ដ្ឋបាលរាជធានីភ្នំពេញ ប្រកាសថានឹងទទួលការខុសត្រូវដោះស្រាយទាំងស្រុង ជូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ផ្ទះទាំងស្រុងនៃការដ្ឋានស្តារប្រឡាយបឹងត្របែក ដោយមិនអោយប្រជាពលរដ្ឋណាម្នាក់មានការឈឺចាប់នោះទេ

15 03 2017

រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសថានឹងទទួលការខុសត្រូវដោះស្រាយទាំងស្រុង ជូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ផ្ទះទាំងស្រុងនៃការដ្ឋានស្តារប្រឡាយបឹងត្របែក ដោយមិនអោយប្រជាពលរដ្ឋណាម្នាក់មានការឈឺចាប់នោះទេ។ នេះជាការបញ្ជាក់របស់ ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នៅល្ងាចម្សិលមិញ ក្នុងពេលដែរឯកឧត្តម និងមន្ត្រីជំនាញ អាជ្ញាធរដែនដី ចុះទៅពិនិត្យ ជាក់ស្តែងពីស្ថានភាពប្រឡាយ និងផលប៉ះពាល់នៃការបុកស៊ីផាយលើប្រឡាយបឹងត្របែក។ ឯកឧត្តម ប៉ា សុជាតិវង្ស ដើម្បីជម្រុញអោយការដ្ឋានបុកស៊ីផាយ ដំណើរការបានលឿនស្របពេល ដែលសំណង់ស្នាក់នៅមិនរៀបរយរបស់ប្រជាពលរដ្ឋមានប្រមាណ៣០០គ្រួសារ រងផលប៉ះពាល់ទាំងស្រុង ដែលត្រូវអោយរុះរើចេញជាបន្ទាន់នោះ ។ ឯកឧត្តម អភិបាលរាជធានីផ្នំពេញ ក្នុងឱកាសនោះបានណែនាំអោយអភិបាលខណ្ឌចំការមន ស្រង់ស្ថិតិអោយបានច្បាស់លាស់ចំពោះប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ផ្ទះទាំងស្រុង នៃការដ្ឋានបុកស៊ីផាយប្រឡាយបឹងត្របែកនេះ។ សូមបញ្ជាក់ថា អាជ្ញាធររាជធានីភ្នំពេញបានបញ្ជាក់ថា ផ្ទះដែលរងផលប៉ះពាល់ទាំងស្រុង ត្រូវរុះរើចេញ ហើយរាល់ការចំណាយលើសេវាជួលស្នាក់នៅជាបណ្តោះអាសន្ននេះ រដ្ឋបាលរាជធានីភ្នំពេញជាអ្នកចេញថវិកាជំនួស។ ក្រោយការដ្ឋាននេះបានបញ្ចប់ រដ្ឋបាលរាជធានីភ្នំពេញនឹងដោះស្រាយអោយផ្ទះប្រជាពលរដ្ឋនៅហ្នឹងតំបន់នេះ ដោយមិនយកបងប្អូនទៅណាឆ្ងាយឡើយ។ ​ជាមួយគ្នានេះដែរ អាជ្ញាធរបានសំណូមពរអោយប្រជាពលរដ្ឋត្រូវសហកាណ៍ជាមួយរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជម្រុញអោយការដ្ឋាននេះបានលឿនទៅតាមគម្រោងដែលមានគ្រោងទុក។ អាជ្ញាធរខណ្ឌចំការមនបានឲ្យដឹងថា ការដ្ឋានបុកស៊ីផាយនៃការដ្ឋានស្តារប្រឡាយបូបទឹកបឹងត្របែក បានដំណើរការបុកបានប្រមាណជាង១០០ម៉ែត្រហើយ ហើយប្រជាពលរដ្ឋដែលរងផលប៉ះពាល់ផ្ទះទាំងស្រុងនៃការដ្ឋានបុកស៊ីផាយប្រឡាយបឹងត្របែកនេះមានប្រមាណ៣០០ខ្នងផ្ទះចាប់ពីផ្លូវលេខ៤៨៨​ ដល់ស្ថានីយ៍បូមទឹកបឹងត្របែក ដែលមានប្រវែងជិត១គីឡូម៉ែត្រ។គម្រោងនេះមានបំណងអភិវឌ្ឍន៏ប្រពន្ធ័ប្រឡាយដោះទឹក ហើយក៏ជាពេលវេលាសមស្របដែលត្រូវ អនុវត្តន៍ ព្រោះជារដូវប្រាំង រួមទាំងការអភិរក្សប្រឡាយពីការរំលោភផងដែរ។ អាងស្តុកទឹក និងប្រឡាយបឹងត្របែកខាងជើង និងខាងត្បូង មានទំហំជាង៣០ហិកតា ត្រូវបានគេ ចាក់ដីរំលោភយកធ្វើកម្មសិទ្ធផ្ទាល់ខ្លួននៅសល់មិនដល់១០ហិកតាផងមកដល់ពេលនេះ។ ផ្ទៃបឹងត្រូវបានគេចាក់ដីសង់សំណង់ផ្សេងៗ,​រីឯផ្ទៃបឹងដែលនៅក្នុងទឹកត្រូវបានគេបោះ បង្គោលអង្កន់ជាឡូត៏រំលោភយកដោយមិនមានការកោតក្រែង និងធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរ ដល់អាងស្តុកទឹក និងប្រពន្ធ័ប្រឡាយបង្ហូរទឹកដ៏សំខាន់១នេះនៅពេលផ្ទៃបឹងកាន់តែរួមតូច និងកាន់តែគោករាក់ជាបន្តបន្ទាប់ ដូច្នេះរដ្ឋបាលរដ្ឋធានីត្រូវតែមានវិធានការនិងរិះរកវិធីដើម្បីការពារបឹងនិងប្រឡាយនះអោយបានគង់វង្ស ដើម្បីទុកជាប្រយោជន៍សារធារណៈ៕