ចិនអះអាងថា ចំនួនអ្នកឆ្លងវីរុស COVID-19 នៅតាមបណ្តាខេត្ត-តំបន់ក្រៅពីខេត្តហ៊ូប៉ី (ធ្លាក់ចុះ១៤ថ្ងៃជាប់ៗគ្នាមកហើយ)

18-02-2020

គណៈកម្មការសុខាភិបាលចិន បានរាយការណ៍ឲ្យដឹងថា ករណីឆ្លងវីរុស COVID-19 ឬកូរ៉ូណាថ្មី នៅតំបន់នានាក្រៅពីខេត្តហ៊ូប៉ី (Hubei) មានចំនួនថមថយជាបន្តបន្ទាប់ នៅក្នុងរយៈពេល ១៤ថ្ងៃចុងក្រោយនេះ គិតចាប់តាំងពីថ្ងៃទី០៣ ខែកុម្ភៈ ។ នេះបើតាមការ ចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានស៊ីនហួរ នាព្រឹកថ្ងៃអង្គារ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ ។បើតាមទិន្នន័យផ្លូវការ របស់អាជ្ញាធរ ចិនឲ្យ ដឹងថា ករណីឆ្លងថ្មីៗនៃវីរុស COVID-19 នៅតាមបណ្តាខេត្ត និងតំបន់ស្វយ័តនានា ក្រៅពីខេត្តហ៊ូប៉ី ដែលជាចំណុចស្នូលនៃការផ្ទុះ នោះ មានចំនួនត្រឹមតែ ៧៩ករណីប៉ុណ្ណោះក្នុងពេលពេញ មួយថ្ងៃចន្ទម្សិលមិញ ខណៈនៅខេត្តហ៊ូប៉ី កាលពីថ្ងៃដដែលមានករណីឆ្លង ថ្មីៗរហូតដល់ ១,៨០៧ករណី ។ គួរជម្រាប់ជូនថា បើតាមតួលេខចុងក្រោយ បញ្ចេញដោយរដ្ឋាភិបាលចិន ចំនួនអ្នកស្លាប់ដោយ សារវីរុស COVID-19 កើនឡើងដល់ជិត ១,៨៦៨នាក់ ខណៈ ៧២,៤៣៦នាក់ឆ្លងនៅតាមបណ្តាខេត្ត និងតំបន់ចំនួន ៣១ ទូទាំង ប្រទេសចិន ។ ក្នុងចំណោមមនុស្សឆ្លងទាំងអស់នោះ មនុស្សសរុប ១២,៥៥២នាក់ក៏បានជាសះស្បើយ និងត្រឡប់ទៅផ្ទះពួកគេ វិញផងដែរ ។