សម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតថ្មីអូស្ត្រាលីប្រចាំកម្ពុជា

28 01 2020

នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏បានបានអនុញ្ញាត ឲ្យឯកឧត្តម Pabio Chiho Kang ឯកអគ្គរដ្ឋទូតថ្មីអូស្ត្រាលី ប្រចាំកម្ពុជា ចូលជួបសំដែងការគួរសម។

ក្នុងជំនួបនោះ ឯកឧត្តម Pabio Chiho Kang បានជម្រាបជួបសម្តេចតេជោ ហ៊ុន សែន ថាឯកឧត្តមពិតជាមានក្តីរីករាយដោយត្រូវបានតែងតាំងជា​ ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំនៅកម្ពុជាពេលនេះ។​ ឯកឧត្តម​ មានប្រសាសន៍ថា នេះគឺជាបេសកកម្មគួរជាទីរីករាយមួយ ជាពិសេសមកកាន់ប្រទេស ដែលមានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អ ជាមួយអូស្ត្រាលី។ ឯកឧត្តមបានជម្រាបជូនសម្ដេចថា នៅពេលនេះអូស្ត្រាលីកំពុងបង្វែរ កិច្ចសហប្រតិបត្តិការ រវាងអូស្ត្រាលី និងកម្ពុជាទៅលើស្ថាប័ន តែម្ដងនោះគឺកំពុងពង្រឹងពង្រីក កិច្ចសហប្រតិបត្តិការ ជាមួយក្រសួងនានា នៅកម្ពុជាដូចជាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើវិស័យពន្ធដារ ក្រសួងរ៉ែ និងថាមពល ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងសុខាភិបាល ក្រសួងមហាផ្ទៃ ក្រសួងកសិកម្ម ក៏ដូចជាក្រសួងការពារជាតិផងដែរ។

ក្នុងបេសកកម្មកាទូត របស់ឯកឧត្តមមកកាន់កម្ពុជា នៅពេលនេះ ឯកឧត្តម នឹងងបន្តជំរុញ កិច្ចសហប្រតិបត្តិការ ជាមួយស្ថាប័នទាំងអស់ជាមួយកម្ពុជា ហើយក៏ផ្ដោតកិច្ចសហប្រតិបត្តិការ ជាពិសេសទៅលើពាណិជ្ជកម្ម។ ឯកឧត្តម មានប្រសាសន៍ទៀតថា ប្រទេសអូស្ត្រាលី បើកចំហជូនប្រជាជនកម្ពុជា ដើម្បីទៅធ្វើទស្សនកិច្ច ដើម្បីទៅវិនិយោគ ក៏ដូចជា ដើម្បីទៅបន្តការសិក្សា នៅទីនោះផងដែរ។ ក្នុងន័យនេះ ឯកឧត្តមមានប្រសាសន៍ថា ឯកឧត្តម នឹងយកចិត្តទុកដាក់ ជាពិសេសលើបញ្ហាវិនិយោគ នឹងបញ្ហាពាណិជ្ជកម្មតែម្ដង ជាមួយនឹងកិច្ចសហប្រតិបត្តិការ ជាមួយកម្ពុជា។

ជាការឆ្លើយតប សម្តេចតេជោ នាយករដ្ឋមន្ត្រីបានស្វាគមន៍ និងសំដែងការអបអរសាទរ ចំពោះឯកឧត្តម ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព របស់ប្រទេសអូស្ត្រាលី នៅកម្ពុជា។ សម្ដេចតេជោ បានយល់ស្រប ចំពោះការលើកឡើងរបស់ឯកឧត្តម Pabio Chiho Kang ចំពោះទំនាក់ទំនង រវាងប្រទេសទាំងពីរ។

សម្ដេចតេជោ មានប្រសាសន៍ថា ជាការពិតកម្ពុជា និងអូស្ត្រាលីមានទំនាក់ទំនង យ៉ាងច្រើន វិស័យជាមួយនឹងស្ថាប័ន និងស្ថាប័នជាដើម ហើយក៏មានទំនាក់ទំនង ជាពិសេសផងដែរ ក្នុងក្របខណ្ឌអង្គការ សហប្រជាជាតិ ក្របខណ្ឌអាស៊ាន ក្របខណ្ឌអាស៊ីបូព៌ា ក៏ដូចជាដៃគូ កិច្ចសហប្រតិបត្តិការ គ្រប់ជ្រុងជ្រោយផងដែរ។ លេីសពីនោះទៅទៀត អូស្ត្រាលីក៏មាន កិច្ចសហប្រតិបត្តិការទ្វេភាគីពិសេសបន្ថែម ទៅលើអ្វីដែល ឯកឧត្តមបានលើកឡើង គឺអូស្ត្រាលីបានជួយដល់កម្ពុជា ក្នុងការស្វែងរកសុខសន្តិភាព កន្លងមក ហើយជាពិសេសទៅទៀត អូស្ត្រាលីកាលពីដើមឡើយ បានដាក់អាទិភាព សំខាន់ជួយដល់កម្ពុជា លើវិស័យកសិកម្ម ហើយលើវិស័យកសិកម្មនេះ អូស្ត្រាលី បានបង្កើតនៅវិទ្យាស្ថានកាឌី(Cardi)មួយដែលវិទ្យាស្ថាននេះ បានជួយជំរុញឲ្យស្រូវកម្ពុជា បង្កើនបានទិន្នផលខ្ពស់ពីនោះទៅទៀតបានជួយស្រូវកម្ពុជា ឱ្យក្លាយទៅជាអង្ករលេខ ១ នៅក្នុងពិភពលោកផងដែរ។

សម្ដេចតេជោ នាយករដ្ឋមន្ត្រី ក៏បានឯកភាព និងសំដែងនូវការរីករាយ ចំពោះអ្វីដែលឯកឧត្តមបានលើកឡើង ជាពិសេសចំពោះការយកចិត្តទុកដាក់ទៅ លើកិច្ចសហប្រតិបត្តិការ លើវិស័យពាណិជ្ជកម្ម។​ ក្នុងន័យនេះសម្ដេចតេជោ​ មានប្រសាសន៍ថា ទំនាក់ទំនង​នយោបាយរឹងមាំ គឺចេញពីទំនាក់ទំនងពាណិជ្ជកម្មនេះឯង សម្ដេចតេជោ សូមគាំទ្រនូវអ្វីដែល ឯកឧត្តមបានលើកឡើងក្នុងបេសកកម្មកាទូត របស់ឯកឧត្តម មកកាន់កម្ពុជាពេលនេះ៕