សម្តេចតេជោនាយករដ្ឋមន្រ្តី - អញ្ជើញគោរពវិញ្ញាណក្ខន្ធសព សម្តេចវិបុលបញ្ញា សុខ អាន

17 03 2017

ដោយឡែកនៅរសៀលថ្ងៃដដែលនោះដែរ គណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយ សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព សម្តេចវិបុលបញ្ញា សុខ អាន សមាជិករដ្ឋសភា ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី ដែលតម្កល់ធ្វើបុណ្យទក្ខិណានុប្បទាន តាមគន្លងប្រពៃណីសាសនា នៅភូមិគ្រឹៈក្នុងរាជធានីភ្នំពេញ។ នៅក្នុងពិធីគោ រពវិញ្ញាណក្ខន្ធផ្លូវការនោះ សម្តេចតេជោនាយករដ្ឋមន្រ្តី សម្តេច ឯកឧត្តម លោកជំទាវ ជាឥស្សរជនជាន់ខ្ពស់តំណាង គ្រប់ស្ថាប័នរបស់រាជរដ្ឋាភិបាល បានលំអោនកាយវាចាចិត្តគោរពសពសម្តេចវិបុល បញ្ញា សុខ អាន សមាជិករដ្ឋសភា ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បានទទួលមរណភាពកាលពីវេលាម៉ោង ១៨និង​៣២​នាទី ថ្ងៃទី១៥ ខែមីនាឆ្នាំ២០១៧ ក្នុងជន្មាយុ៦៦ឆ្នាំ ដោយរោគាពាធ នៅទីក្រុងប៉េកាំង សាធារណរដ្ឋ​ប្រជា​មា​និតចិន។ នៅក្នុងឱកាសដ៏ក្រៀមក្រមនោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្រ្តីនៃព្រះរាជា​ណាចក្រកម្ពុជា បានចេញនូវសារលិខិតរំលែកទុក្ខ កាល ពីព្រលប់ថ្ងៃទី១៥មីនា ផ្ញើរជូនលោកជំទាវ អាន្នី សុខអាន ភរិយាសពសម្តេចវិបុលបញ្ញា សុខ អាន។ សារលិខិតចូលរួមរំលែក ទុក្ខបានបញ្ជាក់ថា សម្តេចផ្ទាល់និងភរិយា សូម​សំដែងនូវសមានទុក្ខ ស្តាយស្រណោះអាឡោះអាល័យ និងក្តីសង្វេកជាអនេកប្បការ ព្រោះថាមរណភាពរបស់ សម្តេច​វិបុលបញ្ញា សុខ អាន គឺជាការ បាត់បង់ ឧត្តមស្វាមីប្រកបដោយភក្តីភាពបំផុតចំពោះភរិយា ហើយក៏ជាការបាត់បង់​លោកឪពុកនិងជីតា ពោរពេញ ដោយព្រហ្មវិហារធម៌មិនចេះរីងស្ងួត ចំពោះបុត្រាបុត្រីនិងចៅៗទាំងអស់ជាទី​ស្រ​ឡាញ់​។ សារលិខិត រំលែកទុក្ខរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានបញ្ជាក់បន្ថែមដែរថា ការបាត់បង់រូបកាយសម្តេចវិ​បុលបញ្ញា សុខ អាន ក៏ជា​ការបាត់បង់នូវឥស្សរជនដ៏ឆ្នើមរបស់ជាតិមួយរូប ដែលបានបម្រើឧត្តម ប្រយោជន៍ជាតិ សាសនា ព្រះមហាក្សត្រ ព្រមទាំងបានធ្វើពលីកម្មសព្វបែបយ៉ាង តស៊ូលះបង់តាំងពី កម្លាំងកាយ កម្លាំងប្រាជ្ញា ឆន្ទៈ​មនសិកា បញ្ញាញាណ រួមចំណែកកសាងសុខសន្តិភាព និងអភិវឌ្ឍន៍ជាតិ មាតុភូមិ រហូតបានស្នាដៃដ៏ត្រចះត្រចង់​ដ៏ច្រើនឥតគណនា។ តាមកម្មវិធីដែលបានគ្រោងទុកសព សម្តេច វិបុលបញ្ញា សុខ អាន នឹងប្រារព្វពិធីបូជានៅថ្ងៃទី​១៩ ខែមីនា ឆ្នាំ២០១៧ នៅមុខឈាបនដ្ឋានមុខវត្ដបទុមវត្ដី រាជធានីភ្នំពេញ។