មនុស្សលើពិភពលោករំជួលចិត្ត នឹងវីដេអូម្តាយជាគ្រូពេទ្យ និងកូនស្រីមិនអាចជួបគ្នា បានត្រឹមយំឱបពីចម្ងាយ ព្រោះតែ (កូរ៉ូណាវីរុស)

04-02-2020

ជំងឺផ្លូវដង្ហើមបង្កឡើងដោយមេរោគ (កូរ៉ូណា) បានពុះជ្រែកនូវក្តីស្រឡាញ់ក្នុងក្រុមគ្រួសាររវាងគូស្វាមី និងភរិយា ឬ រវាង ឪពុក-ម្តាយ និងកូនជាដើមជាដើម ដើម្បីបញ្ចៀសការឆ្លងទៅគ្នា ។ ភាពសោកសៅទាំងនេះ កំពុងអង្រួនបេះដូងមនុស្សជាតិ នៅជុំវិញពិភពលោកឱ្យរំជួលចិត្ត និងអាណិតអាសូរជាពន់ ពេកសម្រាប់ប្រជាពលរដ្ឋចិន ។ នៅយប់ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០ នេះ វីដេអូថ្មីមួយទៀតបង្ហោះលើទំព័រ Facebook របស់ទីភ្នាក់ងារ ព័ត៌មានចិនស៊ិនហួរ បង្ហាញពីសកម្មភាពម្តាយ និងកូនស្រី មិនអាចណែបនិត្យបង្ហាញក្តីស្រឡាញ់ ក្តីនឹករលឹកឱ្យគ្នាកំពុងអង្រួនបេះដូងមនុស្សជាតិលើពិភពលោកឱ្យរំជួលចិត្តជាខ្លាំង ។ ក្នុងវីដេអូនេះ បានបង្ហាញសកម្មភាពរបស់ម្តាយជាគ្រូពេទ្យ និងកូនស្រី នៅលើមុខពាក់ម៉ាស់ និងលើគ្របកៅស៊ូពីលើ ដើម្បី ការពារមេរោគ បានឈរយំទល់មុខរៀបរាប់ ពីការនឹករលឹកជាមួយសំឡេងខ្សឹកខ្សួលយ៉ាងខ្លាំង ។ ព្រោះតែឥទ្ធិពលនៃជំងឺ បង្កឡើង ដោយមេរោគ (កូរ៉ូណា) ម្តាយ និងកូនស្រី មិនអាចចូលទៅឱប គ្នាបង្ហាញពីទំហំនៃក្តីស្រឡាញ់ និងក្តីនឹករលឹករបស់ ពួកគេ បាននោះឡើយ គឺបានត្រឹមតែ លើកដៃជាសញ្ញាឱបពីចម្ងាយប៉ុណ្ណោះ ។ ក្នុងវីដេអូនេះ បានបង្ហាញទៀត ព្រោះតែបេសក កម្មក្នុងការជួយសង្គ្រោះជីវិតមនុស្សពីជំងឺ ដ៏កាចសាហាវ (កូរ៉ូណាវីរុស) ស្រ្តីជាម្តាយ បានយកអាហារហើយក៏រត់ចូល ក្នុងអគារមន្ទីរពេទ្យ ទាំងកាត់ចិត្តមិនដាច់ពីកូន រីឯកូនបានត្រឹមឈរ សំឡឹងម្តាយរត់ទៅទាំងក្តីនឹករលឹក ។ វីដេអូខ្លីមួយនេះ បានប្រៀបដូចជាកាំបិតចាក់ ទម្លុះបេះដូងអ្នកទស្សនា ហើយធ្វើឱ្យ ពួកគេរំជួលចិត្តជាខ្លាំង ។ ភាពរំជួលចិត្តទាំងនេះ បានបង្ហាញតាមការសារស័ព្ទយ៉ាងច្រើនតាមរយៈ Comment នៅលើវីដេអូនោះ ។ សូមបញ្ជាក់ថា មកដល់ពេលនេះជំងឺផ្លូវដង្ហើម បង្កឡើងដោយមេរោគកូរ៉ូណា បានកើតមានលើមនុស្សជាង២ម៉ឺននាក់ហើយ ហើយមនុស្សប្រមាណ ៤២៧នាក់ បានស្លាប់ ។ តែក៏មានអ្នកជំងឺប្រមាណ ៧១៦នាក់ផងដែរ ត្រូវបានព្យាបាលឱ្យជាសះស្បើយឡើងវិញ ។ មកដល់ពេលនេះ រដ្ឋាភិបាលចិន ក្រុមគ្រូពេទ្យចិន បាននិងកំពុងរួមគ្នាប្រយុទ្ធជាមួយជំងឺបង្កឡើងដោយមេរោគ (កូរ៉ូណា) យ៉ាងស្វិតស្វាញ និងក្លៀវក្លាជាទីបំផុត។