បឹងកេត លក់សំបុត្រទស្សនា Big Match ថ្ងៃសៅរ៍ តែមានត្រឹម ២,១០០សំបុត្រប៉ុណ្ណោះ

20-02-2020

នៅរសៀលថ្ងៃព្រហស្បតិ៍នេះ ក្រុមបឹងកេតបានដាក់ លក់សំបុត្រទស្សនាការប្រកួត ដែលអ្នកគាំទ្រចាត់ទុកជា Big Match ប្រចាំ សប្ដាហ៍ទី២ នៃលីគកំពូលកម្ពុជា រវាងបឹងកេត និងវិសាខាហើយ នាថ្ងៃសៅរ៍ចុងសប្ដាហ៍នេះហើយ តែសំបុត្រមានត្រឹម ២,១០០ សំបុត្រប៉ុណ្ណោះ ។ យោងតាមការជូនដំណឹង របស់អតីតក្រុមជើងឯក ៣សម័យនេះ បានឲ្យដឹងថា សំបុត្ររបស់ខ្លួន គឺមានលក់នៅ កីឡដ្ឋានខេមបូឌាអ៊ែរវ៉េ ដែលជាកន្លែងត្រៀមទទួលការប្រកួត ដ៏កក្រើននាចុងសប្ដាហ៍នេះ ដោយសំបុត្រមួយសន្លឹកមានតម្លៃ ៦,០០០រៀល ហើយក៏មានតែមួយប្រភេទនេះដែរ ។ ចំពោះការប្រកួតរវាងបឹងកេត និងវិសាខា នឹងចាប់ផ្ដើមប្រកួតនាម៉ោង ៣៖៣០នាទីរសៀល នាថ្ងៃទី២២ ខែកុម្ភៈ ។ គូឯកប្រចាំសប្ដាហ៍នេះ កំពុងត្រូវបានអ្នកគាំទ្រចាប់អារម្មណ៍ជាខ្លាំង ហើយតាមរយៈ សន្ទុះគាំទ្រមុនការប្រកួត គេរំពឹងថា ចំនួនសំបុត្រខាងលើ គឺមិនគ្រប់គ្រាន់សម្រាប់ អ្នកចង់ទស្សនាផ្ទាល់ឡើយ ។ គួរដឹងថា មុនជួបគ្នាថ្ងៃសៅរ៍នេះ បឹងកេត គឺបានប្រកួតស្មើក្រុមម្ចាស់ផ្ទះអង្គរថាយហ្គឺរ ១-១ ផ្ទុយពីវិសាខា ដែលបានយកឈ្នះនគរបាលជាតិ ២-១ ក្នុងដី កាលពីសប្ដាហ៍នេះ។ ដូច្នេះចុងសប្ដាហ៍នេះ គឺជាជំនួបដ៏សំខាន់ សម្រាប់ក្រុមទាំងពីរ ពិសេសក្រុមនាគខៀវបឹងកេត ដែលត្រូវការជ័យជម្នះដាច់ខាត ដើម្បីស្វែងរកចំណាត់ថ្នាក់ល្អក្នុងតារាងចំណាត់ថ្នាក់ ។