សម្តេចពញាចក្រី ហេង សំរិន៖ មានសន្តិភាព គឺមានឱកាសអភិវឌ្ឍន៍ប្រទេសជាតិ លើកកម្ពស់ជីវភាពលរដ្ឋ

23-01-2020

ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងសមិទ្ធផលនានា ក្នុងវត្តក្បាលដំរី ស្ថិតនៅឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានលើកឡើងថា នៅពេលប្រទេសជាតិ មានសុខសន្តិភាព ដូចជាសព្វថ្ងៃនេះ គឺកម្ពុជាមានឱកាសធ្វើអ្វីៗ បានទំាងអស់ ក្នុងនោះគឺលទ្ធភាព កសាងអភិវឌ្ឍន៍ ប្រទេសជាតិ លើកកម្ពស់ជីវភាពពលរដ្ឋ ឲ្យកាន់តែរីកចម្រើនបាន យ៉ាងឆាប់ រហ័ស ។ សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា សន្តិភាព គឺជាធាតុស្នូលដ៏ សំខាន់ដែលអាចឱ្យ កម្ពុជាធ្វើការអភិវឌ្ឍន៍ឆ្ពោះ ទៅរកអនាគត ដ៏ត្រចះត្រចង់មួយ ប្រកបដោយ សុទិដ្ឋិនិយម ។ នៅចំពោះមុខព្រះសង្ឃ និង ពលរដ្ឋជាច្រើនរយនាក់ សម្តេចប្រធាន រដ្ឋសភា បានលើកឡើងថា (អនាគតរបស់កម្ពុជា ស្ថិតនៅលើកិច្ចប្រឹងប្រែង និងការចូលរួមយ៉ាង សស្រាក់សស្រាំ របស់យើង ទាំងអស់គ្នា ទាំងក្នុងការបង្កើនជីវភាពគ្រួសារ រក្សាសន្តិសុខ សុវត្ថិភាពមូលដ្ឋាន កសាងធនធានមនុស្ស និងការអប់រំ ជាប្រចាំដល់អ្នកនៅជុំវិញ ខ្លួនឲ្យយល់ពីគុណតម្លៃ នៃសន្តិភាព និងចូលរួមជាប្រចាំ ក្នុងការថែរក្សាសន្តិភាពឲ្យបានជានិច្ចនិរន្តន៍ ) ។ សម្តេចប្រធានរដ្ឋសភា បានរម្លឹកថា ក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ រាជរដ្ឋាភិបាលបាន ពុះពារជម្នះរាល់គ្រប់ឧបសគ្គ ច្រើនឥតគណនា ឆ្លងកាត់គ្រប់ដំណាក់កាល គ្រប់បែបយ៉ាង គ្រប់រសជាតិ ក្នុងបុព្វហេតុស្តារ កសាង និងការពារមាតុភូមិ ។ ជាង២០ឆ្នាំចុងក្រោយនេះ ប្រទេសបានធ្វើការអភិវឌ្ឍ ក្នុងល្បឿនមួយ ដែលឆ្ពោះទៅរកការរីក ចម្រើនផ្នែកសេដ្ឋកិច្ច និង ហេដ្ឋារចនាសម្ព័ន្ធ គួរឲ្យកត់សម្គាល់ ។​ សម្តេចបានអំពាវនាវ ដល់ប្រជាពលរដ្ឋថា ចាំបាច់ត្រូវការពារ សន្តិភាពជាអចិន្រ្តៃយ៍ ឱ្យបាន ទោះក្នុងតម្លៃណាក៏ដោយ ដើម្បីកម្ពុជាមានឱកាស គ្រប់គ្រាន់បន្តការកសាងអភិវឌ្ឍសង្គមជាតិ និងការពារសមិទ្ធផល នានា ដែលសម្រេចបាន ដើម្បីផ្តល់ប្រយោជន៍ជូនជាតិ មាតុភូមិ និងប្រជាជនរស់នៅ សុខសាន្ត