ព្រឹកថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានស្តារ និងសាងសង់ផ្លូវជាតិលេខ២ និង២២

11-02-2020

បន្ទាប់ពីការទន្ទឹងរង់ចាំអស់ ជាយូរខែថ្ងៃផ្លូវជាតិលេខ២ និងលេខ២២ ប្រវែងសរុបជាង ៧២គីឡូម៉ែត្រ ត្រូវចាប់ផ្តើមបើកការដ្ឋាន ស្តារ និងសាងសង់ឡើងវិញហើយ ដើម្បីសម្រួលដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋឱ្យ កាន់តែងាយស្រួល ។ ពិធីបើកការដ្ឋាន ស្តារ និងសាងសង់ផ្លូវទាំងពីរខ្សែនេះ ធ្វើឡើងក្រោមអធិប តីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា និងលោក ផាក ហ៉ឹងឃ្យុង (Park Heung-Kyeong) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំនៅកម្ពុជានៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០នេះ ។ គម្រោងធ្វើឱ្យប្រសើរឡើង វិញកំណាត់ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ មានប្រវែងសរុប ៧២.១៧គីឡូ ម៉ែត្រ ។ ក្នុងនោះកំណាត់ផ្លូវ ជាតិលេខ២ ចាប់ពីរង្វង់មូលតាខ្មៅ ដល់អូរចំបក់ មានប្រវែង ៦២.៥៦គីឡូម៉ែត្រ (ឆ្លងកាត់រាជធានីភ្នំពេញ ប្រវែង ៥.៤គីឡូម៉ែត្រ ខេត្តកណ្តាល ប្រវែង ១៤.២១គីឡូម៉ែត្រ និងខេត្តតាកែវ ប្រវែង ៥២.៥៦គីឡូម៉ែត្រ) និងផ្លូវជាតិ២២ ពីអូរចំ បក់ ដល់អង្គតាសោម មានប្រវែង ៩.៦១គីឡូម៉ែត្រ ស្ថិតក្នុងភូមិសាស្រ្ត ខេត្តតាកែវ ។ គម្រោងស្តារឡើងវិញផ្លូវទាំងពីរខ្សែនេះ បែងចែកជា៣ផ្នែក រួមមាន ផ្នែកទី១- ចាប់ពីរង្វង់មូលតាខ្មៅ ដល់ផ្លូវប្រសព្វមហាវិថី សម្តេចតេជោហ៊ុនសែន ប្រវែងជាង ៤គីឡូ ម៉ែត្រ នឹងត្រូវពង្រីកទទឹងតួ ផ្លូវរហូតដល់ ២០ម៉ែត្រ មានគន្លងផ្លូវធ្វើ ចរាចរណ៍សម្រាប់រថយន្ដ និងម៉ូតូ ចែកចេញជាបួនគន្លង (២គន្លងទៅ ២គន្លងមក) បែងចែកដោយគំនូសចែកទ្រូងផ្លូវ សាងសង់ចិញ្ចើមផ្លូវសងខាង ផ្លូវថ្មើរជើងសងខាង ប្រព័ន្ធរំដោះទឹក បំពាក់ផ្លាកសញ្ញាចរាចរណ៍ គំនូសចរាចរណ៍ បង្គោលគីឡូម៉ែត្រ បង្គោលសុវត្ថិភាព និងអំពូលអគ្គិសនីបំភ្លឺផ្លូវ នៅតាមទីប្រជុំជន ។ផ្នែកទី២- ចាប់ពីផ្លូវប្រសព្វមហាវិថី សម្តេចតេជោ ហ៊ុន សែន ដល់រង្វង់មូលកួរស្រូវ ប្រវែងជាង ៤គីឡូម៉ែត្រ នឹងត្រូវពង្រីកទទឹងតួ ផ្លូវរហូតដល់ ២០.៥០ម៉ែត្រ ចែកចេញជាបួនគន្លង (២គន្លងទៅ ២គន្លងមក) ក្នុងនោះរួមមាន គន្លងផ្លូវធ្វើចរាចរណ៍សម្រាប់រថយន្ដ និងម៉ូតូ បែងចែកដោយរបាំងថ្មពុះចែកទ្រូងផ្លូវ បំពាក់ផ្លាកសញ្ញាចរាចរណ៍គំនូសចរាចរណ៍ បង្គោលគីឡូម៉ែត្រ បង្គោលសុវត្ថិភាព និងអំពូលអគ្គិសនីបំភ្លឺផ្លូវ នៅតាមទីប្រជុំជន ។ ផ្នែកទី៣- ចាប់ពីរង្វង់មូលកួរស្រូវ ដល់ផ្លូវបំបែកផ្លូវជាតិលេខ៣ (អង្គតាសោម) ប្រវែងជាង ៦៣គីឡូម៉ែត្រ នឹងត្រូវពង្រីកទទឹងផ្លូវរហូតដល់ ១៣ម៉ែត្រ ចែកចេញជាពីរគន្លង (១គន្លងទៅ ១គន្លងមក) ។ រួមមាន គន្លងផ្លូវធ្វើចរាចរណ៍សម្រាប់រថយន្ដ និងម៉ូតូ បែងចែកដោយគំនូសចែកទ្រូងផ្លូវ សាងសង់ប្រព័ន្ធរំដោះទឹកនៅតាមទីប្រជុំជន បំពាក់ផ្លាកសញ្ញាចរាចរណ៍ គំនូសចរាចរណ៍ បង្គោលគីឡូម៉ែត្រ បង្គោលសុវត្ថិភាព និងអំពូលអគ្គិសនីបំភ្លឺផ្លូវ នៅតាមទីប្រជុំជន ។ ផ្លូវទាំងពីរខ្សែនេះ នឹងសាងសង់ជាប្រភេទ ផ្លូវបេតុងកៅស៊ូ AC ដោយគ្រោងចំណាយថវិកាសរុបប្រមាណ ៥៦.