រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីបរិស្ថាន ចុះពិនិត្យអ្នកជំងឺជនជាតិចិន ដែលឆ្លងវីរុសកូរ៉ូណា ដោយផ្ទាល់នៅបន្ទប់ដាច់ដោយឡែក ក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ

28-01-2020

រដ្ឋមន្រ្តីក្រសួងសុខាភិបាល ឯកឧត្តម បណ្ឌិត ម៉ម ប៊ុនហេង និង ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០នេះ បន្ទាប់ពីបានដឹកនាំ ក្រុមការងារចុះត្រួតពិនិត្យ ដោយផ្ទាល់ នៅអាកាសយានដ្ឋាន អន្តរជាតិ ខេត្តព្រះសីហនុ នោះ ឯកឧត្តម រដ្ឋមន្រ្តីទាំង២រូប បានអញ្ជើញចុះ ពិនិត្យដោយផ្ទាល់ អ្នកជំងឺជនជាតិចិនម្នាក់ ដែលឆ្លងវីរុសកូរ៉ូណា ដែលកំពុង សម្រាកនៅបន្ទប់ដាច់ ដោយឡែក ក្នុងមន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុ ។ បុរសជនជាតិចិន ដែលឆ្លងវីរុសនេះ មានឈ្មោះ ចា ជិនហួរ (Jia Jianhua) ភេទប្រុស អាយុ៦០ឆ្នាំ ធ្វើដំណើរមកពីទីក្រុង វូហាន ប្រទេសចិន មកកាន់ខេត្តព្រះសីហនុ ប្រទេសកម្ពុជា​ ជាមួយក្រុមគ្រួសារ៤នាក់ ដែលសំណាកបាន យកមកធ្វើវិភាគទាំង បួននាក់នេះ មានវិជ្ជមានវីរុស កូរ៉ូណា តែម្នាក់គត់គឺលោក ចា ជិនហួរ ។ ក្រសួងសុខាភិបាល បានចេញសេចក្តី ប្រកាសផ្លូវការ ដោយបានរកឃើញ ករណីជំងឺផ្លូវដង្ហើមថ្មី ដែលបង្កឡើងដោយ វីរុសកូរ៉ូណា នៅលើជនជាតិចិនម្នាក់ ដែលចាកចេញពី ទីក្រុង វូហាន ប្រទេសចិន ចូលមកកាន់ ប្រទេសកម្ពុជា តាមអាកាស យានដ្ឋាន អន្តរជាតិព្រះសីហនុ ។ ហើយនៅក្នុងសន្និសីទ សារព័ត៌មាននា​ ថ្ងៃម្សិលមិញនោះ ឯកឧត្តម ម៉ម ប៊ុនហេង បានបញ្ជាក់ថា អ្នកជំងឺដែលឆ្លង វីរុសកូរ៉ូណាថ្មីនេះ បាននឹង កំពុងដាក់នៅដាច់ ដោយឡែកពីគេ នៅក្នុងមន្ទីរពេទ្យខេត្តព្រះសីហនុ ។