អង្គការសុខភាពពិភពលោក

12-02-2020

ប្រធានអង្គការសុខភាពពិភពលោក (WHO) លោក ថេដ្រូស អាដាណម ហ្គេប្រេយេសឹស (Tedros Adhanom Ghebreyesus) បានប្រកាសថា ការផលិតវ៉ាក់សាំងសម្រាប់វីរុសកូរ៉ូណាថ្មី ដែលទើបតែមានឈ្មោះជាផ្លូវការ Covid-19 អាចនឹងត្រូវបានផលិត រួចរាល់នៅក្នុងរយៈពេល ១៨ខែខាងមុខនេះ ខណៈចំនួនអ្នកស្លាប់នៅក្នុងប្រទេសចិននៅតែបន្តកើនឡើង ។ នេះបើតាមការ ចេញផ្សាយដោយស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី១២ ខែកុម្ភៈ ឆ្នាំ២០២០ ។ លោក Tedros ធ្វើការកត់សម្គាល់ខាងលើ នៅឯសន្និសីទ សារព័ត៌មានមួយក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស នៅថ្ងៃអង្គារសប្ដាហ៍នេះ។ លោកប្រធាន WHO បានគូសបញ្ជាក់យ៉ាងដូច្នេះថា (ការអភិវឌ្ឍ និងផលិតវ៉ាក់សាំង ព្រមទាំងវិធីសាស្ត្រព្យាបាល គឺជាផ្នែកមួយដ៏សំខាន់នៃរបៀបវារៈក្នុងការសិក្សាស្រាវជ្រាវ... ប៉ុន្តែវាត្រូវការពេលវេលាខ្លះ ហើយខ្ញុំយល់ថា វ៉ាក់សាំងដំបូងអាចនឹងត្រូវបានផលិតរួចរាល់នៅក្នុងរយៈពេល ១៨ខាងមុខទៀត នេះ) ។ លោក Tedros បន្ថែមថា នៅក្នុងរយៈពេលដែលមិនទាន់មានវ៉ាក់សាំង ប្រទេសទាំងឡាយគួរតែប្រើប្រាស់វិធានការ ដែលខ្លួនកំពុង អនុវត្ត ក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុស Covid-19 ។ គួរជម្រាបថា គណៈកម្មការសុខាភិបាលចិនបានបញ្ចេញនូវរបាយការណ៍ថ្មី នៅព្រឹកថ្ងៃពុធ ទី១២ ខែកុម្ភៈ ឆ្នាំ២០២០ នេះដោយបញ្ជាក់ថា ចំនួនមនុស្សស្លាប់ដោយសារវីរុសខូវីដ ១៩ (កូរ៉ូណាថ្មីថ្មី ឬ Covid-19) បានកើនឡើងដល់១,១១០នាក់ និងឆ្លងជាង៤៤,២០០នាក់ ។