សម្តេចតេជោនាយករដ្ឋមន្រ្តី - បើកសន្និសីទលើកទី៩ ស្តីពីការវិនិយោគ និងពាណិជ្ជកម្ម ឆ្នាំ២០១៧

15 02 2017

 

 

នៅព្រឹកថ្ងៃទី១៥កុម្ភៈ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកសន្និសីទលើកទី៩ ស្តីពីការវិនិយោគ និងពាណិជ្ជកម្ម ឆ្នាំ២០១៧។ ពិធីដ៏មានអត្ថន័យនោះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា អស់លោក លោកស្រី ជាឥស្សរជនជាន់ខ្ពស់តំណាងគ្រប់ស្ថាប័នរបស់ព្រះរាជាណាចក្រកម្ពុជា ឥស្សរជនការទូតនៃបណ្តាប្រទេសជាមិត្តនា នា ប្រចាំព្រះរាជាណាចក្រកម្ពុជា។

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា មានប្រសាសន៍ថា នេះគឺជាសន្និសីទដ៏មានសារៈសំខាន់ ដើម្បីធ្វើការពិភាក្សាអំពីការវិនិយោគនៅកម្ពុជា។ អ្នកឧកញ៉ាប្រធានមានប្រសាសន៍បន្តថា កម្ពុជាទទួលបានការរីកចម្រើនយ៉ាងខ្លាំង  លើវិស័យសេដ្ឋកិច្ចដោយរក្សាបាននូវកំណើនក្នុងរង្វង់ ៧,៧% ក្នុងនោះលំហូនៃការវិនិយោគពីបរ ទេសមានការកើនឡើងជាលំដាប់ ពិសេសទៅទៀតនោះកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ នៃវេទិកាសេដ្ឋកិច្ចពិភពលោក ក្នុង ខែឧសភាខាងមុខ នឹងធ្វើឲ្យកម្ពុជាទទួលបាននូវការទាក់ទាញពីអ្នកសេដ្ឋកិច្ចនិងវិនិយោគជាច្រើនថែមទៀត។អ្នកឧកញ៉ាប្រធានមានប្រសាសន៍បញ្ជាក់បន្ថែមថា កម្ពុជាពោរពេញទៅដោយសកត្តានុ ពលលើគ្រប់វិស័យ ក្រោមការដឹក នាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ ពោលគឺក្នុងឆ្នាំ២០១៦កន្លង ទៅ កម្ពុជាទទួលបាននូវភ្ញៀវទេសចរណ៍ជាង៦លាននាក់ និងបានបង្កើតការងារបានប្រមាណ៦២ម៉ឺននាក់ ពីវិស័យ ទេសចរណ៍។

ឯកឧត្តម ប្រីសស្តុន មានប្រសាសន៍ថា ជាមធ្យមយើងបានរៀបចំនូវសន្និសីទនេះរៀងរាល់ពីរឬបីឆ្នាំម្តង ដើម្បី ពិនិត្យមើលពីកាលានុវត្តភាពថ្មីៗដែលកម្ពុជាទទួលបាន នូវលំហូវិនិយោគនិងការអភិវឌ្ឍសេដ្ឋកិច្ច។ ឯកឧត្តមមានប្រ សាសន៍បន្តថា ចាប់តាំងពីបង្កើតឡើងនៅឆ្នាំ១៩៩៤ របស់ IBC យើងដៃគូសហការមកពីគ្រប់ទិសទី ក្នុងការវិនិយោគក្នុងប្រទេសកម្ពុជា។ ជាមួយនិងសុន្ទរកថានោះដែរ ឯកឧត្តមសហប្រធានក៏បានបង្ហាញដល់អង្គសន្និសីទទាំង មូលពី ការវិវត្តន៍រីកចម្រើនខាងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ក្នុង ការខិតខំប្រឹងប្រែងធ្វើឲ្យសម្រេចបាននូវកំណើនសេដ្ឋកិច្ចមួយដ៏រឹងមាំ។ ឯកឧត្តមមានប្រសាសន៍បន្តថា ប្រសិនបើ គ្មានការសម្រេចចិត្តខាងនយោបាយដ៏ត្រឹមត្រូវ និងការមានចក្ខុវិស័យដ៏មុតស្រួច របស់សម្តេចតេជោនាយករដ្ឋមន្រ្តីទេនោះ កម្ពុជាគឺពិតជាមិនអាចសម្រេចនូវការរីកចម្រើនខាងផ្នែកសេដ្ឋកិច្ចនោះទេ។ ឯកឧត្តមក៏បានប្រមើុលមើលពីការ រីកចម្រើនខាងសេដ្ឋកិច្ចសម្រាប់រយៈពេលវែងទៅមុខ និងការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការទាក់ទាញអ្នក វិនិយោគមកពីគ្រប់ទិសទី ដើម្បីធ្វើការអភិវឌ្ឍក្នុងប្រទេសកម្ពុជា។

