សម្តេចតេជោនាយករដ្ឋមន្រ្តី - អញ្ជើញបើកការដ្ឋានសាងសង់ធំ និងសម្ពោធមណ្ឌលកីឡាក្នុងសាលនៅពហុកីឡដ្ឋាន មរតកតេជោ

04 04 2017

នៅព្រឹកថ្ងៃទី០៤មេសា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រ កម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកការដ្ឋានសាងសង់កីឡាដ្ឋានធំ និងសម្ពោធដាក់អោយប្រើប្រាស់​ជាផ្លូវការ មណ្ឌលកីឡាក្នុងសាល មណ្ឌលកីឡាហែលទឹក ក្នុងពហុកីឡដ្ឋានមរតកតេជោ ស្ថិតនៅតំបន់អភិវឌ្ឍន៍លី យ៉ុង​ផាត់ ក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។ ពិធីដ៏មានអត្ថន័យនោះក៏មានការអញ្ជើញចូល​រួមពី ឯកឧត្តម លោកជំទាវ ជាឥស្សរជនជាន់ខ្ពស់តំណាងគ្រប់ស្ថាប័ន របស់ព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម លោក ជំទាវ ជាឥស្សរជនការទូតនៃបណ្តាប្រទេសជាមិត្តនានា ពិសេសពីសំណាក់កីឡាករ កីឡាការិនី មកពីគ្រប់សហព័ន្ធ កីឡា ក្នុងប្រទេសកម្ពុជា។ សូមបញ្ជាក់ដែរថា នែះគឺជាសមិទ្ធផលថ្មីមួយទៀត ក្រោមកិច្ចខិតខំប្រឹងប្រែងមិនខ្លាច​នឿយហត់ របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ក្នុងការកៀងគររកប្រភពទុនពីបណ្តាប្រទេសជាមិត្តនានា ពិសេសប្រ ទេសចិន ក្នុង ការផ្តល់នូវហិរញ្ញប្បទានឥតសំណង ក្នុងការកសាងពហុកីឡាដ្ឋានតេជោមរកតនេះឡើង ដើម្បីចូលរួម អភិវឌ្ឍវិស័យកី ឡារបស់ព្រះរាជាណាចក្រកម្ពុជា ឲ្យកាន់តែមានឈ្មោះបោះសម្លេងលើឆាកអន្តរជាតិ។

ឯកឧត្តម ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជារដ្ឋមន្រ្តីក្រសួងទេសចរណ៍ មានប្រ​សាសន៍ថា មណ្ឌលកីឡាដែលសាងសង់រួចនិងត្រូវសម្ពោធដាក់អោយប្រើប្រាស់នាពេលនេះ មានអាងហែលទឹក​កម្រិត​អន្តរជាតិ និងសាលសម្រាប់ប្រកួតកីឡា។ សម្រាប់អាងហែលទឹកមានចំនួន៣ គឺអាងកំដៅសាច់ដុំ អាង​សម្រាប់ហែលប្រកួត និងអាងលោតទឹក  និងកន្លែងអង្គុយទស្សនាមានចំនុះ៣ពាន់នាក់។ ចំពោះអគារសម្រាប់ប្រកួត​ កីឡាក្នុងសាល មាន កន្លែងសម្រាប់ប្រកួតកីឡាប្រយុទ្ធនិងកីឡាផ្សេងៗទៀតដូច ជាបាល់ទះ វាយសី វាយកូនឃ្លីលើតុ បាល់បោះ និង ប្រភេទកីឡានានាជាច្រើនទៀត។  ដោយឡែកអគារធំដែលត្រូវបុកគ្រឹះ កសាងបន្តនោះ មានចំណុះ​៥ម៉ឺន៥ពាន់នាក់ និងកន្លែងបម្រុង៥ពាន់កន្លែង ព្រមទាំងប្រព័ន្ធសង្គ្រោះបានរហ័ស ក្នុងករណីកើតមានបញ្ហា​ជាយថា​ហេតុនោះ។ ឯកឧត្តមប្រធានគណៈកម្មាធិការកីឡាអូឡាំពិក មានប្រសាសន៍បញ្ជាក់ឲ្យដឹងដែរថា ពហុកីឡដ្ឋាន​មរតកតេជោ ដែលត្រូវបានសាងសង់ក្នុងសម័យតេជោសែនដ៏ធំនើបនេះ កសាងលើផ្ទៃដីទំហំ៨៥ហិកតា ដែលជា​ជំនួយ ឥត សំណងរបស់រដ្ឋាភិបាលចិន បើតាមការគ្រោងទុកគឺចំណាយក្នុងការសាសង់អស់១៥៧លានដុល្លារ ដោយ​គ្រោង បញ្ចប់ការងារសាងសង់ទាំងស្រុងនៅឆ្នាំ២០២០ ឬ ឆ្នាំ២០២១។

