ឯកឧត្តម ម៉មប៊ុនហេង៖ កម្ពុជាត្រៀមលក្ខណៈជាស្រេចសហការជាមួយក្រុមគ្រូពេទ្យចិនដើម្បីប្រយុទ្ធប្រឆាំង កូវីដ-១៩

23-03-2020

ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានបញ្ជាក់ថា កម្ពុជាស្វាគមន៍យ៉ាងខ្លាំងចំ​ពោះក្រុមគ្រូពេទ្យ​ចិន ដែលបាន មកដល់កម្ពុជា នាពេលនេះ ហើយកម្ពុជាបានត្រៀមលក្ខណៈរួចហើយសហការជាមួយក្រុមគ្រូពេទ្យចិនដើម្បីប្រយុទ្ធប្រឆាំង កូវីដ-១៩ ។ ឯកឧត្តមបានអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរ ទូទាំងប្រទេសទាំងអស់ ត្រូវជឿជាក់លើរាជរដ្ឋាភិបាល ដើម្បីប្រយុទ្ធ ប្រឆាំងនឹង កូវីដ-១៩ ដែលកំពុងកើតមានឡើងនៅកម្ពុជា ។ ក្នុងពិធីទទួលក្រុមគ្រូពេទ្យចិនចំ​នួន៧នាក់ ដើម្បីប្រយុទ្ធប្រឆាំង នឹងកូវីដ-១៩នៅថ្ងៃទី២៣ ខែ មីនា ឆ្នាំ២០២០ ឯកឧត្តម ម៉ម ប៊ុន​ហេង បានសម្ដែងការស្វាគមន៍ចំពោះក្រុមគ្រូពេទ្យរបស់ចិន ដែលមកជួយកម្ពុជាក្នុងគ្រាលំបា​កដែលសកម្មភាពនេះជាការឆ្លុះបញ្ចាំងពីសាមគ្គីភាព មិត្ត​ភាព និងកិច្ចសហប្រតិបត្តិការ គ្រប់ ជ្រុងជ្រាយ រវាងប្រទេសទាំងពីរ ។ ឯកឧត្តម បានមានប្រសាសន៍ថា (សូមស្វាគមន៍ ក្រុមគ្រូពេទ្យទាំងអស់ដែលអញ្ជើញ មកថ្ងៃនេះ ដើម្បីរួមសហការគ្នាក្នុងការពង្រឹង កិច្ចសហប្រតិបត្តិការ ជាពិសេសប្រយុទ្ធប្រឆាំងនឹងជំងឺ កូវីដ-១៩ ហើយយើង ខ្ញុំត្រៀមលក្ខណ: ជានិច្ចសហការជាមួយអស់លោក លោកស្រី ដើម្បីបំ​ពេ​ញការងារនេះ នេះជា សញ្ញាមួយមិត្តភាព និងសាមគ្គី ភាព រវាងបងប្អូន ប្រជាជនកម្ពុជា និងប្រ​ជាជនចិន) ។ ឯកឧត្តម បានបញ្ជាក់ថា (ដូច្នេះ យើងនឹងមានអ្នកឯកទេស ខាងសាធារណៈ រដ្ឋ ប្រជាមានិត ចិន ដើម្បីរួមសហការគ្នា ហើយយើងរៀនសូត្រពីចិន ដែលគាត់មានបទពិសោ​ធន៍ច្រើនក្នុងការងារប្រយុទ្ធជំងឺ កូវីដ-១៩ ។ ក្នុង នាមរដ្ឋាភិបាល ខ្ញុំសូមថ្លែងអំណរគុណ ចំ​ពោះ​ពេ​ទ្យចិន ដែលអញ្ជើញមកថ្ងៃនេះ ហើយយើងសង្ឃឹមថា ធ្វើការងារ នេះ ប្រកប ដោយផ្លែផ្កា ហើ​យ​យើងសំណូមពរ ធ្វើយ៉ាងម៉េច កុំអោយប្រជាពលរដ្ឋ របស់យើង កុំមានការភ័យ ខ្លាចហួ​សយើងជឿជាក់ រាជរដ្ឋាភិបាល ក្នុងកិច្ចសហការនេះ យើងកាត់បន្ថយប្រយុទ្ធប្រឆាំង ជំងឺកូវីដ-១៩ប្រកបដោយប្រសិទ្ធភាព) ។ សូមរំលឹកថា កាលពីពេលថ្មីៗ នេះរាជរដ្ឋាភិបាលបានបង្កើតគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំ​ងនឹងជំងឺ កូវីដ-១៩ ខណៈក្រសួងស្ថាប័ន មួយចំនួន ចាប់ផ្តើមដាក់វិធានការ ទប់ស្កាត់ចំពោះកា​រឆ្លងរីករាលដាលកូវីដ១៩ ផងដែរ  ។ ជាងនេះទៅទៀត រាជរដ្ឋាភិបាល សម្រេចប្រើប្រាស់ ស​ណ្ឋាគារ Great Duke ជាមន្ទីរពេទ្យសម្រាប់ពិនិត្យ ថែទាំ និងព្យាបាលជំងឺកូវីដ-១៩ ។ សូមបញ្ជាក់ថាគិតត្រឹម យប់ថ្ងៃទី២២ ខែមីនា ឆ្នាំ ២០២០ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន៨៣ករណី ខណៈក្រសួងសុខាភិបាល និងភាគីពាក់ព័ន្ធ មួយចំនួនទៀតកំពុងបន្តស្វែងរក និងធ្វើតេស្តលើអ្នកពាក់ព័ន្ធផ្សេងទៀត  ។