ក្រសួងសុខាភិបាលប្រកាសផ្លូវការ៖ លទ្ធផលពិនិត្យសំណាកមនុស្ស២០នាក់ ដែលមានបញ្ហាសុខភាព នៅលើនាវា Westerdam គឺគ្មានមេរោគកូរ៉ូណាថ្មីទេ

13-02-2020

លទ្ធផលពិនិត្យលើវត្ថុវិភាគរបស់មនុស្ស២០នាក់ ដែលមានបញ្ហាសុខភាពនៅ លើនាវាទេសចរណ៍ Westerdam ដែលធ្វើឡើងដោយ វិទ្យាស្ថានប៉ាស្ទ័រ បានបង្ហាញថា អ្នកទាំង២០នាក់នេះ មិនមាននរណាម្នាក់មាន មេរោគកូរ៉ូណាថ្មីឡើយ ហើយស្ថានភាពសុខភាព របស់ពួកគេពេលនេះក៏មិនមានអ្វីធំដុំដែរ ។ នេះបើតាមសេចក្តីប្រកាសផ្លូវការរបស់ក្រសួងសុខាភិបាល នៅយប់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ។ មនុស្ស២០នាក់ ដែលត្រូវបានពិនិត្យ សំណាកនេះមានស្រ្តី៩នាក់ បុរស១១នាក់ ដោយមានអ្នកខ្លះមានអាការៈក្អួតចង្អោរ ក្អក និងចុកពោះ ខុសធម្មតា ខណៈដែលរួមដំណើរជាមួយ មនុស្សជាង២ពាន់នាក់ នៅលើនាវាទេសចរណ៍ Westerdam ។ ពួកគេត្រូវ បានយកសំណាកទៅពិនិត្យ បន្ទាប់ពីនាវារបស់ពួកគេ បានចូលចតនៅកំពង់ផែ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។នាវាទេសចរណ៍ ខ្នាតយក្សរបស់អាមេរិក Westerdam ដែលផ្ទុកមនុស្ស ជាង២ពាន់នាក់ ភាគច្រើនជាងជនជាតិអាមេរិក និងអឺរ៉ុប បានចូលសំចតនៅ កំពង់ផែ ក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោយពេលទទួល បានការអនុញ្ញាត ពីប្រមុខរាជរដ្ឋាភិបាល កម្ពុជា សម្តេចតេជោ ហ៊ុន សែន បន្ទាប់ពីនាវានេះរកទីសំចតមិនបានអស់រយៈ ពេលប្រមាណ២សប្តាហ៍ ដោយសារតែប្រទេស និងកោះចំនួន៦ បានបដិសេធមិនឱ្យចូលចត ដោយខ្លាចមានការផ្ទុកជំងឺកូរ៉ូណាថ្មី ។ ខាងក្រោមនេះសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល៖