 ថ្លែងសុន្ទរកថាគន្លឹៈបើកសន្និសីទលើកទី៩ ស្តីពីការវិនិយោគនិងពាណិជ្ជកម្មកម្ពុជា ឆ្នាំ២០១៧ សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែនមានប្រសាសន៍ថា សន្និសីទនេះបានកល្ាយជាកិច្ចប្រជុំដ៏មានសារៈសំខាន់ ក្នុងការជំរុញទំហំពាណិជ្ជកម្ម និងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។សម្តេចតេជោនាយករដ្ឋមន្រ្តីបានថ្លែងដែរថា បើទោះបីជាពិភពលោកកំពុងប្រឈមបញ្ហាបម្រែបម្រួលទាំងផ្នែក    សេដ្ឋកិច្ច និងស្ថានភាពនយោបាយ នៃការចាកចេញរបស់អង់ គ្លេស ពីសហភាពអឺរ៉ុប និងបញ្ហាដទៃទៀតក្តី ក៏កម្ពុជារំពឹងថានឹងទទួលបាននូវកំណើនសេដ្ឋកិច្ច ក្នុងរង្វង់៧%។ តាម រយៈសន្និសីទដ៏មានសារសំខាន់នោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តីបានស្នើឲ្យធុរកិច្ចជនអន្តរជាតិ ពិនិត្យមើលពី បរិយាកាសវិនិយោគនៅក្នុងប្រទេសកម្ពុជា។ សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍សង្កត់ធ្ងន់ថា កម្ពុជាបាន ក្លាយជាកោះសន្តិភាព និងក៏ជាទិសដៅដ៏ល្បីល្បាញមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ សម្រាប់ភ្ញៀវទេសចរណ៍តំបន់ និងអន្តរជាតិ មកទស្សនាកំសាន្ត ដែលក្នុងឆ្នាំ២០១៦កន្លងទៅ កម្ពុជាទទួលស្វាគមន៍ភ្ញៀវទេសចរណ៍បរទេសជាង ៥ លាននាក់ ក្នុងអាត្រាកំណើនប្រមាណ៥%។ជាមួយនិងសុន្ទរកថាគន្លឹៈប្រកបដោយចក្ខុវិស័យដ៏មុតស្រួចនោះ សម្តេចតេជោនាយករដ្ឋមន្រ្តីបានរំលឹកពីការឆ្លើយទៅនឹងសំណួរ របស់សាកលវិទ្យាធិការនៃសាកលវិទ្យាល័យមួយ ដែលបានសួរសំណួរសម្តេចក្នុងពេលដែលរូបសម្តេច អញ្ជើញចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុងដាវ៉ូស ប្រ ទេសស្វីស ថាតើប្រទេសណានឹងដើរចេញពីអាស៊ាននៅពេលខាងមុខ។ សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ ថា មិនគួរតាំងសំណួរបែបនោះសម្រាប់តំបន់អាស៊ាននោះទេ គឺគួរតាំងសួរថា តើប្រទេសណានឹងត្រូវដើរចេញពីសហ គមន៍អឺរ៉ុប បន្ទាប់ពីអង់គ្លេស។បន្ទាប់មកសម្តេចតេជោនាយករដ្ឋមន្រ្តី អញ្ជើញទស្សនាពិព័រណ៌រូបថត ស្តីពីសមិទ្ធផល នៃការវិនិយោគ និង ពាណិជ្ជកម្មកម្ពុជា ក្នុងឆ្នាំ២០១៦ ដែលមានការចូលរួមពីសំណាក់រាជរដ្ឋាភិបាល និងផ្នែកឯកជន។ ជាការពិតណាស់ថា នៅក្នុងគោលនយោបាយជាអាទិភាពរបស់រាជរដ្ឋាភិបាល សម្តេចតេជោនាយករដ្ឋមន្រ្តី បានខិតខំពុះពារនូវរាល់  ឧបសគ្គ និងការលំបាកគ្រប់បែបយ៉ាង ក្នុងការការពារការស្តារនិងកសាងសេដ្ឋកិច្ចដ៏ខ្ទេចខ្ទំ របស់ប្រទេសកម្ពុជាដែលបន្សល់ទុកពីសង្រ្គាម និងរបបប្រល័យពូជសាសន៍ ពិសេសជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា មានការរីកចំរើនយ៉ាងឆាប់រហ័ស តាមរយៈការដាក់ចេញនូវគោលនយោបាយជាតិមួយដ៏ត្រឹមត្រូវ និងការកែទម្រង់ដ៏ស៊ីជំរៅ ពិសេសជាមួយនិងទេពកោសល្យ នៃការដឹកនាំដ៏ឈ្លាសវៃនិងប៉ិនប្រសព្វតាមរយៈសិល្បះនៃការកៀងគរ រកប្រភពថវិកានិងហិរញ្ញវត្ថុ ពីបណ្តាប្រទេសជាមិត្តភក្តិនានាលើពិភពលោក ពីដៃគួអភិវឌ្ឍន៍របស់កម្ពុជានិងពីផ្នែកឯកជន ក្នុងការកសាងសេដ្ឋកិច្ចកម្ពុជាដ៏រឹងមាំ ឈរយ៉ាងខ្ពស់ត្រដែតក្នុងការប្រកួតប្រជែង ជាមួយនិងបណ្តាប្រទេសកម្ពុជាតំបន់និងពិភពលោក។