ពិធីផ្សព្វផ្សាយស្តីពីវិធីបង្ការគ្រោះថ្នាក់ ដោយសារមីន សំណល់ជាតិផ្ទុះ ពីសង្រ្គាម និងវិធីសង្រ្គោះបឋម នៅភូមិព្រែកជីក ឃុំ ព្រែកជីក ស្រុកមោងឬស្សី ខេត្ត បាត់ដំបង

17-02-17

នៅព្រឹកថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ២០១៧   នៅខេត្តបាត់ដំបង  ឯកឧត្តម នៃ ប៉ាត់ អគ្គលេខាធិការរង អាជ្ញាធរមីន  និង  ឯកឧត្តមឧត្តមសេនីយ៍ឯក ផល សាម៉ន អគ្គនាយករង មជ្ឈមណ្ឌលជាតិ គ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសំអាតមីន និងកាកសំណល់សង្គ្រាម បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីផ្សព្វផ្សាយស្តីពីវិធីបង្ការគ្រោះថ្នាក់ដោយសារមីន សំណល់ជាតិផ្ទុះពីសង្គ្រាម និងវិធីសង្គ្រោះបឋម នៅភូមិព្រែកជីក ឃុំព្រែកជីក ស្រុកមោងឬស្សី ខេត្តបាត់ដំបង។ ព្រឹត្តិការណ៍នេះ ក៏មានការអញ្ជើញចូលរួមពីព្រះសង្ឃ ប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ សិស្សានុ សិស្សប្រមាណ ២០០នាក់ ចូលរួម ក្នុងគោលបំណងពង្រឹងសមត្ថភាពប្រជាពលរដ្ឋ ធ្វើជាមូលដ្ឋានគ្រឹះសម្រាប់ការពារសុវត្ថិភាព នៅពេលប្រកបមុខរបរធ្វើស្រែ ចំការក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ មិនមានផលប៉ះពាល់ ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ប្រកបដោយទំនុកចិត្ត។   ក្នុងឱកាសផ្សព្វផ្សាយស្តីពីវិធីបង្ការគ្រោះថ្នាក់ ដោយសារមីន សំណល់ជាតិផ្ទុះ   ពីសង្គ្រាម និងវិធីសង្គ្រោះបឋម នោះដែរ គណអធិបតីបានចែកអំណោយជា សៀវភៅសរសេរជូនដល់សិស្សានុសិស្ស និងសម្ភារៈសម្រាប់សង្គ្រោះបន្ទាន់ដល់អាជ្ញាធរ មូលដ្ឋានឃុំ ស្រុកផងដែរ។ ជាមួយគ្នានេះដែរ   ឯកឧត្តម នៃ ប៉ាត់ អគ្គលេខាធិការរងអាជ្ញាធរមីន បានពាំនាំនូវអំណោយរបស់ ឯកឧត្តម ទេសរដ្ឋមន្ត្រី សេរី កុសល ទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ អាជ្ញាធរមីននូវថវិកាចំនួន២០ម៉ឺនរៀល ជូនដល់ក្រុមគ្រួសារលោក អ៊ុក ទូច ដែលពិការជើងម្ខាងដោយសារមីន និងកំពុងមានជីវភាពលំបាក និងលោក សុធ លីម ជាអតីតកងទ័ពដែលរងគ្រោះពិការដាច់ជើងទាំងពីរ ដោយសារមីនកាលពីសម័យសង្រ្គាម ដែលកំពុងជួបការខ្វះខាតជីវភាពក្នុងគ្រួសារ ហើយបច្ចុប្បន្នកំពុងរស់នៅក្នុងភូមិព្រែកជីក ឃុំព្រែកជីក ស្រុកមោងឬស្សី ខេត្តបាត់ដំបងផងដែរ។