ទីបំផុតជប៉ុនដឹកពលរដ្ឋខ្លួនជាង២០០នាក់ពីទីក្រុង Wuhan មកដល់ទីក្រុងតូក្យូ!

29-01-2020

ប្រទេសជប៉ុនបានសម្រេចផែនការរបស់ខ្លួន និងជាប្រទេសដំបូង បំផុត ដែលបានទៅដឹកពលរដ្ឋ របស់ខ្លួនចេញពី ទីក្រុងវូហាន (Wuhan) នៃខេត្តហ៊ូប៉ី (Hubei) ភាគកណ្តាល ប្រទេសចិន ត្រឡប់មកដល់ ទីក្រុងតូក្យូតាមរយៈជើងហោះពិសេស នៅព្រឹកថ្ងៃពុធ ទី២៩ ខែមករា ឆ្នាំ២០២០ នេះតែម្តង ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA ។ ជើងហោះហើរខាងលើនេះ បានចុះចតនៅព្រលាន យន្តហោះហាណេដា (Haneda) នៅវេលាម៉ោង ៨៖៤៥នាទីព្រឹកម៉ោងទីក្រុងតូក្យូ ដោយមន្ត្រីជប៉ុន បានអះអាងថា នៅលើយន្តហោះនោះ មានមនុស្សសរុប ២០៦នាក់ ។ កាលពីថ្ងៃអង្គារម្សិលមិញនេះ មន្ត្រីរដ្ឋាភិបាលជប៉ុន បានលើកឡើងថា ជនជាតិជប៉ុនដែល ត្រូវបានជម្លៀសមកវិញ ដោយស្ម័គ្រចិត្តនោះ នឹងត្រូវទទួលការធ្វើតេស្តសុខភាព ពេលដល់ព្រលាន យន្តហោះជប៉ុន ហើយបើគ្មានបញ្ហាអ្វី ពួកគេនឹងអាចចេញទៅផ្ទះបាន ប៉ុន្តែពួកគេក៏ ត្រូវស្ថិតនៅក្នុងផ្ទះសិន ដើម្បីពិនិត្យអការៈបន្តផងដែរ (យ៉ាងហោចណាស់ ១៤ថ្ងៃ) ក្រោមដំបូន្មានរបស់ពេទ្យជំនាញ ។ គួរបញ្ជាក់ថា ក្រៅពីប្រទេសជប៉ុន បណ្តាប្រទេសផ្សេងៗទៀតដូចជា សហរដ្ឋអាមេរិក បារាំង អាល្លឺម៉ង់ សិង្ហបុរី និងអាចមាន ច្រើនជាងនេះទៀត ក៏កំពុងត្រៀមទៅ កាន់ ទីក្រុងវូហាន ដើម្បីដឹកពលរដ្ឋ ខ្លួនត្រឡប់មកផ្ទះវិញផងដែរ ។ ជប៉ុនបានអះអាងថា យន្តហោះសហរដ្ឋអាមេរិក ក៏កំពុងស្ថិតនៅទីក្រុង Wuhan រួចជាស្រេចហើយដែរ ដែលគ្រោងហ្នឹងដឹកពល រដ្ឋខ្លួនត្រឡប់ទៅអាមេរិក នៅក្នុងថ្ងៃពុធនេះ ។ អាជ្ញាធរជប៉ុនបាន ប្រកាសឲ្យដឹងថា អ្នកឆ្លងវីរុសកូរ៉ូណាថ្មីពី ចិនបានកើនឡើង ដល់ ០៧នាក់នាក់ហើយ គិតត្រឹមព្រឹកថ្ងៃពុធនេះ ដោយក្នុងនោះម្នាក់ ត្រូវបានគេរកឃើញថា បានឆ្លងនៅក្នុង ប្រទេសជប៉ុនផ្ទាល់ (ឆ្លងពីផ្ទុកវីរុសកូរ៉ូណាមុន) ខណៈដែលអ្នកឆ្លង មុនៗទៀត គឺពួកគេសុទ្ធតែធ្លាប់ធ្វើ ដំណើរទៅទីក្រុងវូហាន (Wuhan) នៃប្រទេសចិន ។ វីរុសផ្លូវដង្ហើមកូរ៉ូណាប្រភេទថ្មី (Coronavirus ឬ 2019n-CoV) បានបង្កឲ្យមនុស្សស្លាប់ ១៣២នាក់ និងឆ្លងជាង៦,០០០នា​ក់ នៅប្រទេសចិនតែមួយប៉ុណ្ណោះ ។ ខាងក្រោមនេះ ជាតួលេខតាមបណ្តាប្រទេស, ទីក្រុង និងកោះជុំវិញពិភពលោកដែលឆ្លងមេរោគ ៖

១- ប្រទេសចិន ឆ្លង ៥៩៧៤នាក់ ក្នុងនោះស្លាប់ ១៣២នាក់ ២- ថៃ ១៤ករណី ៣- ទីក្រុងហុងកុង ០៨ករណី ៤- កោះតៃវ៉ាន់ ០៨ករណី ៥- ជប៉ុន ០៧ករណី ៦- ទីក្រុងម៉ាកាវ ០៧ករណី ៧- ម៉ាឡេស៊ី ០៧ករណី ៨- សិង្ហបុរី ០៧ករណី ៩- អូស្ត្រាលី ០៥ករណី
១០- សហរដ្ឋអាមេរិក ០៥ករណី ១១- បារាំង ០៤ករណី ១២- កូរ៉េខាងត្បូង ០៤ករណី ១៣- កាណាដា ០៣ករណី ១៤- វៀតណាម ០២ករណី ១៥- កម្ពុជា ០១ករណី ១៦- អាល្លឺម៉ង់ ០១ករណី ១៧- នេប៉ាល់ ០១ករណី ១៨- ស្រីលង្កា ០១ករណី គិតត្រឹមម៉ោង ៩៖០០នាទីព្រឹក (ម៉ោងកម្ពុជា), ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ ។