ហាងឆេងបុរសខ្លាំង ហ៊ុន សែន នឹងឡើងថ្លៃក្រោយសហភាពអឺរ៉ុបសំរេចព្យួរ EBA!

09-02-2020

សហភាពអឺរ៉ុបដែលអាច នឹងសម្រេចចិត្តព្យួរផ្នែកខ្លះ នៃប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជាដោយយល់ថា ជាការដាក់ទណ្ឌកម្មទៅ លើរដ្ឋាភិបាលក្រុងភ្នំពេញ ។ ប៉ុន្តែផ្ទុយទៅវិញ ខ្ញុំយល់ថាការសម្រេចចិត្តបែបនេះ ពិតជាបានផ្តល់ឱកាស មាសឲ្យនាយករដ្ឋមន្រ្តី ហ៊ុន សែន នូវ (កាដូពិសេស) ទៅវិញនោះទេ ។  កាដូនោះគឺការ (ធ្វើឲ្យហាងឆេងនាយករដ្ឋមន្រ្តី ហ៊ុន សែន កាន់តែឡើងថ្លៃខ្ពស់ ថែមទៀត) ។ ហេតុអ្វីបានជាខ្ញុំហ៊ាននិយាយ អះអាងយ៉ាងដូច្នេះ? មានហេតុផលសត្យានុម័តមួយ ចំនួនដែលអាចពន្យល់ រឿងនេះ បាន៖ ជាបឋមគេត្រូវដឹងថា កាលពី នៅមាន EBA ពេញលេញ សហភាពអឺរ៉ុបអាចនៅមានទឹកមាត់ប្រៃខ្លះក្នុងការនិយាយ ឬទាមទារនេះសំណូមពរនោះ ពីរដ្ឋាភិបាលដឹកនាំ ដោយនាយករដ្ឋមន្ត្រី ហ៊ុន សែន ។ ប៉ុន្តែពេល EBA ត្រូវបានព្យួរ ទោះជាមិន ព្យួរទាំងស្រុងក៏ដោយចុះ ក៏សហភាពអឺរ៉ុបអស់មានទឹកមាត់ប្រៃទៀតហើយទៅលើ រដ្ឋាភិបាលក្រុងភ្នំពេញ ។ បើនិយាយតាម បែបកីឡាបាល់ទាត់វិញ ការព្យួរ EBA នេះប្រៀបបានទៅ នឹងការផ្តល់ឱកាសឲ្យនាយករដ្ឋមន្ត្រី (ហ៊ុន សែន ទាត់ បាល់ប៉េណាល់ ទី៥គ្រាប់ ដោយគ្មានអ្នកចាំទី) ។ តើអ្វីទៅជាគ្រាប់បាល់ប៉េណាល់ទីទាំង៥ ដែលនាយករដ្ឋមន្ត្រីទទួល បានពីសហភាពអឺរ៉ុប?

ទី១- នាយករដ្ឋមន្ត្រី ហ៊ុន សែន មានហេតុផលគ្រប់គ្រាន់ និងឡូហ្ស៊ីកក្នុងការពន្យល់ ប្រជាពលរដ្ឋខ្មែរ តាមរយៈការបង្ហាញពីភាព អយុត្តិធម៌របស់ សហភាពអឺរ៉ុបដែល ប្រើប្រាស់ស្តង់ដារពីរ ពាក់ព័ន្ធនឹងប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ។ ហេតុផលនោះគឺនៅ ត្រង់ថា សហភាពអឺរ៉ុបដែល តែងតែលើកយកបញ្ហា ប្រជាធិបតេយ្យនិងការ គោរពសិទ្ធិមនុស្សមកធ្វើជា ស្នូលក្នុងទំនាក់ទំនង អន្តរជាតិនោះ បែរជាព្យួរ EBA ពីកម្ពុជា ហើយ ស្របពេលជាមួយគ្នានោះ ស្រាប់តែទៅចុះកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីជាមួយ វៀតណាម ។ ចំពោះចំណុចនេះនរណាក៏គេ អាចយល់បានដែរថា តើសហភាពអឺរ៉ុបកំពុងធ្វើអ្វី? ទន្ទឹមនឹងនោះ រដ្ឋាភិបាល ហ៊ុន សែន ក៏នឹងមានហេតុផលស្តីពីសារៈសំខាន់បំផុតនៃការការពារអធិបតេយ្យភាពជាតិ មកនិយាយដើម្បីទាក់ទាញ សមានចិត្តពី ប្រជាពលរដ្ឋខ្មែរឲ្យ បន្តគាំទ្រគណបក្សកាន់អំណាច កាន់តែខ្លាំងថែមទៀត ពីព្រោះពាក្យថា ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ដែលពួក លោកខាងលិច តែងតែលើកមក និយាយនោះ វាគ្រាន់តែជា លេសដើម្បីកេងចំណេញមក លើប្រទេសតូចតាច តែប៉ុណ្ណោះ ជាពិសេសគឺប្រើជាខែលដើម្បីជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសផ្សេងៗតែប៉ុណ្ណោះ ។

