សេចក្តីព្រាងច្បាប់ចំនួនបីត្រូវបានគណៈកម្មាធិការអចិន្រ្តៃយ៏រដ្ឋសភាអនុម័តដាក់បញ្ចូលក្នុងរបៀបវារៈសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញនីតិកាលទី៦នៅថ្ងៃទី២៦ខែមីនាខាងមុខនេះ

24-03-2020

កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាដែលបានធ្វើឡើងនៅវិមានរដ្ឋសភាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជាបានអនុម័តកាល បរិច្ឆេទសម្រាប់ ការបើកសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៦ ដែលនឹងប្រព្រឹត្តទៅនៅព្រឹក ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ខាងមុខដើម្បី ពិភាក្សានិងអនុម័តលើសេចក្តីព្រាងច្បាប់ចំនួនបី ។ សេចក្តីព្រាងច្បាប់ចំនួនបីដែលបានដាក់បញ្ចូលក្នុង របៀបវារៈសម័យប្រជុំរដ្ឋ សភាជាវិសាមញ្ញ នីតិកាលទី៦ ធ្វើការពិភាក្សានិងអនុម័ត ក្នុងនោះមាន៖

១- សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប អ៊ិនវេសម៉ិន គ្រុប ឯ.ក សម្រាប់គម្រោង វិនិយោគសាងសង់រោងចក្រអគ្គិសនីដុតធ្យូងថ្ម អានុភាព ៧០០មេហ្គាវ៉ាត់ ខេត្តកោះកុង។

២- សេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ហាន សេង ខូល ម៉ាញ សម្រាប់គម្រោងវិនិយោគ សាងសង់រោងចក្រអគ្គិសនីដុតធ្យូងថ្ម អានុភាព ២៦៥មេហ្គាវ៉ាត់ ខេត្តឧត្តរមានជ័យ ។

៣- សេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ហាន សេង ខូល ម៉ាញ សម្រាប់គម្រោងវិនិយោគ សាងសង់ខ្សែបណ្តាញបញ្ជូនអគ្គិសនីតង់ស្យុង ២៣០គីឡូវ៉ុល តភ្ជាប់ពីរោងចក្រអគ្គិសនីដុតធ្យូងថ្ម ខេត្តឧត្តរមានជ័យ មកអនុស្ថានីយសៀមរាបខាងកើត ។

នៅក្នុងឱកាសនេះដែរ អង្គប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ រដ្ឋសភា ក៏បានអនុម័តសមាសភាពលេខាធិការ ចំនួន ៣រូប សម្រាប់សម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៦ ផងដែរ ។