ឯកឧត្តម ស្យង់ ព័រ ឯកអគ្គរដ្ឋទូតវិសាមញ និងពេញសមត្ថភាព របស់សាធារណរដ្ឋប្រជាមានិតចិន ប្រចាំ ព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ឲ្យដឹងថា នេះគឺជាលើកទី១ក្នុងប្រវត្តិសាស្រ្តរបស់ប្រទេសចិន ដែលបានផ្តល់ ជំនួយហិរញ្ញប្បទានឥតសំណងដ៏ច្រើនជាងគេបំផុត ទៅដល់បណ្តាប្រទេសនានាលើពិភពលោក ក្នុងការកសាងនូវ សមិទ្ធផលសង្គមបម្រើឲ្យការអភិវឌ្ឍ។ ឯកឧត្តមឯកអគ្គរដ្ឋទូតមានប្រសាសន៍បន្តថា មេដឹកនាំកំពូលនៃប្រទេសទាំង​ពីរកម្ពុជា ចិន មានភាពជឿជាក់និងទុកចិត្តគ្នាខ្លាំងណាស់ ក្នុងការជួយគ្នាទៅវិញទៅមកក្នុងគ្រាដែលទាមទារឲ្យមាន ការជួយគ្នាទៅវិញទៅមក។ តាមរយៈនេះរដ្ឋាភិបាលចិន បានសំរេចផ្តល់ជំនួយហិរញ្ញប្បទានឥតសំណង មានទឹក​ប្រាក់ប្រមាណ១៥៧លានដុល្លា ជូនដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកសាងពហុកីឡាដ្ឋានលំដាប់អន្តរជាតិនេះ​ឡើង ដើម្បីជួយដល់ការអភិវឌ្ឍវិស័យកីឡានៅព្រះរាជាណាចក្រកម្ពុជា ឲ្យកាន់តែមានឈ្មោះបោះសម្លេងលើឆាក​អន្តរជាតិ។ ឯកឧត្តមឯកអគ្គរដ្ឋទូតមានប្រសាសន៍ដែរថា ក្រោមការដឹកនាំដោយផ្ទាល់ពីសម្តេចតេជោនាយករដ្ឋមន្រ្តី វិស័យកីឡារបស់ប្រទេស កម្ពុជា នឹងទទួលបាននូវភាពល្បីល្បាញ និងមានការប្រកួតប្រជែងជាមួយនិងបណ្តាប្រទេស ក្នុងតំបន់ និងអន្តរជាតិ ក្នុងអនាគតដ៏ខ្លីខាងមុខ។

ថ្លែងទៅកាន់កីឡាករ កីឡាការិនី ក្នុងពិធីបើកការដ្ឋានសាងសង់កីឡាដ្ឋានធំ និងសម្ពោធដាក់អោយប្រើប្រាស់​ជាផ្លូវ ការមណ្ឌលកីឡាក្នុងសាល មណ្ឌលកីឡាហែលទឹក ក្នុងពហុកីឡដ្ឋានមរតកតេជោ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន មានប្រសាសន៍សំដែងនូវអភ័យទោសចំពោះការពន្យាពេល នៃការធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡា ស៊ីហ្កេម រហូតដល់ឆ្នាំ២០២៣ខាងមុខ។ សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍បញ្ជាក់បន្ថែមថា ការពន្យានោះ គឺដោយ សាតែប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធរបស់វិស័យកីឡាយើង ត្រូវបានបំផ្លិចបំផ្លាញដោយសារភ្លើងសង្រ្គាម និងក្នុង ដំណាក់ កាលនេះដែរ កម្ពុជាត្រូវការពេលវេលាក្នុងការអភិវឌ្ឍប្រទេសជាតិ។ តាមរយៈការថ្លែងនោះដែរ សម្តេចតេជោ នាយក រដ្ឋមន្រ្តីក៏បានថ្លែងនូវអំណរគុណ ជូនចំពោះបណ្តាមេដឹកនាំនៃប្រទេសអាស៊ានទាំងអស់ ដែលបានធ្វើការ​យោគយល់ និងអធ្យាស្រ័យដល់កម្ពុជា ក្នុងការពន្យាពេលទទួលធ្វើជាម្ចាស់ផ្ទះ នៃការរៀបចំការប្រកួតកីឡាស៊ីហ្គេម។ សម្តេចតេ ជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ឲ្យដឹងដែរថា ពេលនេះយើងមានពេលវេលាគ្រប់គ្រាន់ក្នុងការត្រៀមខ្លួននិងការត្រៀមនូវលក្ខណៈ សម្បត្តិគ្រប់បែបយ៉ាង ក្នុងនោះរួមទាំងការបណ្តុះបណ្តាលធនធានមនុស្ស និងហេដ្ឋារចនា សម្ព័ន្ធ ក្នុងវិស័យកីឡា ដើម្បីធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ខាងមុខ។ សម្តេចតេជោមានប្រសាសន៍ ដែរថា កម្ពុជាពេលនេះកំពុងមានភាពប្រកួតប្រជែងក្នុងវិស័យកីឡាដែរនោះគឺ ទី១កម្ពុជាបានបង្កើតរោងចក្រ ផលិត កង់ប្រណាំងនាំចេញ និងមួយទៀត កម្ពុជាកំពុងផលិតបាល់ទះ សម្រាប់នាំចេញបម្រើឲ្យកីឡាពិភពលោក ផងដែរ។ ទាក់ទិនទៅនិងការសាងសង់ពហុកីឡាដ្ឋានតេជោមរកតនេះ សម្តេចតេជោនាយករដ្ឋមន្រ្តីមាន​ប្រសាស​ន៍​ថា ប្រធានា ធិបតីចិន ស៊ី ជិន​ពីង បានប្រកាស់ពីការផ្តល់ជំនួយឥតសំណងដល់សម្តេច ក្នុងការសាងសង់ពហុកីឡា​ដ្ឋាន​នេះ ហើយពហុកីឡាដ្ឋាននេះ គឺជាជំនួយធំជាងគេរបស់ចិន ក្នុងការផ្តល់ជំនួយទៅក្រៅប្រទេស។

បន្ទាប់មកសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញបំ ពាក់ គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ជាតូបការ និងថ្នាក់មហាសេរីវឌ្ឍន៍ ជូនចំពោះឯកឧត្តម លោក ជំទាវ ជាឥស្សរជនជាន់ខ្ពស់ក្នុងវិស័យកីឡារបស់ព្រះរាជាណាចក្រកម្ពុជា ដែលមានស្នាដៃឆ្នើមក្នុងការដឹកនាំកីឡា ក្នុង ប្រទេសកម្ពុជានាពេលកន្លងមក។ នៅក្នុងពិធីដ៏មានអត្ថន័យនោះដែរ បន្ទាប់ពីពិធីចែកអំណោយជានិម្មិតរូបជូន ដល់តំណាងសិស្សកាយរិទ្ធ យុវជនកាកបាទក្រហមកម្ពុជា និងតំណាងលោកគ្រូអ្នកគ្រូ និងក្រុមកីឡាករ កីឡារិនីរួច​មក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម ស្យង់ ព័រ ឯក អគ្គរដ្ឋទូតវិសាមញ និងពេញសមត្ថភាព របស់សាធារណរដ្ឋប្រជាមានិតចិន ប្រចាំ ព្រះរាជា ណាចក្រកម្ពុជា អញ្ជើញបញ្ជាគ្រឿងចក្រជានិម្មិតរូប នៃការបើកការដ្ឋានសាងសង់កីឡាដ្ឋានធំ ចាប់ពីពេលនេះតទៅ។ សូមបញ្ជាក់ថា ពហុកីឡាដ្ឋានជាតិតេជោមរកត ទទួលបានភាពទាក់ទាញដោយប្រវត្តិស្ថាបត្យកម្មដ៏សំបូរបែបយ៉ាងពិសេស និងតាម បែបប្រពៃណីរបស់ប្រទេសកម្ពុជា។ ពហុកីឡាដ្ឋានតេជោមរកតមានទីតាំងស្ថិតនៅចម្ងាយប្រមាណ១២គីឡូម៉ែត្រ ពី រាជធានីភ្នំពេញ និងស្ថិតនៅចន្លោះរវាងទម្លេសាប និងទន្លេមេគង្គ ដែលអាចផ្តល់ទឹកស្រោចស្រព និងរក្សាបាននូវទី​វាលដ៏ធំហ្វឹងល្វើយ អាចឲ្យរុក្ខជាតិរីកលូតលាស់ និងផ្តល់ខ្យល់ត្រជាក់បរិសុទ្ធក្នុងបរិវេណ នៃពហុកីឡាដ្ឋានដ៏ធំនិងទំ នើបមួយនេះ។ ពហុកីឡាដ្ឋានតេជោមរកតមិនត្រឹមតែបំពាក់បរិក្ខារកីឡា លក្ខណៈស្តង់ដារ និងមានឯកទេសច្បាស់ លាស់នោះទេ ប៉ុន្តែពហុកីឡាដ្ឋាននេះ ក៏នឹងក្លាយទៅជាទីតាំងកីឡាបែបធម្មជាតិមួយ ដែលពោរពេញដោយទេស​ភាព បៃតងស្រស់ និងខ្យល់អាកាសបរិសុទ្ធ ដោយសារតែរុក្ខជាតិនានានឹងគ្រប់ដណ្តប់លើផ្ទៃដី ៧០% នៃផ្ទៃដីទំហំ ៨៥ហិចតា។ នៅក្នុងឱកាសនោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តីបានអញ្ជើញទស្សនា នៅតាមទីតាំងអគារមណ្ឌល កីឡាមួយចំនួនដែលបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ក្នុងនោះរួមមានមណ្ឌលកីឡាក្នុងសាល។មណ្ឌលកីឡាក្នុងសាលគឺជាមណ្ឌលដែលមានភាពរឹងមាំនិងមានភាពល្អឥតខ្ចោះសម្រាប់ការប្រកួតកីឡាក្នុងសាល។មណ្ឌល​កីឡាក្នុងសាលមានផ្ទៃក្រឡាទំហំ៨៤ម៉ែត្រគុណនិង១៣០ម៉ែត្រ កំពស់២២ម៉ែត្រ និងមានពីរបន្ទប់ធំៗ។ ក្នុងនោះ បន្ទប់មួយសម្រាប់ប្រើប្រាស់ធ្វើជាតារាងបាល់បោះ និងបន្ទប់មួយទៀតសម្រាប់ធ្វើជាតារាងកីឡាហ្វូតសាល។ កន្លែង​ទីមួយអាចផ្ទុកអ្នកទស្សនាចំនួន៣ពាន់នាក់ និងកន្លែងទីពីរអាចផ្ទុកអ្នកទស្សនាបាន២ពាន់នាក់។ រាល់សម្ភារៈបរិក្ខារ ត្រូវបានបំពាក់ស្របទៅតាមបទដ្ឋាននៃសហព័ន្ធបាល់បោះអន្តរជាតិ។ ដោយយឡែកមណ្ឌលកីឡាហែលទឹក គឺជាមជ្ឈ មណ្ឌលដ៏ស្រស់ស្អាតមួយ សម្រាប់កីឡាហែលទឹកដ៏ល្អបំផុត ដែលរួមមានកីឡាលោកទឹក កីឡាហែលទឹក និងអាង សម្រាប់ហ្វឹកហាត់។ មណ្ឌលកីឡាហែលទឹកនោះ មានទំហំធំទូលាយក្នុងមានមានទទឹង៨២ម៉ែត្រ បណ្តោយ១៣២ ម៉ែត្រ និងមាន កំពស់៣០ម៉ែត្រ នឹងអាចទទួលភ្ញៀវចូលទស្សនាចំនួន៣ពាន់នាក់ ក្នុងមួយប្រកួតៗ។ ក្នុងមណ្ឌល​ហែលទឹកនោះ មានអាងហែលទឹកចំនួន៣ ក្នុងនោះអាងមួយប្រើសម្រាប់ការហ្វឹកហាត់ មួយទៀតប្រើសម្រាប់ការប្រ កួត និងមួយទៀតប្រើសម្រាប់កីឡាលោតទឹក។ អ្វីគ្រប់យ៉ាងរាប់ចាប់តាំងពីកម្ពស់កន្លែងលោតទឹក រហូតដល់អាង ហែលទឹក គឺត្រូវបានសាងសង់និងថែទាំយ៉ាងយកចិត្តទុកដាក់បំផុត ស្របទៅតាមស្តង់ដារសហព័ន្ធហែលទឹកអន្តរ ជាតិ ពោលគឺមានការរចនាម៉ូដយ៉ាងល្អឥតខ្ចោះ រួមជាមួយ នឹងការប្រើប្រាស់បច្ចេកវិទ្យាទំនើបផងនោះ អត្តពលិក កម្ពុជានឹងមានកន្លែងល្អប្រសើរជាងសម្រាប់ធ្វើការហ្វឹកហាត់បង្កើនសមត្ថ ភាព។ សូមបញ្ជាក់ដែរថា នេះមិនមែនជា​ភាពចៃដន្យនោះទេ គឺជាសមិទ្ធផលពិតដែលប្រសូត្រចេញពីកិច្ចខិតខំប្រឹងប្រែងដោយផ្ទាល់ ពីសមណាក់សម្តេច តេ​ជោនាយករដ្ឋមន្រ្តី ក្នុងការកៀងគររកប្រភពជំនួយគ្រប់បែបយ៉ាង ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបម្រើឲ្យវិស័យ​កីឡា របស់ព្រះ រាជាណាចក្រកម្ពុជាឲ្យកាន់តែមានភាពរីកចម្រើន និងមានភាពប្រកួតប្រជែងជាមួយបណ្តាប្រទេស ក្នុងតំបន់ និងអន្តរជាតិ ពិសេសការប្រកួតដណ្តើមភាពឈ្នះនៅលើឆាកអន្តរជាតិ។