សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណជនរួមជាតិ និងនិស្សិតខ្មែរនៅវូហាន ដែលគោរពស្រឡាញ់ និងចង់ឱ្យសម្តេចមានសុខភាពល្អ

05-02-2020

បន្ទាប់ពីមានការសម្តែងនូវការ បារម្ភអំពីសុខភាពរបស់សម្តេចតេជោ ពីសំណាក់ជនរួមជាតិ និងនិស្សិតខ្មែរនៅទីក្រុងវូហាន ខេត្តហួប៉ី ប្រទេសចិន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចេញសារថ្លែងអំណរគុណ ដល់ជនរួមជាតិទាំងអស់ ជាពិសេសនិស្សិតខ្មែរនៅវូហាន ដែលគោរពស្រលាញ់ និងចង់ឱ្យសម្តេចមានសុខភាពល្អ ។ជាមួយនឹងការប្រកាសអំពីការ សម្រេច របស់រដ្ឋាភិបាលចិន ដោយមិនអនុញ្ញាតឱ្យ សម្តេចទៅកាន់ទីក្រុងវូហាន ដើម្បីសួរ សុខទុក្និស្សិត ខ្មែរ២៣នាក់ តាមបំណងដោយសារតែ ស្ថានភាពផ្ទុះជំងឺនៅខ្លាំងនៅឡើយនោះ សម្តេចតេជោ ហ៊ុន សែន បានអះអាងថា សម្តេចត្រូវបានរដ្ឋាភិបាលចិនអនុញ្ញាតឲ្យ ធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំងប៉េកាំងប៉ុណ្ណោះ ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ (ដូច្នេះនៅរសៀលនេះ ខ្ញុំនឹងដឹកនាំគណប្រតិភូកម្ពុជាចាកចេញពីប្រទេស កូរ៉េខាងត្បូងឆ្ពោះទៅ កាន់ទីក្រុងប៉េកាំង មុននឹងធ្វើដំណើរវិលត្រឡប់ទៅកាន់ប្រទេសកម្ពុជាវិញ ។ ខ្ញុំសូមអរគុណបងប្អូនជនរួមជាតិ និងកូនក្មួយដែល គោរពស្រឡាញ់ខ្ញុំ និងចង់ឱ្យខ្ញុំមានសុខភាពល្អ) ។ ពីទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង សម្តេចតេជោ ហ៊ុន សែន បានឆ្លៀតឱកាសជូនពរដល់ជនរួមជាតិ និងសិស្សនិស្សិត ដែលកំពុងរស់នៅក្នុងទីក្រុងវូហាន និងនៅក្នុងប្រទេសចិនទាំងអស់ ឱ្យជួបតែសេចក្តីសុខ សំណាងល្អ និងចៀសផុតពីជំងឺទាំងឡាយ ។ សូមបញ្ជាក់ថា បន្ទាប់ពីទទួលដំណឹងថាសម្តេចមានបំណង ចង់ទៅកាន់ទីក្រុងវូហាន ដែលជាក្រុងផ្ទុះ ជំងឺរលាកផ្លូវដង្ហើមថ្មី បង្កឡើងដោយវីរុសកូរ៉ូណា ស្ថិតនៅក្នុងខេត្តហួប៉ី ប្រទេសចិន នោះ និស្សិតខ្មែរដែលសិក្សានៅទីនេះ បានសម្តែងការព្រួយបារម្ភអំពីសុខភាពរបស់សម្តេច ហើយទទូចឱ្យសម្តេចកុំទាន់ធ្វើដំណើរ ទៅកាន់ទីក្រុងនេះមួយរយៈសិន ដោយរក ឱកាសជួបជុំនៅពេលក្រោយវិញ ។ លោក ប៉ែន បារាំង ជានិស្សិតខ្មែរម្នាក់ ដែលកំពុងសិក្សានៅទីក្រុងវូហាន បានចេញវីដេអូមួយ នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០ ដោយលើកឡើងថា បន្ទាប់ពីពិគ្រោះ គ្នាជាមួយនិស្សិតទាំងអស់ ពួកគេបានបង្ហាញអំពីការបារម្ភចំពោះសុខភាពរបស់សម្តេច បើសិនជាទៅកាន់ទីក្រុងវូហាន ។ លោកអះអាងថា សម្តេចជាមេដឹកនាំប្រទេស ហើយមានកិច្ចការសំខាន់ៗជាច្រើនទៀត នៅក្នុងប្រទេសកម្ពុជា ដែលត្រូវការ សម្តេចដឹកនាំ ។ ក្រុមនិស្សិតទាំងអស់ ក៏បានស្នើសុំជួបសម្តេចនៅពេលវេលាមួយផ្សេងនាពេលខាងមុខ ។ លោកបានបញ្ជាក់ថា (អញ្ចឹងពួកខ្ញុំទាំងអស់គ្នា សូមសំណូមពរប្រមុខរាជរដ្ឋាភិបាលពេលដែលលោកបំពេញការងារចប់ នៅសាធារណរដ្ឋកូរ៉េ សូមប្រមុខរាជរដ្ឋាភិបាលអញ្ជើញត្រឡប់ទៅប្រទេសកម្ពុជាវិញដោយសុខសន្តិភាព ពីព្រោះពួកខ្ញុំទាំងអស់គ្នា នៅទីនេះយល់ឃើញថា វត្តមានរបស់សម្តេច សុខភាពរបស់សម្តេចពិតជាសំខាន់សម្រាប់ប្រទេសកម្ពុជារបស់យើង) ។