ទីបំផុតអាល្លឺម៉ង់ប្រកាសពីករណីឆ្លងដំបូង នៃវីរុសផ្លូវដង្ហើមកូរ៉ូណាថ្មី ដែលមានប្រភពដើមពីចិន

28-01-2020

អាជ្ញាធរអាល្លឺម៉ង់ទើបតែបាន ប្រកាសថា មនុស្សម្នាក់ស្ថិតនៅ តំបន់ស្តានប៊ឺក (Starnberg) ទើបតែត្រូវបានធ្វើតេស្ត និងរកឃើញ មានផ្ទុកវីរុស ផ្លូវដង្ហើមកូរ៉ូណាថ្មី (Coronavirus ឬ 2019-nCoV) ដែលមានប្រភពដើម ពីទីក្រុងអ៊ូហា (Wuhan) នៃខេត្តហ៊ូប៉ី (Hubei) ភាគកណ្តាលប្រទេសចិន ដោយប្រការមួយនេះ មានន័យថា អាល្លឺម៉ង់បានក្លាយជា ប្រទេសទីពីរ នៅទ្វីបអឺរ៉ុបបន្ទាប់ពីបារាំង ដែលមានករណី ឆ្លងវីរុសកូរ៉ូណាថ្មីក៏ កាចសាហាវ ។ នេះបើតាមការចេញផ្សាយ ដោយ CNA នាព្រឹកថ្ងៃអង្គារ ទី២៨ ខែមករា ឆ្នាំ២០២០ ។ ក្រសួងសុខាភិបាលអាល្លឺម៉ង់ បានបញ្ជាក់ថា វីរុសកូរ៉ូណាថ្មីត្រូវ បានរកឃើញ នៅក្នុងខ្លួនបុរសម្នាក់នៅទីក្រុង Starnberg ភាគខាងត្បូងប្រទេស ហើយពេលនេះ អ្នកជំងឺ ត្រូវបានគេដាក់ឲ្យ នៅបន្ទប់ដាច់ដោយឡែក ពីគេក្នុងមន្ទីរពេទ្យ ដើម្បីធ្វើការត្រួតពិនិត្យ និង ព្យាបាល ។ អាជ្ញាធរអាល្លឺម៉ង់ មិនបានបញ្ជាក់ថា តើអ្នកឆ្លងវីរុសផ្លូវដង្ហើមកូរ៉ូណាថ្មីនៅ តំបន់ Starnberg នោះជាជនជាតិអ្វី មានអាយុប៉ុន្មាន ក៏ធ្លាប់ធ្វើដំណើរការ ទៅណាខ្លះនោះឡើយ ដោយត្រឹមតែបញ្ជាក់ថា រូបគេស្ថិតនៅ ក្នុងស្ថានភាពល្អ ។ ខាងក្រោមនេះ គឺជាតួលេខសរុបនៃអ្នកឆ្លង និង បាត់បង់ជីវិតដោយ សារវីរុសផ្លូវដង្ហើមថ្មី កូរ៉ូណានៅចិន ព្រមទាំងចំនួនអ្នកឆ្លងវីរុសនេះ នៅទូទាំងពិភពលោក ៖ ១- ប្រទេសចិន៖ ឆ្លងជាង ៤,០០០នាក់ ក្នុងនោះស្លាប់ ១០៦នាក់ ២- ថៃ៖ ០៨ករណី ៣- អូស្ត្រាលី៖ ០៥ករណី ៤- សិង្ហបុរី៖ ០៥ករណី ៥- សហរដ្ឋអាមេរិក៖ ០៥ករណី ៦- ជប៉ុន៖ ០៤ករណី ៧- ម៉ាឡេស៊ី៖ ០៤ករណី ៨- កូរ៉េខាងត្បូង៖ ០៤ករណី ៩- បារាំង៖ ០៣ករណី ១០- កាណាដា ០២ករណី ១១- វៀតណាម៖ ០២ករណី ១២- កម្ពុជា ០១ករណី ១៣- អាល្លឺម៉ង់ ០១ករណី ១៤- នេប៉ាល់៖ ០១ករណី ១៥- ស្រីលង្កា ០១ករណី

គួរបញ្ជាក់ថា ក្រៅពីប្រទេសចិន មិនទាន់មានប្រទេសណា ផ្សេងទៀតបានរាយ ការណ៍អំពីករណីស្លាប់ដោយ សារវីរុសកូរ៉ូណា នោះឡើយ ខណៈប្រទេសមួយចំនួន បានព្យាយាម ព្យាបាលអ្នកឆ្លង ឲ្យបានធូរស្រាល ឡើងវិញផងដែរ ។ ដោយឡែកប្រទេស មួយចំនួន ក៏បានធ្វើការត្រួតពិនិត្យ សុខភាពពលរដ្ឋមួយចំនួន ដែលគេសង្ស័យថាអាចមានផ្ទុកវីរុសនេះដែរ ប៉ុន្តែជាលទ្ធផល គឺពួកគេ ទាំងនោះ ត្រឹមតែផ្តាសាយធម្មតា និង គ្មានផ្ទុកវីរុសកូរ៉ូណានោះឡើយ ។ គិតពេលនេះប្រទេសសរុបចំនួន ១៥ហើយទូទាំងពិភពលោក ដែលបានកើតមានករណីឆ្លងវីរុសផ្លូវដង្ហើមកូរ៉ូណាថ្មី ។