អាជ្ញាធរខេត្តសៀមរាប បន្តចុះបាញ់ថ្នាំសម្លាប់មេរោគតាមទីប្រជុំជន និងកន្លែងផ្ដល់សេវាសាធារណ:សំខាន់ៗទូទាំងខេត្ត ។

25-03-2020

គិតត្រឹមថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០នេះ មានរយ:ពេល៦ថ្ងៃហើយ ដែលអាជ្ញាធរខេត្តសៀមរាប បានបន្តអនុវត្ត ការចុះបាញ់ថ្នាំ សម្លាប់មេរោគ នៅតាមទីប្រជុំជន កន្លែងផ្ដល់សេវាសាធារណ:សំខាន់ៗ និងតាមបណ្ដាក្រុង ស្រុកទាំង១២ ដើម្បីបង្ការ ទប់ស្កាត់ ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ។ តាមការឲ្យដឹងពីមន្ត្រីសាលាខេត្ត បញ្ជាក់ថា យុទ្ធនាការបាញ់ថ្នាំសម្លាប់មេរោគនេះ បានចាប់ ផ្ដើមបន្ទាប់ពីកិច្ចប្រជុំថ្ងៃទី២០ ខែមីនា កន្លងមក ដោយគណ:កម្មការ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ខេត្តសៀមរាប បានណែនាំ ទៅដល់មន្ទីរអង្គភាព ត្រូវតែធ្វើការបាញ់ថ្នាំសម្លាប់មេរោគនៅ តាមអង្គភាពរបស់ខ្លួន ដោយឡែករដ្ឋបាលក្រុង ស្រុកទាំង១២ ត្រូវ ធ្វើការចុះបាញ់ថ្នាំសម្លាប់មេរោគ នៅតាមទីផ្សារ ទីប្រជុំជន ទីកន្លែងផ្ដល់សេវាសាធារណសំខាន់ៗ នៅក្នុងមូលដ្ឋានរបស់ខ្លួន ដោយ មានការជួយសម្រួលបច្ចេកទេសលាយ ទឹកថ្នាំសម្លាប់មេរោគពីមន្ទីរសុខាភិបាលខេត្ត ។ ជាមួយនោះ អាជ្ញាធរខេត្ត ក៏បានអំពាវ នាវ ដល់ បណ្ដាអ្នកគ្រប់គ្រង់ផ្សារ គ្រឺះស្ថានឯកជននានា សូមចូលរួម បាញ់ថ្នាំសម្លាប់មេរោគនៅតាមទីតាំងសំខាន់ៗរបស់ខ្លួន ដើម្បី ចូល រួមបង្ការ ទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ។ សូមជម្រាបថា ក្រៅពីយុទ្ធនាការបាញ់ថ្នាំសម្លាប់មេរោគនេះ រដ្ឋបាលខេត្តក៏ បានធ្វើការស្រង់ស្ថិតិប្រជាពលរដ្ឋមកពីក្រៅប្រទេស ចូលមកក្នុងខេត្តសៀមរាប ការបិទខិតបណ្ណ និងសារអប់រំជាសំឡេង អំពីវិធី ការពារ និងទប់ស្កាត់ការឆ្លងនៃជំងឺកូវីដ-១៩ នៅតាមក្រុង ស្រុកទាំង១២ របស់ខេត្ត ព្រមទាំងបានណែនាំដល់ប្រជាពលរដ្ឋ ទៅពិនិត្យ សុខភាពក្នុងករណីសង្ស័យថា មានឆ្លងជំងឺកូវីដ១៩ នៅតាមមន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព ប៉ុស្តិសុខភាពផងដែរ។