របាយការណ៍ កងទ័ពអាមេរិកពីរនាក់ស្លាប់ ក្នុងការផ្ទុះអាវុធជាមួយជនស្លៀកឯកសណ្ឋាន កងទ័ពអាហ្វហ្គានីស្ថាន នៅខេត្ត Nangarhar

09-02-2020

កងទ័ពអាមេរិក និងកងទ័ពអាហ្វហ្គានីស្ថាន បានរងការវាយប្រហារពីកងទ័ពម្នាក់ ស្លៀកឯកសណ្ឋានកងទ័ពអាហ្វហ្គានីស្ថាន នៅក្នុង ខេត្ត Nangarhar ភាគខាងកើតប្រទេស ដោយបណ្ដាលឱ្យមានអ្នក បាត់បង់ជីវិតទាំងសងខាងផងដែរ ។ នេះបើតាមការចេញ ផ្សាយ ដោយសារព័ត៌មាន New York Times នៅថ្ងៃអាទិត្យ ទី០៩ ខែកុម្ភៈ ឆ្នាំ២០២០ ។ ក្រុមអាមេរិកអាមេរិក បាននិយាយថា ពួកគេមិនទាន់ ដឹងច្បាស់ឡើយថាតើ ក្រុមសកម្មប្រយុទ្ធ បានបន្លំស្លៀកឯកសណ្ឋាន ជាកងទ័ពអាហ្វហ្គានីសា្ថន បើកការបាញ់ ប្រហារមកលើកងទ័ព អាមេរិក នៅក្នុងខេត្ត Nangarhar ឬក៏កងទ័ពសម្ព័ន្ធមិត្តទាំង ពីរបាញ់ប្រហារគ្នាដោយផ្ទាល់ ឬក៏យ៉ាងណានោះទេ ខណៈការស៊ើប អង្កេត មួយកំពុងធ្វើឡើង ។ គួរជម្រាបថា បើតាមសារព័ត៌មាន New York Times ដោយផ្អែកលើប្រភពពីក្រុមមន្ត្រីអាហ្វហ្គានីស្ថាន កងទ័ពអាមេរិកពី៥ ទៅ៦នាក់ និងកងទ័ពអាហ្វហ្គានីស្ថាន ៦នាក់ បានស្លាប់នៅក្នុងការបាញ់ប្រហារខាងលើ ដែលកើតឡើងកាលពី ថ្ងៃសៅរ៍ម្សិលមិញ រីឯជាច្រើននាក់ទៀតរងរបួស ។ ប៉ុន្តែ នៅថ្ងៃអាទិត្យនេះ យោធា អាមេរិកបានអះអាងថា យោធារបស់ខ្លួន ២នាក់បានស្លាប់ និង៦នាក់ រងរបួស ។ បច្ចុប្បន្ន កងទ័ពអាមេរិក ១៣,០០០នាក់ កំពុងឈរជើងនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ចាប់តាំងពីសហរដ្ឋអាមេរិកធ្វើអន្តរាគមយោធាផ្ដួលរំលំ របបដឹកនាំតាលីបង់ បន្ទាប់ពីការវាយប្រហារមហាភេរវកម្មថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ ។