ទាហានថៃម្នាក់ ដែលបាញ់សម្លាប់មនុស្ស ២៥នាក់ ត្រូវបានប៉ូលិសបាញ់សម្លាប់ហើយ!

09-02-2020

ទាហានថៃម្នាក់ ដែលបានបាញ់ សម្លាប់មនុស្ស២៥នាក់ ត្រូវបានកងកម្លាំង សន្តិសុខថៃ បាញ់សម្លាប់ហើយ នៅក្នុងផ្សារទំនើប មួយកន្លែង ក្នុងទីក្រុង Nakhon Ratchasima (Korat) នៅព្រឹកថ្ងៃអាទិត្យនេះ ។ នេះបើតាមប៉ូលិសថៃ ដកស្រង់ការផ្សាយដោយ សារព័ត៌មាន BBC នៅថ្ងៃអាទិត្យ ទី០៩ ខែកុម្ភៈ ឆ្នាំ២០២០ ។ ការបាញ់សម្លាប់ទាហានជា ខ្មាន់កាំភ្លើងខាងលើ ធ្វើឡើង បន្ទាប់ពី មានហេតុការណ៍បាញ់ ប្រហារដ៏សាហាវមួយ បានកើតឡើង នៅម៉ោងប្រមាណ ៣៖៣០នាទីរសៀល កាលពីថ្ងៃសៅរ៍ នៅពេល ទាហានម្នាក់ឈ្មោះ Jakraphanth Thomma បាញ់សម្លាប់មេបញ្ជាការ ម្នាក់របស់ខ្លួនឯង និងមនុស្សពីរនាក់ផ្សេងទៀត នៅឯបន្ទាយទ័ព Surathampithak ។ ក្រោយមកទៀត រូបគេបានលួចយក កាំភ្លើងម៉ាក M60 machine gun រត់គេចខ្លួនសំដៅទៅ រកផ្សារទំនើបមួយ នៅក្នុងទីក្រុង Nakhon Ratchasima (Korat) ហើយបានបើកការបាញ់ ប្រហារលើហ្វូងមនុស្សដោយ បណ្ដាល ឱ្យមានអ្នក ស្លាប់២៥នាក់ និង៣១នាក់ទៀតរងរបួស ។ អាជ្ញាធរថៃជឿថាចំនួនអ្នកស្លាប់អាចនឹងកើនឡើង ដោយសារមានមនុស្ស ជាច្រើន នាក់រងរបួសធ្ងន់ផងដែរ ។ យ៉ាងណាក៏ដោយ មកទល់នឹងពេលនេះ មិនទាន់បញ្ជាក់លម្អិតពីមូលហេតុនៅ ពីក្រោយការបាញ់ ប្រហារនេះ នៅឡើយទេ តែខ្មាន់កាំភ្លើង បាន បង្ហោះសារមួយចំនួននៅលើ Facebook ដែលមានខឹ្លមសារដូច្នេះថា៖ (ខ្ញុំពិតជានឿយហត់ណាស់...ខ្ញុំមិនអាចកម្រើកសូម្បីតែម្រាមដៃរបស់ខ្ញុំ ។ តើ ខ្ញុំគួរតែចុះចាញ់មែនទេ? ...រកស៊ីមានបានដោយសារតែពុករលួយ និងកេងប្រវ័ញ្ចពីអ្នកដទៃ ។ តើពួកគេគិតថាអាចយកលុយទាំងនោះទៅចាយ នៅឋានរកមែនឬទេ) ។