រដ្ឋមន្ត្រីក្រសួងសុខាភិបាល៖ ជនជាតិចិនដែលជាសះស្បើយពីជំងឺផ្លូវដង្ហើមថ្មី នឹងចាកចេញពីមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ នៅថ្ងៃស្អែក, វត្តមានជំងឺកូរ៉ូណានៅកម្ពុជាបានបញ្ចប់

10-02-2020

ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានបញ្ជាក់ប្រាប់ឲ្យដឹងថា ជនជាតិចិនម្នាក់ ដែលទើបនឹងជាសះស្បើយ ពីជំងឺផ្លូវដង្ហើមថ្មីកូរ៉ូណា ក្រោយពីសម្រាកព្យាបាល នៅខេត្តព្រះសីហនុនោះ នឹងចាកចេញពីមន្ទីរពេទ្យនេះ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ នេះ។ វត្តមានជំងឺកូរ៉ូណានៅកម្ពុជាពេលនេះបានបញ្ចប់ហើយ ។ ជនជាតិចិនរូបនេះមានឈ្មោះ ចា ជិនហូរ អាយុ៦០ឆ្នាំ បានធ្វើដំណើរមកពីទីក្រុងវូហាន ជាមួយក្រុមគ្រួសារ៣នាក់ទៀត មកដល់ក្រុងព្រះសីហនុ ប្រទេសកម្ពុជា កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ ។ បន្ទាប់ពីមកដល់រយៈពេល២ថ្ងៃ លោកមានអាការៈក្អក ក្តៅខ្លួនខុសធម្មតា ហើយត្រូវបានមន្រ្តីសុខាភិបាល យកសំណាកបំពងកទៅពិនិត្យឃើញថា គាត់មានជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មីកូរ៉ូណា នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ ព្រមទាំង ដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ។ ឯកឧត្តមរដ្ឋមន្រ្តី ម៉ម ប៊ុនហេង បានបង្ហាញដោយភាពរីករាយ និងអបអរសាទរជាមួយនឹង ជោគជ័យនៃសុខាភិបាលកម្ពុជា ក្នុងការព្យាបាលអ្នកជំងឺ ផ្លូវដង្ហើមថ្មីកូរ៉ូណា ឱ្យជាសះស្បើយ ខណៈដែលអ្នកជំងឺនេះប្រមាណ២១៥២នាក់ ត្រូវបានព្យាបាលឱ្យជាសះស្បើយនៅលើពិភពលោក ។ បើតាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ជនជាតិចិនខាងលើនេះ ក៏នឹងចាកចេញពីប្រទេសកម្ពុជា នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ ខាងមុខនេះផងដែរ បន្ទាប់ពីរូបគេបានជាសះស្បើយចាកចេញពីមន្ទីរពេទ្យ ។ អ្នកនាំពាក្យក្រសួងសុខាភិបាល ឯកឧត្តម លី សូវ៉ាន់ ក៏បានបញ្ជាក់ដែរថា គិតរហូតដល់ថ្ងៃទី០៩ ខែកុម្ភ: ឆ្នាំ២០២០នេះ ពុំទាន់រកឃេីញករណីជំងឺកូរ៉ូណាវីរុសថ្មីបន្ថែមទៀតទេ ។