ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន ចែករម្លែកបទពិសោធន៍ខាងយុទ្ធសាស្ត្រនយោបាយឈ្នះឈ្នះដល់មេទ័ពសហភាពមីយ៉ាន់ម៉ា

09-03-2017

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់នូវបទ​ពិសោធន៍​ជាច្រើនអំពីយុទ្ធសាស្ត្រ នៃនយោបាយឈ្នះឈ្នះ ជូនដល់ប្រទេសជាមិត្ត គឺសាធារណរដ្ឋ សហភាពមីយ៉ាន់ម៉ា។ ការលើកឡើងនូវបទពិសោធន៍ នៃនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាជូនដល់ប្រទេសមីយ៉ាន់ម៉ា ត្រូវបានធ្វើឡើងក្នុងពេលសម្តេចបាន​អនុញ្ញាត​ឱ្យ​ឯកឧត្តម ឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អ៊ុងលាំង(Min Aung hlaing) អគ្គមេបញ្ជាការ នៃ សារណរដ្ឋសហភាពមីយ៉ាន់ម៉ា ចូលជួប សំដែងការគួរសម នៅវិមានសន្តិភាព នារសៀលថ្ងៃទី៨ ខែមីនានេះ។ឯកឧត្តម Min Aung Hlaing បានគោរពជំរាបជូនសម្តេចតេជោ ហ៊ុន សែន ថា នេះ​ជាដំណើរ​ទស្សន កិច្ចលើកទី១ របស់លោកមកកាន់ព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម បានកោតសរសើរ យ៉ាងខ្លាំង ចំពោះការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានធ្វើ​អោយ     ប្រទេ​ស​កម្ពុជាមានការអភិវឌ្ឍ រីកចម្រើន និងសុខសន្តិភាពពេញលេញ។ លោកបានបញ្ជាក់ផងដែរ​ថា សន្តិភា​ព​គឺជាកត្តា​ចំបងសំរាប់ ការអភិវឌ្ឍប្រទេស ក្នុងន័យនេះឯកឧត្តម​ ក៏បានគោរពស្នើ​សុំសម្តេច​តេជោ នាយករដ្ឋមន្ត្រី​ ក្នុងការ​ផ្តល់ និងចែករំលែងបទពិសោធន៍ពីកម្ពុជាយើង ក្នុងដំណើរស្វែងរកសន្តិភាពនៅកម្ពុជា ហើយ​ក៏បានស្នើសុំ​អោយ​មានកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ​​ អោយកាន់តែធំទូលាយបន្ថែមទៀត​ទៅលើ ទំនាក់ទំនង ជា​ប្រពៃណី ជាប្រវត្តិសាសស្ត្រ និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ដែលមាន ស្រាប់រួចមកហើយ ។​ ជាការឆ្លើយតបវិញ សម្តេចតេជោ បានចែករម្លែក​បទ​ពិសោធន៍ពាក់ព័ន្ធ​នឹងយុទ្ធសាស្ត្រនៃ​នយោបាយ​ឈ្នះឈ្នះ របស់កម្ពុជា ជូនដល់ឯកឧត្តម ឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អ៊ុងលាំង(Min Aung hlaing) អគ្គមេបញ្ជាការ នៃសារណរដ្ឋសហភាពមីយ៉ាន់ម៉ា​ ហើយសម្តេច ក៏បានយល់ស្រប​ជាមួយ នឹងការលើកឡើង របស់ឯកឧត្តម មីន អ៊ុងលាំង ដែលបានលើកឡើងពី ទំនាក់ទំនងរវាង ប្រទេស ទាំងពីរកម្ពុជា មីយ៉ាន់ម៉ាដែលមានកិច្ច សហប្រតិបត្តិការល្អ ហើយបានឯកភាពជំរុញ នូវកិច្ច សហប្រតិបត្តិការនេះ ឱ្យកាន់​តែមាន​សន្ទុះ​ថែមទៀត​ជាពិសេសលើវិស័យ​យោធាតែម្តង៕