ក្រសួងបរិស្ថាន បានបើកវេទិកាស្ដីពីការ ការពារ និងអភិរក្សធនធានធម្មជាតិ

០៦ ០២ ២០១៧

ព្រឹកថ្ងៃទី ០៦ ខែកុម្ភៈ ឆ្នាំ២០១៧ ក្រសួងបរិស្ថានបានបើកវេទិកាស្តីពី ការការពារ និងអភិរក្សធនធានធម្មជាតិ ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ រដ្ខមន្រ្តីក្រសួងបរិស្ថាន និងក្រសួងស្ថាប័នដែលពាក់ព័ន្ធ ព្រមទាំងមន្រ្តី រាជការ បុគ្គលិក តំណាងសហគមន៍មូលដ្ឋាន អង្គការជាដៃគូ អភិវឌ្ឃន៍ ។ឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើងថាៈ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ កន្លងទៅនេះ ក៏មានការរៀបចំវេទេការ **ស្តីពីការការពារ និងអភិរក្ស ធនធានធម្មជាតិ** ម្តងមកហើយ ក្រោមអធិបតី ភាពដ៏ខ្ពង់ខ្ពស់ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងមានការអនុវត្តសារាចរណ៍ណែនាំ លេខ០៥ របស់ប្រមុខរាជរដ្ឋាភិបាល ស្តីពីវិធានការចាំបាច់នានា ក្នុងការពង្រឹងការគ្រប់គ្រង ធនធានធម្មជាតិ និងលើកទិសដៅការងារអនុវត្តបន្ត ។ គួអោយកត់ សំគាល់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជាបានចេញ អនុក្រិត្យលេខ០៤ អនក្រ បក ចុះថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៧ ស្តីពីការកំណត់ និងបែងចែកតំបន់គ្រប់គ្រង ដែនជម្រកសត្វព្រៃលំផាត់ ខេត្តរតនគីរី និងមណ្ឌលគីរី ដែលមានផ្ទៃដីសរុប ២៥០,០០០ហិកតា និងអនុក្រិត្យលេខ ០៥ អនក្រ បក ចុះថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៧ ស្តីពីការកំណត់ និងបែងចែក តំបន់គ្រប់គ្រងដែនជម្រកសត្វព្រៃជា៤ប្រភេទ ១តំបន់ស្នូល ២តំបន់អភិរក្ស ៣តំបន់ប្រើប្រាស់ ដោយចីរភាព និង៤តំបន់សហគមន៍ ដែលមានផ្ទៃដី ២២២,៥០០ហិកតា នាខេត្តមណ្ឌលគីរី ភ្នំព្រេច។ ដោយឡែក វេទិការក្នុងព្រឹក នេះគឺរៀបចំឡើង ក្នុងគោលបំណង ពិភាក្សាលើវឌ្ឍនភាព ការងារនៃការ អនុវត្តស្មារតី សម្រាប់អនុញ្ញាឪ្យថ្នាក់ដឹកនាំ មន្រ្តីជំនាញ តាមក្រសួង ស្ថាប័នរដ្ឋ និងតំណាងដែគូអភិវឌ្ឃន៍ សហគមន៍មូលដ្ឋាន បានលើកឡើង ពីបញ្ជាដែលកើតមាន ជាក់ស្តែងមកពិភាក្សាគ្នា ដើម្បីរកដំណោះ ស្រាយបញ្ហាទាំងនោះ។ ឯកឧត្តម បានបន្តទៀតថា ពេលវេលានេះ មិនមែនជាពេល ដែលត្រូវអត់ឱន ឬអនុគ្រោះដល់ជនប្រព្រឹត្ត បទល្មើសព្រៃឈើទៀតទេ គឺ "ដល់ពេលដែលត្រូវប្រើប្រាស់ យន្តការច្បាប់ សម្រាប់ការគ្រប់គ្រង ធនធានធម្មជាតិ ស្របតាមអនុសាសន៍ របស់ប្រមុខរាជរដ្ឋាភិបាល និងក្រសួងជំនាញដែលបានធ្វើកំណែ ទម្រង់ក្នុងរយៈពេល៣ឆ្នាំមកនេះ ដើម្បីការខិតខំប្រឹងប្រែង ក្នុងការការពារធនធានធម្មជាតិ ឱ្យមាននិរន្តរភាព" ។ រាជរដ្ឋាភិបាល បានសម្រេចបង្កើតរបៀង អភិរក្ស ជីវៈចម្រុះ ប្រព័ន្ធតំបន់ការពារធម្មជាតិនៅលើផ្ទៃដីសរុបប្រមាណជាង ១,៤ លានហិកតា តាមរយៈ អនុក្រឹត្យលេខ ០៧ អនក្រ.បក ចុះថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧ ដើម្បីតភ្ជាប់តំបន់ការពារធម្មជាតិ ក្នុងគោលបំណងធានាស្ថិរភាព សុវត្ថិភាព និងមុខងារ នៃតំបន់ប្រព័ន្ធអេកូឡូស៊ី  មជ្ឈដ្ឋានធម្មជាតិ សត្វព្រៃ និងរុក្ខជាតិ ។ ហើយរបៀងនេះត្រូវបានចែកជា៣ រួមមាន ១/របៀងអភិរក្សជីវៈចម្រុះឦសាន មានផ្ទៃដីទំហំ ៧៥៧.៦៦១ហិកតា ២/របៀងអភិរក្សជីវៈចម្រុះឧត្ដរមានជ័យ មានផ្ទៃដី ៥០០.៨១០ហិកតា ៣/របៀងអភិរក្សជីវៈចម្រុះជួរភ្នំក្រវាញ មានផ្ទៃដី ១៦៩.៤៦៩ហិកតា ។ ការបង្កើតរបៀងអភិរក្សជីវៈចម្រុះនេះ បានពង្រីកវិសាលភាព តំបន់ការពារធម្មជាតិ ដែលមានស្រាប់ចំនួន៤៥ គ្របដណ្ដប់លើផ្ទៃដីសរុប ប្រមាណ ៥,៩លានហិកតា ឱ្យទៅជាប្រព័ន្ធតំបន់ការពារធម្មជាតិ ដែលគ្របដណ្ដប់លើផ្ទៃដី សរុបប្រមាណជាង ៧,៣លានហិកតា ។ គួបញ្ជាក់ដែរថាៈ ក្រសួងបរិស្ថាន បានជម្រុញនិងដឹកនាំសម្រប សម្រួលរៀប ចំយុទ្ធសាស្ត្រ គ្រប់គ្រងនិងផែនការសកម្មភាព ការពារធម្មជាតិ ដើម្បីធានាប្រសិទ្ធភាព និងលទ្ធផល នៃការ គ្រប់គ្រងតំបន់ការពារធម្មជាតិ និងលើកកម្ពស់ការចូលរួម របស់សហគមន៍មូលដ្ឋាន ក៏ដូចជាសាធារណជន ក្នុងការរួមចំណែក ដល់ការគ្រប់គ្រង ការការពារ និងការអភិរក្សជីវៈចម្រុះ ធនធានធម្មជាតិ និងបរិស្ថានជាតិ ឆ្នាំ២០១៦-២០១៧ ដែលជាផែនទីបង្ហាញផ្លូវ សម្រាប់លើកកម្ពស់ប្រសិទ្ធភាព នៃកិច្ចគាំពារបរិស្ថាន ។