ទី២- ការសម្រេចចិត្តរបស់សហភាពអឺរ៉ុបក៏នឹងធ្វើឲ្យទំនាក់ទំនងរវាងអាស៊ាននិងអឺរ៉ុប ជួបប្រទះបញ្ហាកាន់តែធ្ងន់ធ្ងរទៅៗ ពីព្រោះសូមកុំភ្លេចថា (មុនសម្រេចកិច្ចការអ្វី មួយជាមួយអឺរ៉ុប អាស៊ានត្រូវការកុងសង់ស៊ុស) ។ ប៉ុន្តែពេលនេះមានប្រទេស កាន់តែច្រើនលើស៥០% នៃសមាជិកអាស៊ាន ទៅហើយដែល មិនពេញចិត្តនិងមានជម្លោះជា មួយនឹងសហភាពអឺរ៉ុប ។ ប្រទេសទាំងនោះមានជាអាទិ៍ ម៉ាឡេស៊ី, ឥណ្ឌូនេស៊ី ជុំវិញបញ្ហាដូងប្រេង, ហ្វីលីពីន ជុំវិញ បញ្ហាសិទ្ធិមនុស្សដោយសារ យុទ្ធនាការបង្ក្រាប គ្រឿងញៀនរបស់លោក ឌុយទែតេ, និងភូមា ជុំវិញសំណុំរឿង រ៉ូហិនយ៉ា។ល។ ឥឡូវនេះ អឺរ៉ុបបានបង្កបញ្ហាជាមួយកម្ពុជាមួយ ទៀតដែលធ្វើឲ្យទំនាក់ទំនងអាស៊ាន~អឺរ៉ុបកាន់តែមានបញ្ហាធ្ងន់ធ្ងរទៅៗ ។

ទី៣- ពាក់ព័ន្ធនឹងនយោបាយក្នុងស្រុកវិញ៖ រដ្ឋាភិបាលភ្នំពេញមានសេរីភាពពេញទីក្រោមហេតុផលនៃ ការអនុវត្តន៍គោល ការណ៍នីតិរដ្ឋ ក្នុងការសម្រេចសំណុំររឿងសំខាន់ៗ យ៉ាងហោចណាស់ក៏មាន៣ដែរ  នោះគឺ ជុំវិញវាសនាបក្សប្រឆាំងនៅកម្ពុជា, រឿងអង្គការសង្គមស៊ីវិល និងសារព័ត៌មានគាំទ្របក្ស ប្រឆាំងដែលតែងតែ ប្រព្រឹត្តប្រព្រឹត្តខុសច្បាប់និងបំពានច្បាប់ ហើយនិងការសម្រេចចិត្តស្នើសុំទៅព្រះមហាក្សត្រ ដើម្បីលើកលែងទោសលោក កឹម សុខា ឬក៏អត់ក្រោយបញ្ចប់សវនាការ សំណុំរឿងក្បត់ជាតិ ។ ម្យ៉ាងទៀតរដ្ឋាភិបាលកម្ពុជា ពិតជាអាចនឹងរឹតបន្តឹងការអនុវត្តន៍ច្បាប់ប្រឆាំងនឹងបាតុកម្មកូដកម្មខុសច្បាប់, ប្រឆាំងនឹងការផ្សាយព័ត៌មានក្លែងក្លាយ, រឹតបន្តឹងការអនុវត្តន៍ច្បាប់ស្តីពីការប្រមាថព្រះមហាក្សត្រ, ការរើសអើងជាតិសាសន៍ ការឃុបឃិតជាមួយបរទេសជាដើម ។ ការសម្រេចកិច្ចការទាំងនេះគឺជា សិទ្ធិស្វ័យសម្រេចទាំងស្រុងរបស់កម្ពុជា ជាពិសេសជាឆន្ទានុសិទ្ធរបស់នាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលគ្មានបរទេសណាមានទឹកមាត់ប្រៃ ចង់មកដើរតួ សម្របសម្រួល ឬធ្វើអន្តរាគម៍បានទៀតដូចមុនការព្យួរ EBA ទៀតនោះឡើយ ។

