ទីក្រុង Wuhan ចាត់វិធានការក្តៅ ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសផ្លូវដង្ហើមថ្មី ក្នុងនោះក៏មានការហាមប្រជាជន ចាកចេញពីទីក្រុងនេះផងដែរ!

23-01-2020

អាជ្ញាធរចិននៅក្នុងទីក្រុងវូហាន (Wuhan) បានដាក់ចេញនូវវិធានការ ជាច្រើនមិនធ្លាប់មានពីមុនមក ដើម្បីទប់ស្កាត់ការរីករាល ដាលនៃវីរុសផ្លូវដង្ហើមបង្កឡើង ដោយវីរុសកូរ៉ូណាថ្មី (coronavirus) ដ៏សាហាវថ្មីមួយ ដែលអង្គការសុខភាព ពិភពលោកហៅថា 2019-nCoV ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែមករា ឆ្នាំ២០២០ ។ បើតាមសេចក្ដីជូនដំណឹង របស់អាជ្ញាធរក្នុងទីក្រុង វូហាន ចាប់ពីម៉ោង ១០៖០០នាទីព្រឹក ថ្ងៃព្រហស្បតិ៍នេះ រាល់សេវាដឹក ជញ្ជូនសាធារណៈទាំងអស់ ក្នុងនោះរួមមាន ទាំងរថយន្ដក្រុង រថភ្លើងក្រោមដី សាឡង់ ឬទូកដឹកអ្នកដំណើរ នឹងត្រូវបានផ្អាកជា បណ្ដោះអាសន្ន ខណៈ ច្រកចេញចូលនៅ ឯអាកាសយានដ្ឋាន និងស្ថានីយរថភ្លើង ក្នុងទីក្រុងវូហាន ក៏ត្រូវបានបិទទ្វារផងដែរ រហូតដល់មានការ ជូនដំណឹងជាថ្មី។ លើសពីនេះទៅទៀត ប្រជាជនក្នុងទីក្រុងវូហាន មិនអាចចាកចេញទៅណាបាននោះទេ បើគ្មានហេតុផល ឬការអនុញ្ញាតពិសេស ហើយប្រជាជនទាំងអស់ តម្រូវឱ្យពាក់ម៉ាស់នៅតាមទីសាធារណៈ ។ គួរជម្រាបថា គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ ចំនួនអ្នកឆ្លងវីរុសផ្លូវ ដង្ហើមថ្មី នៅក្នុងប្រទេសចិន បានកើន ៥១៧នាក់ និង ១៧នាក់បានស្លាប់ នៅទូទាំងខេត្ត-ក្រុងចំនួន ២៥ ហើយក្រៅតែពីចិន សហរដ្ឋអាមេរិក ជប៉ុន កូរ៉េខាងត្បូង និងថៃ ក៏មានករណីឆ្លងវីរុសនេះដែរ ។ វីរុសផ្លូវដង្ហើមថ្មី ត្រូវបានអាជ្ញាធរចិន ប្រកាសពីការរកឃើញ ដំបូងបំផុតកាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ នៅទីក្រុងវូហាន ហើយប្រភពដើម្បី បំផុតនៃការកកើតវីរុស ដែលធ្វើឲ្យប្រព័ន្ធ ផ្លូវដង្ហើម (សួត) ចុះទន់ខ្សោយខ្លាំងនេះ ត្រូវបានក្រុមជំនាញវេជ្ជសាស្ត្រ ចិនសង្ស័យថា បានកកើតឡើងនៅ ក្នុងទីផ្សារលក់គ្រឿងសមុទ្រ ដ៏ល្បីល្បាញមួយប្រចាំទីក្រុង ហើយផ្សារនោះក៏ត្រូវបានបិទ ទ្វាររួចទៅហើយដែរ ។