សម្តេចតេជោនាយករដ្ឋមន្រ្តី - បើកការដ្ឋានសាងសង់ផ្លូវក្រវ៉ាត់ក្រុងខ្សែទី២ កំណាត់ទី២ និងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ផ្លូវក្រវ៉ាត់ក្រុងខ្សែទី២ កំណាត់ទី១ មហាវិថីមិត្តភាពភ្នំពេញ ហូជីមិញ ពីផ្លូវទំនប់កប់ស្រូវ ដល់មហាវិថីសហព័ន្ធរុស្សី

06-03-2017

នៅព្រឹកថ្ងៃទី០៦ ខែមីនា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រ កម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី២ កំណាត់ទី២ ក្រោមហិរញ្ញប្ប​ទាន របស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការផ្លូ វក្រវ៉ាត់ ក្រុងខ្សែទី២ កំណាត់ទី១ មហាវិថីមិត្តភាពភ្នំពេញ ហូជីមិញ ពីផ្លូវទំនប់កប់ស្រូវ ដល់មហាវិថីសហព័ន្ធរុស្សី ដែលផ្លូវ​ទាំង​ពីរ​កំណាត់​មានប្រវែងសរុបជិត ២៧គីឡូម៉ែត្រ និងចំណាយថវិកាសាងសង់សរុបជាង ៧០​លាន​ដុល្លារអាមេរិក។ វត្តមាននៃការ អញ្ជើញដល់របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ត្រូវបានទទួលនូវការធ្វើគារវ  កិច្ចស្វាគមន៍យ៉ាងស្និទ្ធស្នាលរ៉ាក់ទាក់បំ ផុត ពីឯកឧត្តម លោកជំទាវ ជាឥស្សរជនជាន់ខ្ពស់ តំណាងគ្រប់ ស្ថាប័ន របស់ព្រះរាជាណាចក្រកម្ពុជា អាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ ពិសេសប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ និងខេត្ត កណ្តាលជាច្រើនរូប។ សូមបញ្ជាក់ដែរថា ពិធីដ៏ មានអត្ថន័យនោះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ជាឥស្សរជនការទូតនៃសាធារណរដ្ឋប្រជាមានិត ចិន និងសាធារណរដ្ឋសង្គម និយមវៀតណាម ជាច្រើនរូបផងដែរ។ ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន មានប្រសាសន៍ថា ផ្លូវ​ក្រ​វាត់ក្រុងខ្សែទី២ កំណាត់ទី២ ដែលនឹងបើកការដ្ឋានសាងសង់នៅពេលនេះ មាន ប្រវែង ជិត ១៧គីឡូម៉ែត្រ ជាប្រភេទ​ផ្លូវក្រាលបេតុងសសៃដែក។ ផ្លូវនេះមានទទឹងសរុបប្រវែង ២៣ម៉ែត្រ មានទទឹងទ្រូង ផ្លូវសម្រាប់ចរាចរណ៍ជាង ១៨​ម៉ែត្រ​។ ផ្លូវក្រវាត់ក្រុងខ្សែទី២ កំណាត់ទី២នេះ ចាប់ផ្តើមពីមហាវិថីសហព័ន្ធរុស្ស៊ី ត្រង់ភ្លើងស្តុបរតនៈផ្លាសា ឬ ភ្លើង​ស្តុប​ផ្សារដីហុយ ខណ្ឌសែនសុខ រាជធានីភ្នំពេញ រត់កាត់ តាមបណ្តោយ ផ្លូវ ណ័ដប្រ៊ីដ ផ្លូវទ្រុងមាន់ ផ្លូវភូមិទួលពង្រ ផ្លូវ​ទំនប់ ៧មករា ផ្លូវ ៦០ម៉ែត្រ ហៅមហាវិថីតេជោ តភ្ជាប់ទៅ ផ្លូវ ជាតិលេខ២ ត្រង់គីឡូម៉ែត្រលេខ ១៤+៤១៧ ចំណុច​គល់ស្ពានព្រែកហូរផ្នែកខាងជើង