១លានដុល្លារ អាមេរិកជាហិរញ្ញប្ប ទានពីរដ្ឋាភិបាល សាធារណរដ្ឋកូរ៉េ រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះ ស្រាយផលប៉ះពាល់ ការបោសសម្អាតគ្រាប់ មីននិងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករ ។ ផ្លូវនេះទទួលបានសិទ្ធិសាងសង់ ពីរដ្ឋាភិបាលកូរ៉េខាងត្បូង ដោយក្រុមហ៊ុន Hanshin Engineering & Construction Co., Ltd និងត្រួតពិនិត្យបច្ចេកទេស សាងសង់ដោយសម្ព័ន្ធក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស Dasan Consultants Co., Ltd, Dong Il Engineering Consultants Co., Ltd, និង Seoyoung Engineering Co., Ltd Joint Venture ដោយប្រើរយៈពេលសាងសង់ចំនួន ៣០ខែ គិតចាប់ពីខែតុលា ឆ្នាំ២០១៩ រហូតដល់ខែមេសា ឆ្នាំ២០២២ ។ ប្រជាពលរដ្ឋដែលរស់នៅតាម បណ្តោយផ្លូវជាតិលេខ២ និងលេខ២២ បានទន្ទឹងរង់ចាំការសាង សង់នេះអស់ជាយូរខែមកហើយ ។ ពួកគេតែងតែជជីកសួរផងដែរថា តើពេលណាទើបផ្លូវនេះចាប់ផ្តើមសាងសង់ ព្រោះសភាពផ្លូវ តូចចង្អៀតដូចពេល បច្ចុប្បន្នបង្កផលលំបាក ច្រើនសម្រាប់ការធ្វើដំណើរ ។ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង សាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ការយឺតយ៉ាវក្នុងការ ចាប់ផ្តើមសាងសង់ផ្លូវនេះ ដោយសារការសិក្សាដំបូងកំណាត់ ផ្លូវជាតិនេះនឹងត្រូវសាងសង់ ចាប់ពីរង្វង់មូលកួរស្រូវ ដល់អង្គតាសោម តែប៉ុណ្ណោះ។ ប៉ុន្តែដោយពិនិត្យឃើញពីកំណើនការអភិវឌ្ឍ និងទំហំចរាចរណ៍ ចាប់ពីរង្វង់មូលតាខ្មៅ ដល់រង្វង់មូលកួរស្រូវ ទើបភាគីកម្ពុជា បានស្នើសុំទៅភាគីកូរ៉េខាងត្បូង សិក្សាបូកបន្ថែម ការសាងសង់កំណាត់ ផ្លូវជាតិនេះទៅក្នុងគម្រោងទាំងមូល ។ ឯកឧត្តមរដ្ឋមន្ត្រី បន្តថា ការដាក់ចេញ គម្រោងថ្មីនេះ ទាមទារការ រៀបចំនីតិវិធី និងបែបបទនានា ដើម្បីទទួលបានហិរញ្ញប្ប ទានបន្ថែមពីដៃគូអភិវឌ្ឍន៍ ដែលធ្វើឱ្យមានការយឺតយ៉ាវដល់ ការចាប់ ផ្តើមសាងសង់ ។ ឯកឧត្តម ទេសរដ្ឋមន្ត្រី បានលើកឡើងថា ក្រោយពេលស្តារឡើងវិញ ផ្លូវជាតិខាងលើនេះ នឹងជួយលើកកម្ពស់ ប្រសិទ្ធភាពនៃការធ្វើដំណើរ និងប្រព័ន្ធភស្តុភារ កម្មរបស់កម្ពុជា សំដៅសម្រួលដល់ការ ដឹកជញ្ជូនផលិតផល ដំណាំកសិផល និងកសិ-ឧស្សាហកម្មរបស់ ក្រុមហ៊ុនវិនិយោគ និងបងប្អូនប្រជាពលរដ្ឋមក ពីគ្រប់តំបន់នៅទូទាំងប្រទេស ទៅកាន់ទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ ជាពិសេសតាមរយៈច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា-វៀតណាម (ភ្នំដិន-ទិញបៀន) ប្រកបដោយភាព ងាយ ស្រួល ឆាប់រហ័ស និងចំណាយតិច ។ ដោយឡែកទំហំចរាចរណ៍ ធ្វើដំណើរតាមរយៈផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ៤ ឆ្ពោះទៅ កាន់ខេត្តកែប ខេត្តកំពត និងខេត្តព្រះសីហនុ នឹងបានធូរស្រាល មួយកម្រិតថែមទៀត ប្រសិនបើប្រជាពលរដ្ឋជ្រើស រើសយកការ ធ្វើដំណើរទៅកាន់ខេត្តទាំងនេះ តាមរយៈផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ ។