេស ណាមួយនោះទេ ។ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក នៃអគ្គនាយកដ្ឋាន ទំនាក់ទំនងអន្តរជាតិ ក្រសួងការពារជាតិ បានដកស្រង់ប្រសាសន៍ របស់សម្តេចពិជ័យសេនា ទៀ បាញ់ នៅក្នុងកិច្ចជំនួប នោះថា ការទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការច្រើនតិចនោះ គឺទៅតាមការសម្របសម្រួល ទាំងសងខាងរវាងប្រទេស និងប្រទេស អ្វីដែលបានអំណោយ ផលច្រើន ដល់ប្រយោជន៍របស់ប្រជាជនកម្ពុជា គឺច្បាស់ណាស់ សិទ្ធិជ្រើសរើស របស់កម្ពុជា ត្រូវតែមានផល ប្រយោជន៍ច្រើន ចំពោះកម្ពុជានេះឯង ។ សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់បន្ថែមទៀតថា (ឥឡូវនេះ មើលតាមជាទូទៅឃើញថា ប្រទេសចិនវិនិយោគ នៅកម្ពុជាមានច្រើន ក៏ប៉ុន្តែកម្ពុជា មិនមានតែចិនទេ មានទាំងសហរដ្ឋអាមេរិក ជប៉ុន ក៏មានម៉ាឡេស៊ីក៏មាន និងប្រទេសមួយ ចំនួនទៀតក៏ធំៗដែរ នោះគឺការ វិនិយោគ របៀបនេះ គឺសិទ្ធិសម្រេចទៅតាមច្បាប់ នៃប្រទេសរបស់ខ្លួន មិនមែនឱ្យអ្នកនេះច្រើន អ្នកនោះមិនឱ្យ គឺគ្មានរឿងនេះទេ គឺធ្វើទៅតាមអ្វីដែល ជាផលប្រយោជន៍របស់ជាតិនេះ ជារឿងពិតរបស់យើងខ្ញុំ គឺដូច្នេះឯង) ។ សម្តេចពិជ័យសេនា ទៀ បាញ់  (ខ្ញុំមានសេចក្តីសង្ឈឹមយ៉ាង ម៉ុតមាំណាស់ចំពោះការបំពេញ បេសសកម្មការទូតរបស់លោក Murphy អាចអញ្ជើញទៅកន្លែង ដទៃឱ្យបានច្រើននៅ ប្រទេសកម្ពុជាបាន ច្រើនកម្ពុជាកំពុងធ្វើ ដំណើរទៅ ជាពិសេសខាងអនុព័ន្ធយោធា យើងខ្ញុំគឺ បើមានបញ្ហាអ្វីគឺ សូមឱ្យមាន ទំនាក់ទំនងគ្នា កាន់តែស្អិតល្មួតថែមទៀត) ។ សម្តេចរដ្ឋមន្ត្រីការពារជាតិកម្ពុជា បានឱ្យដឹងថា មាននាយទាហាន កម្ពុជាច្រើនណាស់ បានបណ្តុះបណ្តាលនៅ ឯសហរដ្ឋអាមេរិក ដោយក្នុងនោះ មេបញ្ជាការជើងគោក គឺឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដែលចប់ពី West Point កំពុងតែកាន់តួនាទីជា មេបញ្ជាការកងទ័ពជើងគោក ។ សម្តេចពិជ័យសេនា ក៏បានប្រាប់ទៅលោក Patrick Murphy ថាកម្ពុជា កំពុងតែជំរុញការកសាង តំបន់ប្រវត្តិសាស្រ្តយោធា ដែលរំលឹករឿងរ៉ាវ មួយចំនួន ជាប្រវត្តិសាស្រ្ត របស់កម្ពុជា បានកសាងនៅទី ក្រុងភ្នំពេញ គឺវិមានឈ្នះ-ឈ្នះ ប្រសិនបើមានឱកាស សូមលោកអញ្ជើញទៅទស្សនាក៏បាន ។