នៅត្រង់ភូមិតាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល និងតភ្ជាប់​ទៅផ្លូវ​លេខ​១១៥ និងស្ពានមិត្តភាពកម្ពុជា-ចិន ក្រុងតាខ្មៅ។ ឯកឧត្តមទេសរដ្ឋមន្រ្តីបន្តថា កំណាត់ផ្លូវនេះគ្រោងចំណាយ​ថវិកា​សាងសង់ជិត ៦២លានដុល្លារអាមេរិក ក្រោមហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលចិន រួមជាមួយថវិកាបដិភាគ​របស់​រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ដោះ ស្រាយផលប៉ះពាល់ និងបោសសំអាតយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ។ ផ្លូវនេះ គ្រោង​ចំណាយ​ពេលសាង សង់ប្រមាណ៣៦ខែ ដែលគ្រោងនឹងបញ្ចប់នៅចុងខែឆ្នាំ២០១៩។ ដោយឡែកផ្លូវដែលសម្ពោធ​ដាក់​ឲ្យប្រើប្រាស់ក្នុងពេលជាមួយគ្នានេះដែរ គឺជាមហាវិថីមិត្តភាពភ្នំពេញ-ហាណូយ ជាផ្លូវខ្សែក្រវាត់ក្រុងទី២ កំ​ណាត់​ទី១។ ផ្លូវនេះមានប្រវែងសរុបជាង ១០គីឡូម៉ែត្រ ជាប្រភេទផ្លូវក្រាលបេតុងសសៃដែក កម្រាស់ ២០សង់ទី​ម៉ែត្រ ទទឹងផ្លូវប្រវែង ២២ម៉ែត្រ ដោយមានសួនច្បារ និងដាំបង្គោលភ្លើងនៅចំកណ្តាល។  ផ្លូវកំណាត់ទី១ ដែលដាក់​ឲ្យប្រើប្រាស់នេះ ចាប់ផ្តើមពីទំនប់កប់ស្រូវ ដល់មហាវិថីសហព័ន្ធរុស្ស៊ី ខណ្ឌសែនសុខ  ។  មហាវិថីមិត្តភាពភ្នំពេញ-ហាណូយ ឬ ផ្លូវក្រវាត់ក្រុងខ្សែទី ២ កំណាត់ទី ១ នេះចំណាយថវិកាសាងសង់ប្រមាណ ១០លានដុល្លារ ក្នុងនោះ ៥០​ភាគរយជាថវិការបស់សាលារាជធានីភ្នំពេញ និង៥០ភាគរយ ជាថវិកាបដិភាគរបស់សាលាក្រុងហាណូយ។ ឯក​ឧត្តមទេសរដ្ឋមន្រ្តីមានប្រសាសន៍បន្តថា ក្រោយពេលសាងសង់រួចរាល់ជាស្ថាពរផ្លូវក្រវាត់ក្រុងខ្សែទី២នេះ នឹងធ្វើឲ្យ​ចរាចរណ៍ និងការដឹកជញ្ជូនមានភាពងាយស្រួលជាងមុន និងជួយសម្រួលចរាចរណ៍រាជធានីភ្នំពេញ មិនឲ្យកកស្ទះ​ច្រើន កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងរយៈពេលនៃការធ្វើដំណើររបស់ប្រជាពលរដ្ឋ ជំរុញការដឹកជញ្ជូន ការផ្គត់​ផ្គង់​ភស្តុភារ និងទំនិញពីផ្លូវជាតិលេខ៥ ទៅផ្លូវជាតិលេខ២ និងទៅផ្លូវជាតិលេខ១ បានឆាប់រហ័ស ជាពិសេស​តភ្ជាប់​ទៅ តំបន់ទំនប់កប់ស្រូវ ដែលកំពុងតែមានការអភិវឌ្ឍយ៉ាងខ្លាំង និងប្រែក្លាយទៅជាមជ្ឈមណ្ឌល ស្តុកទុកផ្គត់ផ្គង់ និង​ចែកចាយទំនិញនៅតំបន់ភាគខាងលិចរាជធានីភ្នំពេញ តភ្ជាប់ទៅកំពង់ផែស្វយ័តភ្នំពេញ និងទៅទីក្រុងហូជីមិញ​ប្រទេសវៀតណាម។ ជានេះទៅទៀតផ្លូវនេះ ក៏នឹងជួយកែលំអ និងបង្កើនសោភ័ណភាពរាជធានីភ្នំពេញ​ជួយជំរុញ​​បន្ថែមការអភិវឌ្ឍរីកចម្រើនដល់បណ្តាខណ្ឌនានា នៅតាមតំបន់អមសងខាងផ្លូវផងដែរ ព្រមទាំងអាចទាក់ទាញការ​វិនិយោគបន្ថែមទៀត និងបម្រើឲ្យវិស័យទេសចរណ៍ ស្របតាមការរីកចម្រើន និងការអភិវឌ្ឍថ្មីៗ របស់រាជធានី​ភ្នំពេញ។ មានប្រសាសន៍សំណេះសំណាលទៅកាន់ប្រជាពលរដ្ឋ ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវក្រវ៉ាត់ក្រុងខ្សែទី២ កំណាត់ទី២ និង​សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ផ្លូវក្រវ៉ាត់ក្រុងខ្សែទី២ កំណាត់ទី១ មហាវិថីមិត្តភាពភ្នំពេញ ហូជី មិញ ពីផ្លូវទំនប់​កប់​ស្រូវ ដល់មហាវិថីសហព័ន្ធរុស្សីុ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងថា រាជធានី ភ្នំពេញក្នុងដំណាក់កាលបច្ចុប្បន្ននេះ មិនមែនមានយានយន្តត្រឹមរាប់សិប រាប់រយ ឬរាប់ម៉ឺនគ្រឿងនោះទេ ផ្ទុយទៅ វិញមានកំណើនរហូតដល់រាប់លានគ្រឿងឯណោះ និងធ្វើឲ្យមានការកកស្ទះចរាចរណ៍ជារៀងរាល់ថ្ងៃ ដែលបញ្ហានេះ ទាមទារឲ្យមានការពង្រីកប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ និងសាងសង់ផ្លូវក្រវ៉ាត់ក្រុងឲ្យកាន់តែច្រើនឡើងថែមទៀត។ សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍បន្តថា ដើម្បីឲ្យក្លាយជាផ្លូវក្រវ៉ាត់ក្រុងពិតប្រាកដនោះ កម្ពុជាត្រូវការស្ពាន ចំនួន២បន្ថែមទៀត គឺទី១ស្ពានតផញជាប់ពីជ្រោយចង្វារទៅស្វាយជ្រុំ ឆ្លងកាត់ទន្លេមេគង្គលើ និងស្ពានមួយទៀត ពី អរិយក្សត្រ តភ្ជាប់ទៅក្តីតាកុយ ឆ្លងកាត់ទន្លេមេគង្គក្រោម ដែលស្ពានទាំងពីរនេះ សម្តេចបានស្នើឲ្យភាគីចិនមេត្តា ផ្តល់លទ្ធភាពសិក្សានិងពិចារណាក្នុងការផ្តល់នូវកម្ចីហិរញ្ញប្បទាន ដល់ការសាងសង់ស្ពានដ៏មានសារសំខាន់ខាង សេដ្ឋកិច្ចនោះឲ្យខានតែបាន។ ជាមួយនិងការថ្លែងនោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ ថ្លែងនូវអំ​ណរគុណចំពោះសាលារាជធានីភ្នំពេញ ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែល​បានខិតខំស្វែងរកទុននិងដៃគូ ក្នុងការស្វែងរកថវិកាសាងសង់ផ្លូវក្រវ៉ាត់ក្រុង កំណាត់ទី១ និងកំណាត់ទី២ ប្រកប​ដោយគុណភាពនិងប្រសិទ្ធភាពខាងផ្នែកសេដ្ឋកិច្ច ពិសេសការដោះស្រាយបាននូវការកកស្ទះចរាចរណ៍ ដែលបាន និងកំពុងកើតមានឡើងស្ទើរជារៀងរាល់ថ្ងៃ។ ជាមួយនិងសមិទ្ធផលដែលយើងទាំងអស់គ្នាទទួលបាននៅថ្ងៃនេះ សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍បញ្ជាក់បន្ថែមថា ចាប់តាំងពីក្រោយថ្ងៃរំដោះ៧មករាឆ្នាំ១៩៧៩ កម្ពុជា មានការប្រែប្រួលនិងផ្លាស់ប្តូរជាបន្តបន្ទាប់ គឺផ្លាស់ប្តូរពីការលំបាកមកកាន់ភាពងាយស្រួល ពីសង្រ្គាមមកកាន់សុខ​សន្តិភាព និងពីភាពក្រីក្រតោកយ៉ាកមកកាន់ការអភិវឌ្ឍរីកចម្រើនលើកគ្រប់វិស័យ។ នៅចំពោះមុខប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល សម្តេចតេជោមានប្រសាសន៍ដោយសេចក្តីរីករាយថា សម្តេចនិងកំណត់យកថ្ងៃ​ទី៣ ខែមេសា ជាថ្ងៃសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវ៦០ម៉ែត្រ ជាប្រភេទផ្លូវថ្មី ហើយបើអាចទៅរួចយើងអាច ប្រារព្វពិធីនៅពេលល្ងាចដើម្បីបានរាំលេងកំសាន្តជាមួយគ្នា ក្នុងទទួលនូវអំណរសាទរចំពោះសមិទ្ធផលថ្មី ដែលយើង បានខិតខំប្រឹងប្រែងរកបានដ៏កម្រនោះ។ នៅក្នុងពិធីដ៏មានអត្ថន័យនោះដែរ បន្ទាប់ពីពិធីចែកអំណោយជានិម្មិតរូបជូនដល់សាលាខណ្ឌដង្កោ ក្រុងតា ខ្មៅ តំណាងការិយាល័យអប់រំ សុខាភិបាល តំណាងសិស្សានុសិស្ស លោកគ្រូអ្នកគ្រូ សិស្សកាយរិទ្ធ យុវជនកាកបាទ ក្រហមកម្ពុជា និងចាស់សិល៍វ័ន្ត ចាស់សិល៍វតី នៃខណ្ឌដង្កោនិងក្រុងតាខ្មៅរួចមក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ស្យង់ ព័រ ឯកអគ្គរដ្ឋទូតវិសាមញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា អញ្ជើញបញ្ជាគ្រឿងចក្រជានិម្មិតរូប នៃពិធីបើកការ​ដ្ឋាន​សាងសង់ផ្លូវក្រវ៉ាត់ក្រុងខ្សែទី២ កំណាត់ទី២ ក្រោមហិរញ្ញប្ប​ទាន របស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិត​ចិន ចាប់ពីពេលនេះតទៅ។ សូមបញ្ជាក់ដែរថា ដោយសារប្រទេសជាតិមានសុខសន្តិភាពយ៉ាងពេញលេញ ធ្វើឲ្យកំ ណើនសេដ្ឋកិច្ចមានភាពរីកលូតលាស់យ៉ាងឆាប់រហ័ស តាមរយៈការអភិវឌ្ឍឥតឈប់ឈរ ជាពិសេសការវិនិយោគធំៗ ដូចជាការសាងសង់រោងចក្រឧស្សាហកម្ម សួនឧស្សាហកម្ម ផែស្ងួត មជ្ឈមណ្ឌលស្តុក និងចែកចាយទំនិញ អគារ ពាណិជ្ជកម្ម សំណង់ទីក្រុងរណប បូរី និងអគារខ្ពស់ៗ ដែលទាក់ទាញប្រជាពលរដ្ឋឲ្យចូលមករស់នៅកាន់តែច្រើន ឡើងៗ ជារៀងរាល់ថ្ងៃ ធ្វើឲ្យចរាចរណ៍នៅរាជធានីភ្នំពេញមានការកើនឡើង និងកកស្ទះជាញឹកញាប់ ដោយមានចក្ខុ វិស័យដ៏មុតស្រួច សម្តេចតេជោនាយករដ្ឋមន្រ្តីបានបញ្ជាដល់មន្រ្តីជំនាញគ្រប់ស្ថាប័នទាំងអស់ ពិនិត្យលទ្ធភាពក្នុងការ សិក្សាស្រាវជ្រាវពីផលប៉ះពាល់នានា ក្នុងការសាងសង់ផ្លូវក្រវ៉ាត់ក្រុងខ្សែទី២ កំណាត់ទី២នេះឡើង ដើម្បីកាត់បន្ថយ ការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ និងជួយដល់ការអភិវឌ្ឍបន្ថែមនៅតាមតំបន់សងខាង ផ្លូវក្រវ៉ាត់ក្រុងខ្សែទី២ ឲ្យ ស្រមទៅតាមការអភិវឌ្ឍរបស់រាជធានីភ្នំពេញនាពេលបច្ចុប្បន្ន និងអនាគត។