ទី៤- រដ្ឋាភិបាលនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងប្រែក្លាយការព្យួរ EBA នេះដើម្បី (រៀបចំផ្ទះឲ្យមានសណ្តាប់ធ្នាប់ ឡើងវិញតាម រយៈការពង្រឹងនីតិរដ្ឋ) ដើម្បីធានាឯក រាជ្យភាពទាំងខាងនយោបាយ និងសេដ្ឋកិច្ច ។ ក្នុងន័យនេះរដ្ឋាភិបាលភ្នំពេញពិតជាអាច នឹងប្រឹងប្រែងពង្រឹងអភិបាលកិច្ចល្អ, យុត្តិធម៌សង្គម និងការប្រយុទ្ធប្រឆាំងអំពើ ពុករលួយជាដើមដោយ (ប្រកាន់យកដំណើរ ការប្រជាធិបតេយ្យតាម លក្ខណៈពិសេសរបស់កម្ពុជា) ពោលគឺអាចនិយាយបានថា ការព្យួរ EBA បានក្លាយជាកម្លាំងចលករក្នុង ការជំរុញកំណែទំរង់ផងក៏ដូចជាសន្ទុះសេដ្ឋកិច្ចកម្ពុជាទៅវិញទេ ។ សំខាន់បំផុតជាងនេះទៅទៀតនោះ គឺផ្អែកលើបទ ពិសោធន៍ក្នុងរយៈពេល៤១ឆ្នាំកន្លងមកនេះរបស់បក្សកាន់ អំណាចជាពិសេស បុរសខ្លាំង ហ៊ុន សែន ក្នុងការដឹកនាំនិងគ្រប់គ្រង ប្រទេស ឆ្លងកាត់ដោយជោគជ័យ នូវការដាក់ទណ្ឌកម្ម នយោបាយ និងសេដ្ឋកិច្ចពីអន្តរជាតិក្រោយឆ្នាំ១៩៧៩ វិបត្តិសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុក្នុងឆ្នាំ ១៩៩៧ និង ២០០៨ ជាដើម ហើយជាពិសេសបំផុត គឺពាក្យ២ឃ្លាដែល បុរសខ្លាំង ហ៊ុន សែន តែងតែធ្លាប់លើក ឡើងតាំងពីប្រទេស និងប្រជាជនគ្មានអ្វីៗទាំងអស់រហូតដល់សព្វថ្ងៃមានអ្វីៗ គ្រប់បែបយ៉ាងថា (នាយករដ្ឋមន្រ្តី ហ៊ុន សែន និងបក្សប្រជាជនជានិច្ចជាកាលនៅរួមសុខ រួមទុក្ខ) និង (មិនដែលរត់ចោលប្រជាជនម្តងណាឡើយ) នោះ គឺជាហេតុផលជាក់ ស្តែងបំផុត ដែលប្រជាជនងាយ ជឿជាក់ទុកចិត្តនិងគាំទ្រ នាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងស្មារតី (មិនយកអធិប្បតេយ្យជាតិទៅ ដោះដូរជាមួយជំនួយបរទេស ) ។

