ឯកឧត្តម ហ៊ុន ម៉ាណែត ជួប រដ្ឋមន្ត្រីក្រសួងការងារថៃ ពន្លឿនការផ្តល់លិខិតឆ្លងដែន លិខិតធ្វើដំណើរ និងប័ណ្ណពលករកម្ពុជា

07-02-2017

ក្នុងនាមជាអនុប្រធានគណ:កម្មការ  ផ្តល់ភាពស្របច្បាប់ដល់ពលករកម្ពុជាដែលកំពុងស្នាក់នៅ និង ធ្វើការនៅប្រទេសថៃ ឯកឧត្តម  ហ៊ុន ម៉ាណែត បានដឹកនាំក្រុមការងារ ចូលជួបប្រជុំពិភ្សាការងារជាមួយឯកឧត្តម  ស៊ីរីឆៃ  ឌីស្តាគុល រដ្ឋមន្ត្រីក្រសួងការងារថៃ ដើម្បីពិភាក្សារកដំណោះស្រាយក្នុងការពន្លឿនការផ្តល់លិខិតឆ្លងដែន លិខិតធ្វើដំណើរ និងប័ណ្ណពលករកម្ពុជាទៅធ្វើការនៅក្រៅប្រទេស អោយបានដល់ដៃបងប្អូនប្រជាពលករយើងដែលកំពុងរស់នៅ និងធ្វើការងារនៅក្នុងប្រទេសថៃអោយបានឆាប់រហ័ស។

ជាលទ្ធផល ភាគីទាំងពីរបានឯកភាពគ្នាលើគោលការណ៏សំខាន់ៗមួយចំនួនដូចខាងក្រោម៖

១.  ភាគីថៃបានឯកភាពអនុញ្ញាតឲ្យគណៈកម្មការ ផ្តល់ភាពស្របច្បាប់កម្ពុជាចុះធ្វើការបើកផ្តល់លិខិតឆ្លងដែន /   លិខិតធ្វើដំណើរ និងប័ណ្ណ OCWC ជូនពលករកម្ពុជាដោយផ្ទាល់ដល់ពលករកម្ពុជា ដែលធ្វើការនៅតាមរោងចក្រ សហគ្រាស ដែលមានប្រើប្រាស់ពលករកម្ពុជាចាប់ពី៨០នាក់ឡើង។

២. បន្ថែមពីលើការិយាល័យបើក    ផ្តល់ដែលមានស្រាប់នៅក្នុងស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំ   ទីក្រុងបាងកក ភាគីថៃបានឯកភាពអនុញ្ញាតឲ្យកម្ពុជាបើកការិយាល័យបើកផ្តល់ ចំនួន៥បន្ថែមទៀត ដែលមានទីតាំងស្ថិតនៅក្នុងខេត្តសាមុទ្ទប្រាកាន ឈុនបុរី ផាធុមថានី ចាក់សុងសាវ និងរ៉ាក់យ៉ង។ ភាគីថៃនឹងជូនដំណឹងដល់កម្ពុជានូវទីតាំងទាំង៥កន្លែងថ្មីនោះ។

៣. ភាគីថៃនឹអនុញ្ញាតដល់កម្ពុជាចាប់ផ្តើមចុះប្រមូលទិន្នន័យ និង បញ្ជាក់សញ្ជាតិដល់ពលករកម្ពុជាដែមានបណ្ណព័ណ៌ស៊ីជំពូឡើងវិញ ក្រោយពេលដែលការិយាល័យបើកផ្តល់ថ្មីទាំង៥នេះ ដំណើរការទៅដោយរលូន។

៤. ការិយាល័យអន្តោប្រវេសន៍ថៃនៅគ្រប់ទីតាំងនឹងផ្តល់ ទិដ្ឋាការ ស្នាក់នៅដល់ពលករ កម្ពុជាទាំងឡាយណា ដែលមានបណ្ណព័ណ៌ស៊ីជំពូស្របច្បាប់ និងទទួលបានលិខិតឆ្លងដែន/លិខិតធ្វើដំណើរ និងប័ណ្ណ OCWC ពីគណៈកម្មការផ្តល់ភាពស្របច្បាប់របស់កម្ពុជា។

៥. ភាគីទាំង២បានបង្កើតក្រុមការងារចំពោះកិច្ច១ដើម្បីរៀបចំផែនការសកម្មភាពដើម្បីអនុវត្តនូវស្មារតីកិច្ចប្រជុំនាថ្ងៃនេះ។ ភាគីទាំង២បានកំណត់ពេលវេលាយ៉ាងយូរ១៥ថ្ងៃដល់ក្រុមការងារចំពោះកិច្ចនេះ ដើម្បីដាក់ចេញផែនការសកម្មភាពសម្រាប់អនុវត្ត។

៦. ភាគីថៃបានសម្តែងនូវការសាទរចំពោះភាគីកម្ពុជា ដែលបានបន្ថែមថ្ងៃធ្វើការនាថ្ងៃសៅរិ៍ និងថ្ងៃអាទិត្យ ព្រមទាំងបន្ថែម៉ោងការងារពី៨ម៉ោងទៅ៩ម៉ោងក្នុង១ថ្ងៃ ពោលចាប់ពីម៉ោង៨:៣០នាទីព្រឹក ដល់ម៉ោង៦:៣០នាទីយប់។