ក្លិបក្រសួងការពារជាតិ ប្រកាសប្ដូរឈ្មោះ និងបង្ហាញរចនាសម្ព័ន្ធថ្មី

09 03 2020

ក្លឹបបាល់ទាត់ក្រសួងការពារជាតិ ឬ ក្លិបទ័ព បានសម្រេចប្ដូរឈ្មោះបស់ខ្លួន និងបានប្រកាសពីថ្នាក់ដឹកនាំថ្មី ដើម្បីជំរុញអោយក្លឹបបាល់ទាត់មួយនេះ កាន់តែក្លាយជាក្រុមអាជីព លេចធ្លោក្នុងស្រុក។ ពិធីនោះ ក៏បានប្រកាសថា ក្លឹបទ័ពនឹងទទួលបាន ការជ្រោមជ្រែងពីប្រធានថ្មីរហូតដល់១០ឆ្នាំ ដោយក្នុងមួយឆ្នាំទទួលបានយ៉ាងតិច ៣០ម៉ឺនដុល្លាអាមេរិច  លើសកម្មភាពរបស់ខ្លួន។

ឈ្មោះថ្មីដែលក្លិបបាល់ទាត់នេះ សម្រេចយកជាផ្លូវការ គឺក្លឹបសមាគមកីឡាបាល់ទាត់ កងយោធពលខេមរភូមិន្ទ ខណៈដែលការប្ដូរឈ្មោះនេះ មិនពាក់ព័ន្ធ នឹងការរង្គោះរង្គើសមាជិក ក្នុងក្រុមនោះទេ ផ្ទុយទៅវិញ គឺនឹងពង្រឹងរក្សាកីឡាករល្អៗ អោយកានើតែខ្លាំង និងបន្ថែមការទិញកីឡាករបរទេស មកជួយលើកមុខមាត់់ក្លឹប។ ហេតុផល នៃការប្ដូរឈ្មោះនេះ ត្រូវបានធ្វើឡើងស្របគ្នានឹង អគ្គនាយកវិទ្យុ និងទូរទស្សន៍ប៉ុស្តិ៍លេខ៥ គឺលោក ស៊ុប៉ាឆៃ វិរះពូជុង គឺជាអ្នកដេញថ្លៃក្លឹបបាល់ទាត់នេះ បានយកមកគ្រប់គ្រងរហូតដល់ ១០ឆ្នាំ ទើបវេទិកាសន្និសីទនៅក្នុងថ្ងៃនោះ ក្រៅពីប្រកាសប្ដូរឈ្មោះ ក៏មានការបង្ហាញពី MOU រវាងនាយកប៉ុស្តិ៍លេខ៥ និងក្រសួងការពារជាតិ ស្ដីពីការប្រគល់សិទ្ធិអោយនាយកប៉ុស្តិ៍លេខ៥ ជាអ្នកមើលខុសត្រូវក្នុងរយៈពេល ១០ឆ្នាំ ចាប់ពីដើមឆ្នាំ២០២០ តទៅនោះផង។

លោក ស៊ុប៉ាឆៃ វិរះពូជុង  មហាសេដ្ឋីមុខជំនួញ ដែលត្រូវគេស្គាល់ថា គឺជានាយកទូរទស្សន៍ប៉ុស្តិ៍លេខ៥ បានប្រកាសអោយដឹងថា ដោយសារតែកត់សម្គាល់ថា ក្លឹបបាល់ទាត់ក្រសួងការពារជាតិ គឺជាក្រុមខ្លាំងមួយពេលបច្ចុប្បន្ន តែនៅខ្វះអ្នកជ្រោមជ្រែង នៅឡើយ ទើបលោកសម្រេចចិត្ត ដាក់ទុនចូលរួមគ្រប់គ្រង ដើម្បីអោយក្រុមទាំងមូលក្លាយ ជាក្រុមខ្លាំងមួយ។ ម្យ៉ាងមកពី ប៉ុស្តិ៍លេខ៥ និងក្រសួងការពារជាតិ ជាពិសេសគឺ កងយោធពលខេមរភូមិន្ទ មានទំនាក់ទំនងស្និទ្ធិនឹងគ្នា តាំងពីយូរយារមកហើយផង ទើបឈានដល់ការជួយក្លឹបបាល់ទាត់មួយនេះ ដើម្បីរួមចំណែកជួយដល់វិស័យកីឡាប្រចាំ នៅក្នុងក្រសួងការពារជាតិទាំងមូល។ លោកគម្រោងស្វែងរកដៃគូស្ពុនស័រជាច្រើនផ្សេងទៀត ជួយដល់ក្លឹបបាល់ទាត់មួយនេះ ដើម្បីជាប្រយោជន៍ ដល់ក្លឹបទាំងមូល។

លោក ខូវ ឆាយ អគ្គលេខាធិការសមាគម បានថ្លែងបញ្ជាក់ថា លោករំពឹងយ៉ាងខ្លាំងថា វត្តមានរបស់លោកអគ្គនាយប៉ុស្តិ៍លេខ៥ នឹងជួយអោយក្លិបទាំងមូលទទួលបានភាពលេចធ្លោ ខណៈដែលរយៈពេលចុងក្រោយ ក្លិបក្រសួងការពារជាតិ ក៏ជាក្រុមខ្លាំងមួយក្នុង League កំពូល។ ជាមួយនឹងការបង្ហាញវត្តមាន កីឡាករបរទេសចំនួន ៥រូប ក្លិបនេះ ក៏ប្រកាសអញ្ចើញគ្រូបង្វឹកបរទេស មកជួយពង្រឹងក្រុមផងដែរ៕