តទៅមុខទៀត ។ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានមានប្រសាសន៍ជម្រាបពលរដ្ឋថា (រាជរដ្ឋាភិបាល បានរៀបចំគោលនយោបាយ និងច្បាប់វិនិយោគត្រឹមត្រូវ ក្នុងការបើកចំហរ និងលើកទឹកចិត្តដល់ អ្នកវិនិយោគជាតិ និងអន្តរជាតិគ្រប់ប្រភេទ ។ យុទ្ធសាស្រ្តរាជរដ្ឋាភិបាល ក្នុងគោល ដៅបង្កើតប្រព័ន្ធដឹកជញ្ជូន ពហុមធ្យោបាយ និងប្រព័ន្ធឡូជីស្ទីក ដើម្បីតភ្ជាប់ ប៉ូលសេដ្ឋកិច្ចសំខាន់ៗ និងការអភិវឌ្ឍរបៀងសេដ្ឋកិច្ច និងការពង្រាយរោងចក្រ ទៅតាមបណ្តាខេត្តនានា ក្រៅពីរាជធានីភ្នំពេញ តួរយ៉ាងដូចជា រោងចក្រកែច្នៃកៅស៊ូ និងផ្លែស្វាយ ក្នុងខេត្តត្បូងឃ្មុំជាដើម ដើម្បីបង្កើតការងារជូនពលរដ្ឋ នៅនឹងកន្លែង ក្នុងគោលបំណងបង្កើនការអភិវឌ្ឍសេដ្ឋកិច្ចជនបទ ការកាត់បន្ថយគម្លាត រវាងទីក្រុងនិងជនបទ ក៏ដូចជាការលើកស្ទួយក ម្រិតជីវភាពរបស់ប្រជាជន) ។ ជាមួយគ្នានេះ រដ្ឋសភាបានអនុម័តច្បាប់ ថវិកាជាតិឆ្នាំ២០២០ ដែលក្នុងនោះមានកញ្ចប់ថវិកា សម្រាប់បន្តជំរុញ ការអភិវឌ្ឍថ្នាក់មូលដ្ឋាន ដោយឃុំសង្កាត់នីមួយៗ ទទួលបានថវិកាសរុបជាមធ្យម ជាង ១០ម៉ឺនដុល្លារ ហើយថវិកានេះនឹង កើនឡើងជាលំដាប់។ ជាមួយនឹងកញ្ចប់ថវិកានេះ ឃុំ សង្កាត់ មានលទ្ធភាពគ្រប់គ្រាន់ ក្នុងការអភិវឌ្ឍន៍ គ្រប់ផ្នែក ឆ្លើយតបទៅនឹងតម្រូវការ ជាក់ស្តែងរបស់ ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន និងស្របតាមសកម្មភាព អាទិភាពរបស់ខ្លួន ។ នេះជាការលើកឡើង បន្ថែមរបស់សម្តេចប្រធានរដ្ឋសភា ។ សម្តេចពញាចក្រី ហេង សំរិន បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះប្រជាពុទ្ធបរិស័ទ ចំណុះជើងវត្តក្បាលដំរី ដែលបានរួមគ្នា កសាងសមទ្ធិផលជាច្រើន ក្នុងវត្តជាការលើកកម្ពស់វិស័យ ព្រះពុទ្ធសាសនា ។ សម្តេចបានមានប្រសាសន៍ថា វត្តអារាមគឺជាមូលដ្ឋានចំបង ក្នុងការបញ្ជ្រៀប ផ្សព្វផ្សាយព្រះធម្មវិន័យ និងព្រះធម៌ ដែលមានតួនាទី យ៉ាងសំខាន់ក្នុងការអប់រំកាយ វាចា ចិត្ត ដ៏ប្រពៃសម្រាប់ ប្រជាពលរដ្ឋគ្រប់ៗរូប ដើម្បីទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើន និងភាពសុខដុម ក្នុងគ្រួសារ និងសង្គមជាតិ ។