កិច្ចប្រជុំពិភាក្សាលើប្រព័ន្ធបង់កម្រៃសេវាស្នើសុំការអនុញ្ញាតឱ្យនាវាចេញចូលតាមកំពង់ផែ នៃព្រះរាជាណាចក្រកម្ពុជា

២៤​ ០២ ២០២០

ថ្ងៃអង្គារ ១កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ នៅទីស្ដីការក្រសួង ឯកឧត្ដម ម៉ក់ ស៊ីដេត អគ្គនាយកនៃអគ្គនាយកដ្ឋានផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើនីតិវិធីបង់កម្រៃសេវាស្នើសុំការអនុញ្ញាត​ ឱ្យនាវាចេញចូលតាមកំពង់ផែ នៃព្រះរាជាណាចក្រកម្ពុជា ដោយមានការសហការ ជាមួយនាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ នាយកដ្ឋានហិរញ្ញវត្ថុ និងគ្រឹះស្ថានហិរញ្ញវត្ថុដៃគូ។

កិច្ចប្រជុំនេះមានគោលបំណង ពិនិត្យលើបញ្ហាផ្ដល់សេវាការអនុញ្ញាត ឱ្យនាវាចរចូលតាមកំពង់ផែ នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាការរៀបចំនីតិវិធីបង់កម្រៃសេវា ចំពោះការអនុញ្ញាត ឱ្យនាវាចូល តាមកំពង់ផែនានា ក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ។

កិច្ចប្រជុំក៏បានពិភាក្សាផងដែរ លើការអភិវឌ្ឍប្រព័ន្ធព័ត៌មានវិទ្យាបណ្ដោះអាសន្ន ដើម្បីធ្វើប្រតិបត្តិការ និងការប្រើប្រាស់ប្រព័ន្ធបង់ប្រាក់តាមធនាគារដៃគូ របស់ក្រសួង ខណៈពេលដែលប្រព័ន្ធ Port EDI នៅមិនទាន់បានអភិវឌ្ឍចប់សព្វគ្រប់ ៕