សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី សម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានមិត្តភាព កម្ពុជា-ចិន កោះធំ ដែលជាស្ពានឆ្លងកាត់ទន្លេបាសាក់ថ្មីមួយទៀត ក្នុងខេត្តកណ្តាល

13 02 2017

នៅថ្ងៃចន្ទនេះ ក្នុងឪកាសអញ្ជើញជាអធិបតី សម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានមិត្តភាព កម្ពុជា-ចិន កោះធំ ដែលជាស្ពានឆ្លងកាត់ទន្លេបាសាក់ថ្មីមួយទៀត ក្នុងខេត្តកណ្តាល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានសំដែងនូវសេចក្តីរីករាយជាមួយសមិទ្ធផលថ្មីលើទឹកដីចាស់នេះ ជួយសម្រួល និងដោះស្រាយទុក្ខលំបាក របស់ប្រជាពលរដ្ឋ។ ជាពិសេសជាងនេះ​សម្តេចតេជោ នាយករដ្ឋមន្រ្តី ក៏ស្នើឲ្យកូនចៅប្រជាពលរដ្ឋ នាំមនុស្សចាស់ តា យាយ មកទស្សនាស្ពាននេះ ដើម្បីបានឃើញពីការរីកចម្រើនរបស់ប្រទេស​ជាតិ និងដើម្បីបានស្រូបយកខ្យល់អាកាសពីដងទន្លេផងដែរ។ ក្នុងឪកាសនេះ  សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានប្រសាសន៍បន្ថែមជូនប្រជាពលរដ្ឋ ក្តាប់ឲ្យជាប់នូវអ្វីដែលមាននៅក្នុងដៃ ជាពិសេសគឺសន្តិភាព។

សម្តេចតេជោនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា ទោះកាលៈទេសៈណាក៏ដោយ គឺរក្សាឲ្យបាននូវសុខសន្តិភាព មិនអនុញ្ញាតិឲ្យមានការបំផ្លាញសន្តិភាព និងធ្វើបដិវវត្តន៍ពណ៌នោះឡើយ។ សម្តេចបញ្ជាក់ប្រាប់ឲ្យអ្នកចង់ធ្វើបដិវត្តន៍ពណ៌ត្រៀមក្តារមជ្ឈូសឲ្យហើយទៅ។ ជាមួយគ្នានេះ សម្តេចតេជោ បានថ្លែងអំពាវនាវឲ្យរួមគ្នាថែរក្សាសន្តិភាព ព្រោះគ្មានអ្វីសំខាន់ជាងសន្តិភាពនោះទេ។ សម្តេចនាយករដ្ឋមន្រ្តី បានថ្លែងថា កម្ពុជា ឆ្លងកាត់ដំណាក់កាលច្រើនណាស់ មានដូចជាដំណាក់កាលរត់ចោលដីនៅក្នុងសម័យសាធារណរដ្ឋ ដែលជាសម័យអាមេរិកទម្លាក់គ្រាប់បែក តែសម័យក្រោយ ថ្ងៃរំដោះ៧ មករា ចេញពីរបបប៉ុលពត មកដល់សម័យបច្ចុប្បន្នជាសម័យ ដែលប្រជាពលរដ្ឋរត់រកដី។

សូមបញ្ជាក់ថា ស្ពានមិត្តភាពកម្ពុជា-ចិនកោះធំ ដែលជាស្ពានប្រវត្តិសាស្រ្តថ្មីមួយទៀតឆ្លងកាត់ទន្លបាសាក់ ក្នុងស្រុកកោះធំ ខេត្តកណ្តាល មានប្រវែង ៤១៥ម៉ែត្រ និងមានទទឹង ១៣.៥០ម៉ែត្រ ជាប្រភេទស្ពានបេតុងសរសៃដែក។