ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត កោតសរសើរយោធភូមិភាគទី៥ ដែលយកចិត្តទុកដាក់បំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់

10-02-2020

ក្នុងពិធីបូកសរុបលទ្ធផលការងារយោធា សន្តិសុខ ឆ្នាំ២០១៩ និងផ្សព្វផ្សាយផែនការសកម្មភាព ការងារយោធា សន្តិសុខ ឆ្នាំ ២០២០ របស់យោធភូមិភាគទី៥ នៅទី១០ ខែកុម្ភៈ ឆ្នាំ២០២០នេះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកង យោធពលខេរមភូមិន្ទ មេបញ្ជាការកងទ័ព ជើងគោកកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់យោធភូមិ ភាគទី៥ ដែលពេញមួយឆ្នាំ២០១៩ កន្លងទៅនេះ ។ ឯកឧត្តមបានលើកឡើងថា រយៈពេលកន្លងទៅនេះ យោធភូមិភាគទី៥ បានយកចិត្តទុកដាក់បំពេញ ភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី, ការធានានូវសន្តិភាព, ស្ថិរភាព, សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈបានល្អប្រសើរ និងការកសាងពង្រឹងអង្គ ភាពរឹងមាំលើ គ្រប់វិស័យ ក៏ដូចជាការចូលរួមចំណែកក្នុង ការអនុវត្តផែនការកែទម្រង់កង យោធពលខេមរភូមិន្ទ ដែលកំពុងដំណើរការ ។ឯកឧត្តមបានបន្តថា សមិទ្ធផលការងារទាំងនេះ ស្តែងឱ្យឃើញអំពី កិច្ចខិតខំប្រឹងប្រែងប្រកបដោយពលិកម្ម និងការប្តេជ្ញា ចិត្តរបស់មេបញ្ជាការ មេបញ្ជាការរងគ្រប់លំដាប់ថ្នាក់ នាយទាហាន នាយទាហានរង និងពលទាហានទូទាំងយោធភូមិភាគទី៥ ហើយក៏អាចនិយាយបានថា ជាផ្លែផ្កានៃសាមគ្គីភាព និងឯកភាពផ្ទៃក្នុងល្អ ដែលថ្នាក់ដឹកនាំ និងយោធិនទូទាំងយោធភូមិភាគទី៥ បានខិតខំរួបរួមគ្នា សម្រេចបានក្នុងរយៈកាលកន្លងមកនេះ ហើយសង្ឃឹមយ៉ាងមុតមាំថា ថ្នាក់ដឹកនាំ ព្រមទាំងយោធិនទូទាំង យោធភូមិភាគទី៥ នឹងបន្តប្រកាន់ខ្ជាប់នូវស្មារតី និងគោលការណ៍ទាំងនេះ ដើម្បីធានាបាន នូវនិរន្តរភាពការងារ និងការរីកចម្រើន របស់យោធភូមិភាគបន្តទៅមុខទៀត ។ មេបញ្ជាការកងទ័ពជើងគោក បានគាំទ្រ និងជំរុញឱ្យបន្តកិច្ចខិតខំប្រឹងប្រែង ដោយប្រកាន់ យកការសម្រេចចិត្តច្បាស់លាស់ និងប្រុងប្រយ័ត្ន ជាមួយនឹងការគិតគូរ ពិចារណាគ្រប់ជ្រុងជ្រោយ ក្នុងការបំពេញតួនាទី និងភារ កិច្ចក្នុងនាមកងយោធខេមរភូមិន្ទ ស្របតាមរដ្ឋធម្មនុញ្ញ, ច្បាប់ និងនយោបាយការពារជាតិរបស់ព្រះរាជាណាចក្រកម្ពុជា ដើម្បីសម្រេចបានសមិទ្ធិផល កាន់តែល្អប្រសើរជូនជាតិ ប្រជាជន និងមាតុភូមិយើង ។