ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល នាំផ្លែចេកជូនអ្នកទេសចរលើនាវា Westerdam

17-02-2020

ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បន្តមានវត្តមាន ជាប្រចាំនៅកំពង់ផែក្រុង ព្រះសីហនុ ទីដែលនាវាទេសចរ Westerdam កំពុងសំចត ។ ទោះបីមានការផ្អើល និងបារម្ភពីជំងឺបង្កដោយ (កូរ៉ូណា) បន្ទាប់ពីស្ត្រី ជនជាតិអាមេរិករកឃើញមេរោគ (កូរ៉ូណា) នៅម៉ាឡេស៊ីយ៉ាងក្តី ជាទំនួលខុសត្រូវលើ អ្នកទេសចរនៅសល់លើនាវា ឯកឧត្តម ទេសរដ្ឋមន្ត្រី និងសហការី ព្រមទាំងមន្ត្រី អាជ្ញាធរក្នុងខេត្តព្រះសីហនុ មិនមានដកថយនោះឡើយ ។ វត្តមានរបស់ឯកឧត្តម ទេសរដ្ឋមន្ត្រី មន្ត្រីក្រសួងសុខាភិបាល និងមន្ត្រីក្នុងខេត្ត ដើម្បីជួយដោះស្រាយបញ្ហាផ្សេងៗ ។ ក្រៅពីការឈរជើងប្រចាំ ការដោះ ស្រាយបញ្ហាផ្សេងៗហើយនោះ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាននាំផ្លែចេករបស់ កម្ពុជា ចែកជូនភ្ញៀវ និងអ្នកបម្រើការងារនៅលើនាវានោះផងដែរ ។ នៅពេលនាវា Westerdam ចូលចតនៅកំពង់ផែក្រុង ព្រះសីហនុដំបូងកាល ពីថ្ងៃទី១៣ ខែកុម្ភៈ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាននាំផ្លែចេក និងក្រមាចែកអ្នកទេសចរ និងអ្នកបម្រើការងារលើនាវានោះផងដែរ ។ សូមបញ្ជាក់ថា នាវា Westerdam ផ្ទុកអ្នកដំណើរ និងអ្នកបម្រើការងារសរុបជាង ២,២៥៧នាក់ បានវិលវល់លើលំហរ សមុទ្រអស់រយៈពេល១២ថ្ងៃ ព្រោះតែប្រទេសជាច្រើនមិនឱ្យចូលចត ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យនាវានេះចូលចត នៅកំពង់ក្រុងព្រះសីហនុ កាលពីថ្ងៃទី១៣ ខែកុម្ភៈ កន្លងទៅនេះ ។ មកដល់ពេលនេះ មានអ្នកនៅលើនាវាជាច្រើននាក់ ហើយបានចាកចេញពីនាវា និងហោះទៅកាន់ ប្រទេសរបស់ពួកគេ ។ មកដល់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ មានអ្នកទេសចរលើនាវា ២៣៣នាក់ និងអ្នកបម្រើការ និងនាវិក ៧៤៧នាក់ ។