ចំនួនអ្នកឆ្លងវីរុសកូរ៉ូណាថ្មី ក្នុងកប៉ាល់ទេសចរណ៍នៅជប៉ុន «កើនដល់១៦១នាក់» ក្នុងចំណោមមនុស្សជិះទាំងអស់ជាង៣,៧០០នាក់!

11-02-2020

អាជ្ញាធរជប៉ុនបានប្រកាសឲ្យដឹង នៅព្រឹកថ្ងៃអង្គារនេះថា ការធ្វើតេស្តរកមើលវីរុសកូរ៉ូណាថ្មី នៅក្នុងខ្លួនអ្នកដំណើរជាបន្តបន្តាប់ នៅលើកប៉ាល់ទេសចរណ៍ខ្នាតយក្ស ដាយមិនដ៍ ព្រីនសេស (Diamond Princess) បានរកឃើញអ្នក ឆ្លងវីរុសមានប្រភពពីចិននេះ កើនឡើងដល់ ១៦១នាក់ហើយ ខណៈកាលពីថ្ងៃចន្ទ ម្សិលមិញនេះគឺមានតែ ១៣០នាក់ប៉ុណ្ណោះ ។ នេះបើតាមការចេញ ផ្សាយ ដោយ Kyodo នាព្រឹកថ្ងៃអង្គារ ទី១១ ខែកុម្ភៈ ឆ្នាំ២០២០ ។ កប៉ាល់ទេសចរណ៍ Diamond Princess ជាកម្មសិទ្ធិរបស់ក្រុមហ៊ុន អាមេរិក Princess Cruise Lines Ltd. ត្រូវបានដាក់ឲ្យស្ថិតនៅ ក្រោមការពិនិត្យតាម ដានរយៈពេលពីរសប្តាហ៍ នៅពេលមក ដល់ទីក្រុង យ៉ូកូហាម៉ា (Yokohama) ប្រទេសជប៉ុន កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោយអតីតអ្នកដំណើរម្នាក់របស់កប៉ាល់ ដែលបានចុះនៅទីក្រុងហុងកុង កាលពីខែមុនត្រូវបាន ធ្វើតេស្តរកឃើញថា មានផ្ទុកវីរុសកូរ៉ូណាថ្មី ។ កប៉ាល់នោះមានផ្ទុកអ្នក ដំណើរ និងបុគ្គលិករបស់ កប៉ាល់ផ្ទាល់សរុបជាង ៣,៧០០នាក់ ប៉ុន្តែវាមិនទាន់ច្បាស់នោះទេថា អាជ្ញាធរជប៉ុននឹងធ្វើតេស្តលើ ពួកគេទាំងអស់តែម្តង ឬក៏យ៉ាងណាឡើយ ។ គួរជម្រាបថា កាលពីថ្ងៃអាទិត្យ សប្តាហ៍មុននេះមនុស្សជាង ៣,៦០០នាក់ នៅលើក ប៉ាល់ទេស ចរណ៍ខ្នាតធំមួយគ្រឿងទៀត នៅឯទីក្រុងហុងកុង ដែលរួមមានអ្នកដំណើរ និងបុគ្គលិករបស់កប៉ាល់ ទីបំផុតត្រូវបាន អនុញ្ញាតឲ្យចុះពីលើកប៉ាល់ បន្ទាប់ពីត្រូវបានហាម មិនឲ្យចុះចាប់តាំងតែពី ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០ គឺពីរថ្ងៃក្រោយករណីក ប៉ាល់ទេសចរណ៍ Diamond Princess នៅជប៉ុន ដើម្បីធ្វើតេស្តរកវីរុស កូរ៉ូណាប្រភេទថ្មី ព្រោះកប៉ាល់នោះក៏ធ្លាប់ដឹកអ្នកដំណើរ ដែលក្រោយមកត្រូវបានរកឃើញថាឆ្លងវីរុសដែរ ។ អាជ្ញាធរសុខាភិបាលក្រុងហុងកុងបានប្រកាស ថា ពុំមានអ្នកឆ្លងវីរុសកូរ៉ូណា 2019-nCoV នៅលើកប៉ាល់ទេសចរណ៍នោះឡើយ ដែលមានឈ្មោះថា វើលដ៍ឌ្រីម (World Dream) ។