សម្តេចតេជោ ហ៊ុន សែន ទទួលជួបជាមួយប្រធានាធិបតីឡាវ ដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា

09-02-2020

លោក ប៊ុនញ៉ាំង វរជីត ( Bounnhang VORACHITH) អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈឹមបក្សប្រជាជនបដិវត្តន៍ឡាវ និងជា ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិប តេយ្យប្រជាមានិតឡាវ បានជួបពិភាក្សា ការងារជាមួយ សម្តេចតេជោ ហ៊ុន សែន នាយក រដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព ។ លោកប្រធានាធិបតីឡាវ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ឡាវ អញ្ជើញ មកដល់ប្រទេសកម្ពុជា នៅវេលាម៉ោង៨៖៤៥នាទី ព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២០នេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋ រយៈពេល២ ថ្ងៃ គឺនៅថ្ងៃទី០៩-១០ ខែកុម្ភៈ ឆ្នាំ២០២០ តបតាមការអញ្ជើញរបស់ ព្រះមហាក្សត្រជីវិតតម្កល់លើត្បូង ។នៅព្រលានយន្តហោះ អន្តរជាតិភ្នំពេញ លោកប្រធានាធិបតីឡាវ ត្រូវបានទទួលស្វាគមន៍យ៉ាង កក់ក្តៅពីមន្រ្តីជាន់ខ្ពស់កម្ពុជា គឺសម្តេចចៅហ្វាវាំង គង់ សំអុល រដ្ឋមន្រ្តីព្រះបរមរាជវាំង និង ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។ក្នុងអំឡុងពេល ទស្សនកិច្ចនេះ លោក ប៊ុនញ៉ាំង វរជីត បានចូលគាល់ព្រះមហាក្សត្រ ជីវិតតម្កល់លើត្បូង អញ្ជើញដាក់កម្រងផ្កានៅវិមានឯករាជ្យ និងគោរពព្រះវិញ្ញាណក្ខន្ធនៅមណ្ឌប ព្រះករុណា ព្រះបាទ សម្ដេចព្រះ នរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ អតីតព្រះមហាក្សត្រ កម្ពុជា ។ បន្ថែមពីនេះ លោកបានជួបជាមួយ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាផងដែរ ។ ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ លោក ប៊ុនញ៉ាំង វរជីត គឺជាព្រឹត្តិការណ៍ដ៍មានអត្ថន័យ ជ្រាលជ្រៅបន្ថែមទៀត ដើម្បីពង្រឹងភាពជាដៃគូ យុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងយូរអង្វែង ក៏ដូចជា រឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងប្រទេសនិងប្រជាជន ដែលជាអ្នកជិតខាងល្អទាំងពីរ ឲ្យកាន់តែប្រសើរ ឡើងថែមទៀត ។ នេះជាទស្សនកិច្ចផ្លូវរដ្ឋលើកទី២ហើយ សម្រាប់ លោក ប៊ុនញ៉ាំង វរជីត ក្នុងតំណែងជាប្រធានាធិបតីឡាវ មកកាន់ប្រទេសកម្ពុជា ដែលលោកក៏ធ្លាប់បានមកបំពេញទស្សនកិច្ចផ្លូវរដ្ឋម្តងផងដែរ កាលពីខែកុម្ភៈ ឆ្នាំ២០១៧ ។