ទី៥- នៅលើសមរភូមិភូមិសាស្ត្រនយោបាយវិញ, ការសម្រេចចិត្តរបស់សហភាពអឺរ៉ុបនឹងកាន់តែជំរុញឲ្យរដ្ឋាភិបាលក្រុងភ្នំពេញ ខិតកាន់តែជិតស្និទ្ធថែមទៀតជាមួយចិន ខណៈដែលចិនកំពុងពង្រីកឥទ្ធិពលភូមិសាស្ត្រ នយោបាយរបស់ខ្លួនមកកាន់តំបន់ អាស៊ីប៉ាស៊ីហ្វិក ក្នុងនោះអាស៊ីអាគ្នេយ៍ក៏ជាគោលដៅដ៏សំខាន់មួយរបស់មហាយក្សចិន ។ ដោយឡែកកម្ពុជាគឺជាមិត្ត ជិតស្និទ្ធរបស់ ចិនស្រាប់ ។ ជាក់ស្តែងប្រធានាធិបតីចិន ស៊ី ជីនពីង ធ្លាប់បានប្រកាស ពីពេលថ្មីៗកន្លងទៅនេះថា (មិត្តភាពកម្ពុជា~ចិនគឺជាមិត្តភាពដែកថែប) ហើយក្នុងដំណើរទស្សន កិច្ចរបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅកាន់ប្រទេសចិនកាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០ នេះ លោក ស៊ីជីនពីង ក៏បានកត់សម្គាល់បញ្ជាក់សារជាថ្មីទៀតថា (កម្ពុជាគឺជាមិត្តដ៏ស្មោះត្រង់ពិតប្រាកដរបស់
ចិន) ពីព្រោះទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីកម្ពុជា បានធ្វើឡើងក្នុងខណៈពេលដែលចិន កំពុងជួបប្រទះបញ្ហានៃ ការរាតត្បាតនៃ វីរុសកូរ៉ូណា ។ ជាការឆ្លើយតបចំពោះទឹកចិត្តនិង វត្តមានរបស់នាយករដ្ឋមន្រ្តី ហ៊ុន សែន នៅប៉េកាំងក្នុងគ្រាដ៏លំបាកនេះ (ចិនក៏បានសម្រេចមិនត្រឹមតែ រក្សាការវិនិយោគរបស់ខ្លួន ដែលកំពុងមានស្រាប់នៅកម្ពុជានោះទេ ប៉ុន្តែជាងនេះទៅទៀត ក៏បានសន្យាយ៉ាងម៉ឹងម៉ាត់ថា នឹងបង្កើនការវិនិយោគ ដោយផ្ទាល់មកកាន់កម្ពុជា ច្រើនថែមទៀត និងបន្តផ្តល់ជំនួយបន្ទាន់ គ្រប់យ៉ាងតាមដែលកម្ពុជាត្រូវការ) ។ បើនិយាយអោយខ្លី និងកាន់តែងាយយល់នោះ គឺការសម្រេចចិត្តរបស់សហភាព អឺរ៉ុបនេះពិតជាបានជំរុញឲ្យរដ្ឋាភិបាល ដឹកនាំដោយនាយករដ្ឋមន្រ្តី ហ៊ុន សែន មាន ឱកាសកាន់តែច្រើនក្នុងការងាក ទៅរឹតចំណងមិត្តភាពជាមួយចិនកាន់តែរឹងមាំថែមទៀត ។ ហេតុដូច្នេះសូមកុំបន្ទោសនិង ទំលាក់កំហុសមកលើនាយករដ្ឋមន្រ្តី ហ៊ុន សែន អី ពីព្រោះរវាងជំនួយរបស់សហភាពអឺរ៉ុបដែលមានលក្ខខណ្ឌចងភ្ជាប់យ៉ាងតឹងរ៉ឹង ជាមួយការបង្វិលក្បាលម្ចាស់ ប្រទេស ធៀបនឹងជំនួយចិនដែលគ្មានលក្ខខណ្ឌ អ្វីទាំងអស់ច្បាស់ណាស់ថា គ្មានអ្នកណាមិនចាប់យកជំនួយចិននោះឡើយ ។ ហេតុផលដូចបានលើកឡើងខាងដើម គឺជាភស្តុតាងបញ្ជាក់ថា សហភាពអឺរ៉ុប ដែលអាចនឹងសម្រេចចិត្តព្យួរផ្នែកខ្លះនៃ EBA ពីកម្ពុជាគឺជាការសម្រេចចិត្តដ៏ខុសឆ្គង និងអយុត្តិធម៌បំផុតក្នុង បរិបទនៃពិភពលោកពហុប៉ូល ។ ការសម្រេចដ៏ខុសឆ្គងនេះក៏អាច ធ្វើឲ្យសហភាពអឺរ៉ុបកាន់តែ បាត់បង់ទីតាំងឈរជើងនៅអាស៊ីអាគ្នេយ៍ និយាយជារួម និងនៅកម្ពុជា និយាយដោយឡែក ។ ពាក់ព័ន្ធនឹងនយោបាយផ្ទៃក្នុងរបស់កម្ពុជាវិញ ការសម្រេចចិត្តខុសឆ្គងរបស់សហភាពអឺរ៉ុប មិនបានក្លាយជាសម្ពាធមកលើ រដ្ឋាភិបាលទេ។ ផ្ទុយទៅវិញ វាបានក្លាយជាព្រនង់ដែលសំពង ទៅលើក្រុមប្រឆាំងទៅវិញតែប៉ុណ្ណោះ ។ ចំណែក ឯរដ្ឋាភិបាល កម្ពុជាវិញ តាមរយៈការសម្រេចចិត្តដ៏ ខុសឆ្គងរបស់សហភាពអឺរ៉ុបនេះ កម្ពុជាកាន់តែក្លាយជា រដ្ឋឯករាជ្យពីសម្ពាធបរទេស និងក៏ជាឱកាសដើម្បីពង្រឹងខ្លួនឲ្យកាន់តែរឹងមាំថែមទៀតដោយឈរលើកម្លាំងខ្លួនឯង ។ ហើយបើនិយាយតាម បែបផ្សេងគឺ (ហាងឆេងរបស់នាយករដ្ឋមន្រ្តី ហ៊ុន សែន កាន់តែឡើងខ្ពស់ដោយសារការសម្រេចចិត្តដ៏ខុសឆ្គងរបស់សហភាពអឺរ៉ុបក្នុងការព្យួរ EBA ពីកម្ពុជា) ។